គណៈរដ្ឋមន្ត្រីបើកកិច្ចប្រជុំពេញអង្គដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន ៣ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គណៈរដ្ឋមន្ត្រីបើកកិច្ចប្រជុំពេញអង្គដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន ៣

គណៈរដ្ឋមន្ត្រីបើកកិច្ចប្រជុំពេញអង្គដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន ៣

ភ្នំពេញ:នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំ​កិច្ចប្រជុំពេញ​អង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៣ដែលទាក់ទងនឹងវិស័យសេដ្ឋកិច្ច។

របៀបវារៈចំនួន ៣រួមមាន៖១- សេចក្តីព្រាងរបាយការណ៍​វឌ្ឍនភាពការងារ ស្តីពីការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ។
សូមជម្រាបថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៦ ការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ សម្រេចបាន ១៧៣ វិធានការ ស្មើនឹង ៩៦,៦% នៃវិធានការសរុប ១៧៩ វិធានការ ខណៈ ៦ វិធានការ ស្មើនឹង ៣,៤% កំពុងបន្តអនុវត្ត ។ សេចក្តីព្រាងរបាយការណ៍នេះ ត្រូវបានពិនិត្យពិភាក្សា នៅថ្នាក់បច្ចេកទេស និងកិច្ចប្រជុំអន្តរក្រសួង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

២- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ កិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិន​ប្រើ​ក្រដាស​ស្នាម ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានពិនិត្យ និងពិភាក្សាក្នុងកិច្ចប្រជុំអន្តរក្រសួង នៅទីស្តីការគណៈ​រដ្ឋមន្ត្រី កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ មុនបញ្ជូនមកកាន់ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ។ គោលបំណងសំខាន់ៗនៃសេចក្តីព្រាងច្បាប់នេះ គឺដើម្បីជំរុញការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនតាមប្រព័ន្ធឌីជីថល និងអេឡិចត្រូនិក ដោយកាត់បន្ថយការប្រើប្រាស់ឯកសារក្រដាសស្នាម, បង្កើនល្បឿន តម្លាភាព និងប្រសិទ្ធភាព នៃការបំពេញបែបបទគយ និងនីតិវិធីនាំចេញ-នាំចូល, កាត់បន្ថយពេលវេលា និងចំណាយ​ប្រតិបត្តិការសម្រាប់ធុរជន និងវិស័យឯកជនក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងពង្រឹងការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) របស់កម្ពុជា ជាមួយបណ្តាប្រទេសជាសមាជិកដទៃទៀត ។

ចំណែករបៀបវារៈទី៣ គឺសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារដំឡើងកម្រិត កិច្ចព្រមព្រៀងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិ​ការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀត ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន ។

សូមជម្រាបថា ពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀត ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាងអាស៊ាន និងចិន ត្រូវបានមេដឹកនាំចិន និងអាស៊ាន បានចុះហត្ថលេខាជាផ្លូវការ ក្នុងអំឡុងកិច្ច​ប្រជុំកំពូល អាស៊ាន-ចិន លើកទី២៨ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ ពិធីសារនេះ គ្រប់ដណ្តប់​លើវិស័យសំខាន់ៗចំនួន ៩ រួមមាន៖ សេដ្ឋកិច្ចឌីជីថល, សេដ្ឋកិច្ចបៃតង, ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់, ស្តង់ដារ និងបទប្បញ្ញត្តិ​បច្ចេកទេស និងនីតិវិធីវាយតម្លៃការអនុលោម, វិធានការអនាម័យ និងភូតគាមអនាម័យ, នីតិវិធីគយ និងការសម្របសម្រួលពាណិជ្ជកម្ម, ការប្រកួតប្រជែង និងការការពារអ្នកប្រើប្រាស់, សហគ្រាសខ្នាតតូច និង មធ្យម, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកវិទ្យា ។

សម្រាប់កម្ពុជា កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង មានភាពទាក់ទាញខ្លាំងណាស់ ។ ការអភិវឌ្ឍសេដ្ឋកិច្ច​ឌីជីថល នឹងជួយលើកកម្ពស់តួនាទី របស់កម្ពុជា​ ក្នុងផែនសេដ្ឋកិច្ចឌីជីថលជាសកល លើកកម្ពស់កំណើនយ៉ាងឆាប់រហ័ស នៃពាណិជ្ជកម្ម​អេឡិចត្រូនិក ការទូទាត់ឌីជីថល និងវិស័យផ្សេងៗទៀត ។ ពិធីសារនេះ ក៏នឹងផ្តល់ការយកចិត្តទុកដាក់ និងការគាំទ្រចំពោះសហគ្រារតូច និងមធ្យម ដែលឆ្លុះបញ្ចាំង ពីការរួមបញ្ចូលគ្នានៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន។ សហគ្រាសតូច និងមធ្យម គឺជាផ្នែកសំខាន់នៃ​សេដ្ឋកិច្ចកម្ពុជា ហើយការអភិវឌ្ឍសហគ្រារតូច និងមធ្យម មានសារៈសំខាន់ណាស់ក្នុងការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងការលើក​កម្ពស់សមធម៌សង្គម ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា