សម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៧ នៅប្រទេស​ហ្វីលីពីន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៧ នៅប្រទេស​ហ្វីលីពីន

សម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៧ នៅប្រទេស​ហ្វីលីពីន

កណ្តាល៖ កាលពព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចាកចេញពីអាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ឆ្ពោះទៅកាន់ទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦។

ដំណើរអញ្ជើញចូលរួមនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ហ្វូស្ទីណូ បូជី ឌី ទី៣ (Faustino Bojie De Guzman Dy III) ប្រធានរដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាយប៉ាលើកទី៤៧។

មហាសន្និបាតអាយប៉ាលើកទី៤៧ ដែលសភាហ្វីលីពីនធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ ប្រារព្ធឡើងក្រោមមូលបទ «សភាធានាឱ្យ​បាននូវអាស៊ានមានសន្តិភាព វិបុលភាពដោយយកប្រជាជនជាស្នូល»។ តាមកម្មវិធីគ្រោងទុកសម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗរួមមាន៖កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ៖ ដើម្បីអនុម័តរបៀបវារៈ ដំណើរការនៃមហាសន្និបាត និងផែនការសកម្មភាពសំខាន់ៗរបស់អាយប៉ានាពេលអនាគត។​វេទិកាអ្នកនយោបាយ​ស្ត្រីលើកទី៣ដោយអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ដើម្បីលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យនយោបាយ និងការដឹកនាំ។
កិច្ចប្រជុំពេញអង្គលើកទី១ដោយ អញ្ជើញថ្លែងបទអន្តរាគមន៍ បង្ហាញពីទស្សនវិស័យ និងការប្តេជ្ញាចិត្តរបស់​សភាកម្ពុជាក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់។

នៅប្រទេសហ្វីលីពីនដដែល សម្តេចប្រធានរដ្ឋសភា សមាជិក-សមាជិកាគណៈប្រតិភូសភាកម្ពុជា ក៏នឹងចូលរួម​កិច្ចប្រជុំ​តាមគណៈកម្មាធិការជំនាញនានារបស់អាយប៉ា ដូចជា គណៈកម្មាធិការស្ត្រី (WAIPA) សមាជិកសភាវ័យក្មេង (YPA) គណៈកម្មាធិការនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច គណៈកម្មាធិការរៀបចំ គណៈកម្មាធិការបូកសរុប ព្រមទាំងកិច្ចសន្ទនា​ជាមួយសភាសង្កេតការណ៍អាយប៉ាប្រមាណ ១៨ប្រទេសទៀត។

ក្រៅពីកិច្ចប្រជុំផ្លូវការនៃមហាសន្និបាត សម្តេចរដ្ឋសភាធិបតី ក៏គ្រោងនឹងជួបពិភាក្សាការងារទ្វេភាគីជាមួយថ្នាក់ដឹកនាំ​គណៈប្រតិភូសភាបណ្តាប្រទេសជាមិត្ត សភាសង្កេតការណ៍ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពង្រឹងចំណងមិត្តភាព និងពង្រីក​កិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយ ដោយតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋ​ជាអាទិភាព។

គួររំលឹកថាអាយប៉ា គឺ ជាវេទិកាតំបន់របស់សភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានប្រទេសសមាជិកចំនួន១០ រួមមាន ព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
អាយប៉ា តែងជួបប្រជុំគ្នាជា​រៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា ការដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធីផ្អែក​លើច្បាប់ និងរួមចំណែក​ជាមួយស្ថាប័ននីតិប្រតិបត្តិអាស៊ាន ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ាន​ឆ្នាំ២០៤៥ ប្រកបដោយចីរភាព និងបរិយាបន្ន៕


អត្ថបទ៖ វណ្ណលុក
រូបភាព៖ ហេង សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា