អ្នកជំនាញយល់ថា ថៃគ្មានសិទ្ធិមកហាមកម្ពុជា មិនឱ្យលើកបញ្ហាព្រំដែននៅកិច្ចប្រជុំហ្វ្រង់កូហ្វូនីនោះទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញយល់ថា ថៃគ្មានសិទ្ធិមកហាមកម្ពុជា មិនឱ្យលើកបញ្ហាព្រំដែននៅកិច្ចប្រជុំហ្វ្រង់កូហ្វូនីនោះទេ

អ្នកជំនាញយល់ថា ថៃគ្មានសិទ្ធិមកហាមកម្ពុជា មិនឱ្យលើកបញ្ហាព្រំដែននៅកិច្ចប្រជុំហ្វ្រង់កូហ្វូនីនោះទេ

លោក ស៊ីហាសាក់ ភូកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បាននិយាយកាលពីថ្ងៃអង្គារ៍ ទី១០ ខែវិច្ឆិកាថា កម្ពុជាគួរជៀសវាងការលើកយកជម្លោះព្រំដែនជាមួយប្រទេសថៃ មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនៅទីក្រុងភ្នំពេញចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។បើតាមលោករដ្ឋមន្រ្តីការបរទេសថៃ  គឺប្រទេសថៃនឹងចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍នៅក្នុងកិច្ចប្រជុំកំពូលនេះ ដែលរៀបចំឡើងដោយប្រទេសកម្ពុជា ក្រោមក្របខ័ណ្ឌនៃអង្គការអន្តរជាតិ Francophonie (OIF)។

ប្រទេសថៃបានចូលរួមជាអ្នកសង្កេតការណ៍កាលពីឆ្នាំ ២០០៨ ទោះបីជាភាសាបារាំងមិនមែនជាភាសាបរទេសចម្បងនៅក្នុងប្រទេសនេះក៏ដោយ។

តបត្រឡប់ទៅរកលើកឡើងរបស់លោក ភូកេតកែវ ខាងលើ ,អ្នកជំនាញកម្ពុជាបានពន្យល់ថា ថៃគ្មានគ្មានសិទ្ធិមកហាមកម្ពុជាមិនឱ្យលើកបញ្ហាព្រំដែននៅកិច្ចប្រជុំហ្វ្រង់កូហ្វូនីនោះទេ។

លោក ឱក សេរីសោភក្ដិ៍ អ្នកឯកទេសផ្នែកអភិបាលកិច្ច និងជាសមាជិកក្រុមប្រឹក្សានៃអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា ការដែលថៃហ៊ានមកប្រាប់ម្ចាស់ផ្ទះថា មិនឱ្យធ្វើនេះ មិនឱ្យធ្វើនោះ គឺជារឿងមួយដែលមិនគួរឱ្យជឿ។ លោកក៏បានចោទជាសំណួរថា តើថៃមានសិទ្ធិអ្វីមកកំណត់លើកម្ពុជាបែបនេះ ខណៈថៃថែមទាំងបញ្ជូនអ្នកសង្កេតការណ៍មកតាមដានទៀតផង។
លោកបន្តថា កម្ពុជាមានរបៀបវារៈ និងទម្រង់ការទូតជាន់ខ្ពស់ក្នុងការលើកឡើងពីបញ្ហានេះ ដោយមិនប្រើពាក្យសម្ដីមិនសមរម្យដូចភាគីថៃឡើយ។​

ចំណែកលោក បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា បើភាគីថៃ មិនចង់ឱ្យកម្ពុជាលើកយកបញ្ហាជម្លោះព្រំដែនទៅជជែកនៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃខាងមុខ ភាគីថៃក៏គួរតែដកកងទ័ពរបស់ខ្លួនចាកចេញពីទឹកដីប្រទេសកម្ពុជាដែលខ្លួនឈ្លានពានកាន់កាប់ដោយខុសច្បាប់។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា យល់ឃើញថា រដ្ឋាភិបាលថៃកំពុងព្យាយាមយ៉ាងខ្លាំងមិនឱ្យមានការលើកយកបញ្ហាព្រំដែនជាមួយកម្ពុជាទៅពិភាក្សានៅក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី ដោយ​សារពួកគេបារម្ភថា ការលើករឿងនេះនៅលើឆាកអន្តរជាតិ អាចធ្វើឱ្យថៃប្រឈមនឹងការរិះគន់ខ្លាំង។

លោក ឆាំង យុ បានលើកឡើងថា  ការខិតខំរបស់រដ្ឋាភិបាលថៃ ក្នុងការរារាំងមិនឱ្យជម្លោះព្រំដែនជាមួយកម្ពុជា ក្លាយជាបញ្ហាអន្តរជាតិ បានបង្ហាញពីភាពទន់ខ្សោយក្នុងការដោះស្រាយបញ្ហានេះ ហើយក៏ឆ្លុះបញ្ចាំងពីវិបត្តិអត្តសញ្ញាណដែលថៃកំពុងប្រឈមមុខផងដែរ។

លោក ឆាំង យុ រំលឹកថា កាលពីសតវត្សរ៍ទី១៩ ថៃធ្លាប់បានកាន់កាប់ទឹកដីមួយចំនួនរបស់កម្ពុជា រហូតដល់មានការជ្រៀតជ្រែកពីរដ្ឋាភិបាលបារាំង និងកម្ពុជានៅពេលនោះ ដែលធ្វើឱ្យថៃត្រូវដកថយវិញ។ ក្រោយមក នៅពេលសង្គ្រាមលោកលើកទី២ផ្ទុះឡើង ថៃក៏បានចូលកាន់កាប់ទឹកដីទាំងនោះជាថ្មីម្តងទៀត រហូតដល់មានការបណ្តេញចេញដោយកងកម្លាំងអាម៉េរិក។

លោក ឆាំង យុ បន្ថែមថា ដោយឡែក ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ យោធាថៃបានធ្វើសកម្មភាពជាបន្តបន្ទាប់នៅតាមព្រំដែន ដែលបង្កការរំខាន និងការគំរាមកំហែងនៅតំបន់ដែលកម្ពុជាគ្រប់គ្រង។ មិនតែប៉ុណ្ណោះ នៅពេលមានសេចក្តីសម្រេចពីតុលាការយុត្តិធម៌អន្តរជាតិ ពាក់ព័ន្ធនឹងតំបន់ជាក់លាក់តាមព្រំដែន ដូចជាករណីប្រាសាទព្រះវិហារជាដើម ថៃមិនបានគោរពតាមច្បាប់អន្តរជាតិទាំងស្រុងនោះដែរ៕
 
ដោយ៖សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា