ជប៉ុនផ្តល់ជំនួយជាង ២០ម៉ឺនដុល្លារ ដល់វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុនផ្តល់ជំនួយជាង ២០ម៉ឺនដុល្លារ ដល់វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ជប៉ុនផ្តល់ជំនួយជាង ២០ម៉ឺនដុល្លារ ដល់វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ស្ថានទូតជប៉ុនប្រកាសផ្តល់ជំនួយជាង២០ម៉ឺនដុល្លារដល់វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដើម្បីសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតំឡើងឧបករណ៍ នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង។

កិច្ចសន្យាផ្តល់ជំនួយមួយត្រូវបានចុះហត្ថលេខារវាងឯកឧត្តម អ៊ីស៊ីហ្សុគិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង នូវថវិកា ២០ម៉ឺន ៤ពាន់ដុល្លារ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្ថានទូតជប៉ុន។ នេះគឺជាជំនួយឥតសំណងសម្រាប់គម្រោងថ្នាក់មូលដ្ឋាន (គូសាណូណិ) សម្រាប់សាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតំឡើងឧបករណ៍ នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង រួមមានបន្ទប់រៀនចំនួន៤ និងការតម្លើងឧបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន៤៩ មុខ សម្រាប់ដេប៉ាតឺម៉ង់កែច្នៃ និងវិភាគចំណីអាហារ នៅវិទ្យា ស្ថានជាតិវិជ្ជាជីវៈបាត់ដំបង។

លោក ថង សាម៉ុន អគ្គនាយករងអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងសន្តិសុខមនុស្សជាតិដល់កម្ពុជា។

លោកមានប្រសាសន៍ថា វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្តេជ្ញាចិត្ត ក្នុងការគ្រប់គ្រង ថែទាំ និងប្រើប្រាស់អគារ ព្រមទាំងសម្ភារបរិក្ខារដែលទទួលបានពីគម្រោងនេះ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងចីរភាពខ្ពស់បំផុត ដើម្បីផ្តល់ផលប្រយោជន៍ជាអតិបរមាជូនដល់សិក្ខាកាម និង សហគមន៍ក្នុងរយៈពេលវែង។

លោកបន្តថា បរិក្ខារ និងឧបករណ៍ទាំងនេះនឹងជួយឱ្យសិស្សទទួលបានជំនាញជាក់ស្តែង ដែលចាំបាច់ក្នុងការងារ ព្រមទាំងរួមចំណែកក្នុងការធ្វើសមាហរណកម្មពលករចំណាកស្រុកដែលត្រឡប់មកវិញ ឱ្យចូលទៅក្នុង សង្គមកម្ពុជា បន្ទាប់ពីជម្លោះព្រំដែន និងគាំទ្រដល់ការអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅក្នុងតំបន់។

ឯកឧត្តម អ៊ីស៊ីហ្សុគិ ឯកអគ្គរាជទូតជប៉ុន សង្ឃឹមថា ជំនួយដែលរដ្ឋាភិបាលជប៉ុនផ្តល់ជូននេះ នឹងធ្វើឲ្យខេត្តបាត់ដំបង និងតំបន់ជុំវិញ បង្កើតឱកាសកាន់តែច្រើនដល់យុវជន និងពលករចំណាកស្រុក ដែលវិលត្រឡប់មកវិញ ក្នុងការទទួលបានជំនាញជាក់ស្តែង ពង្រីកឱកាសការងារ និងជួយសម្រួលដល់ការធ្វើសមាហរកម្មពួកគេឱ្យចូលទៅក្នុងសង្គមកម្ពុជាវិញ។ ឯកឧត្តមមានប្រសាសន៍ថា គម្រោងនេះនឹងចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស ដែលមានជំនាញក្នុងវិស័យកែច្នៃចំណីអាហារ និងជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម បន្ថែមថា គម្រោងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ក្នុងរយៈពេល៣៥ឆ្នាំមកនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៧៣លាន ដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណ៌ ជាង៧០០គម្រោង នៅទូទាំងប្រទេសកម្ពុជា៕

អត្ថបទ៖វណ្ណា
រូបភាព៖ សួង ពិសិដ្ឋ

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា