កម្ពុជា-ថៃ ត្រៀមជួបគ្នាលើកទី៣ នៅទីក្រុងគូឡាឡាំពួ ក្រោមយន្តការផ្សះផ្សារបស់ UNCLOS | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ថៃ ត្រៀមជួបគ្នាលើកទី៣ នៅទីក្រុងគូឡាឡាំពួ ក្រោមយន្តការផ្សះផ្សារបស់ UNCLOS

កម្ពុជា-ថៃ ត្រៀមជួបគ្នាលើកទី៣ នៅទីក្រុងគូឡាឡាំពួ ក្រោមយន្តការផ្សះផ្សារបស់ UNCLOS

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបានបញ្ជាក់ពីការត្រៀមខ្លួនចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ីដោយឈរលើ ស្មារតីសុចរិតភាព កិច្ចសហប្រតិបត្តិការ និងការគោរព គ្នាទៅវិញទៅមក ដើម្បីបន្តអនុវត្តវិធានការកសាងទំនុក​ចិត្តដែល​បានព្រមព្រៀងគ្នាកាលពីកិច្ចប្រជុំលើកចុង ក្រោយនៅទីក្រុងឡាអេ។

គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើង ក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជា ជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) នឹងរៀបចំកិច្ចប្រជុំ លើកទី៣ ជាមួយកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បាន ប្រកាស ជាផ្លូវការ និងក្រសួងការបរទេសកម្ពុជាបាន គូស បញ្ជាក់កាលពីរាត្រីថ្ងៃពុធ ទី១៨ ខែវិច្ឆិកា។

កិច្ចប្រជុំនេះត្រូវបានចាត់ទុកថា ជាជំហានវិជ្ជមានមួយ​ទៀត នៅក្នុងដំណើរការដោះស្រាយវិវាទលើដែន​សមុទ្រដោយសន្តិវិធី ដែលផ្តួចផ្តើម​ឡើងដោយកម្ពុជា។ ផ្អែកលើលទ្ធផលនៃកិច្ចប្រជុំលើកមុន គណៈកម្មការ និងភាគីទាំងពីរនឹងបន្តពិភាក្សាលើការកំណត់ព្រំដែនសមុទ្រ ដោយផ្តោតសំខាន់លើទិដ្ឋភាពបច្ចេកទេស ព្រមទាំង​ផ្តល់ឱកាសដើម្បីស្វែងរកចំណុចរួម និងការឯកភាពគ្នា​បន្ថែមទៀត។

សម្រាប់ដំណើរការចូលរួម គណៈប្រតិភូកម្ពុជានឹងដឹកនាំ​ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និងសហ​ប្រតិ​បត្តិការអន្តរជាតិ ជាតំណាង​រាជរដ្ឋាភិបាល រួមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធានក្រុមចរចា និងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋាន​កិច្ចការព្រំដែន ជាតំណាងរងរបស់រាជរដ្ឋាភិបាល ដោយ​មានប្រតិភូកម្ពុជា និង​ក្រុមការងារផ្នែកច្បាប់អមដំណើរ​ផងដែរ។

តាមរយៈដំណើរការផ្សះផ្សានេះ កម្ពុជាមានគោល​បំណង​​ឈានទៅដល់ការចុះសន្ធិសញ្ញាជា​មួយ​ប្រទេសថៃ ដើម្បីកំណត់ព្រំដែនសមុទ្រ​តែមួយសម្រាប់​គ្រប់គោលបំណងរវាងរដ្ឋទាំងពីរ ឬឈានទៅរកកិច្ចព្រម​ព្រៀង​ស្តីពីការអភិវឌ្ឍរួម និងការបែងចែកធនធាន​ដោយ​សមធម៌ ក្នុងអំឡុងពេលរង់ចាំការព្រមព្រៀងជា​ស្ថាពរលើព្រំដែនសមុទ្រ។ ក្នុងករណីដែលជម្រើសទាំងនេះមិនអាចសម្រេចបាន កម្ពុជានឹងស្នើសុំ​ឱ្យគណៈកម្មការរៀបចំអនុសាសន៍ ដែលអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចរចានៅពេលអនាគត ដោយអនុលោមតាមកាតព្វកិច្ច​ក្រោម​អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។

សូមជម្រាបថា គណៈកម្មការផ្សះផ្សាដែលត្រូវបាន​បង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការ​សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានរៀប​ចំកិច្ចប្រជុំចំនួនពីរលើករួចមកហើយជាមួយភាគីទាំងពីរ ដោយកិច្ចប្រជុំលើកទី១ បានធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា នៅប្រទេសសិង្ហបុរី និងកិច្ច​ប្រជុំលើកទី២ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា នៅទីក្រុងឡាអេ ប្រទេសហូឡង់។ ក្នុងកិច្ចប្រជុំលើកទី២ ភាគីទាំងពីរបានបញ្ចប់ការរៀបចំវិធានការកសាងទំនុកចិត្តមួយចំនួន ៕
 
ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា