កម្ពុជា បន្តលាតត្រដាងពុតត្បុតថៃ ដែលបន្តកាន់កាប់ទឹកដីកម្ពុជា និងរារាំងការបោះបង្គោលព្រំដែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា បន្តលាតត្រដាងពុតត្បុតថៃ ដែលបន្តកាន់កាប់ទឹកដីកម្ពុជា និងរារាំងការបោះបង្គោលព្រំដែន

កម្ពុជា បន្តលាតត្រដាងពុតត្បុតថៃ ដែលបន្តកាន់កាប់ទឹកដីកម្ពុជា និងរារាំងការបោះបង្គោលព្រំដែន

កម្ពុជា បន្តលាតត្រដាងលើវេទិកាអន្តរជាតិថា ភាគីថៃនៅតែបន្តរក្សាកងកម្លាំងយោធានៅលើផ្នែកខ្លះនៃទឹកដីអធិបតេយ្យរបស់កម្ពុជា រារាំងការងារបោះបង្គោលព្រំដែន និងបង្កឧបសគ្គដល់ពលរដ្ឋភៀសសឹកកម្ពុជាជាង ២ម៉ឺននាក់ មិនឱ្យវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។
 
ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃសភាប្រើភាសាបារាំង (APF) បានថ្លែងដូច្នេះ នៅឯមហាសន្និបាតតំបន់អឺរ៉ុប លើកទី៣៨ នៃសភាប្រើភាសាបារាំង ដែលធ្វើឡើងនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «តម្លៃអឺរ៉ុបជាខែលការពារ ក្នុងពិភពលោកកំពុងរងវិបត្តិ»។
 
ក្នុងឱកាសនោះ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ជូនអង្គប្រជុំអំពីស្ថានភាពជាក់ស្តែងនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសវិវាទព្រំដែនកម្ពុជា-ថៃ ដែលស្ថានភាពនៅតែផុយស្រួយដដែល មិនទាន់មានការប្រែប្រួលល្អប្រសើរនៅឡើយ ចាប់តាំងពីខែកក្កដា​ ឆ្នាំ២០២៥មក។
 
ជាមួយគ្នានេះ ព្រឹទ្ធសភាកម្ពុជា ក៏បានលាតត្រដាងផងដែរថា កិច្ចព្រមព្រៀងជាបន្តបន្ទាប់ដែលមានគោលបំណងបញ្ចប់អរិភាព និងដោះស្រាយវិវាទដោយសន្តិវិធីរវាងកម្ពុជា និងថៃ ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់នៅទីក្រុងពូត្រាចាយ៉ា ខែកក្កដា ឆ្នាំ២០២៥ កិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតែមិនទាន់ត្រូវបានអនុវត្តយ៉ាងពេញលេញនៅឡើយទេ។
 
ផ្ទុយទៅវិញ សកម្មភាពយោធា និងរដ្ឋបាលរបស់ភាគីថៃ នៅតែបន្តកើតមាននៅលើទីតាំងជាក់ស្តែង តាមរយៈការបន្តរក្សាកងកម្លាំងយោធាលើទឹកដីអធិបតេយ្យរបស់កម្ពុជា ក៏ដូចជា នៅក្នុងតំបន់វិវាទមួយចំនួនការរារាំងដល់ការអនុវត្តការងាររួមគ្នាក្នុងការកំណត់ និងបោះបង្គោលព្រំដែន ព្រមទាំងការបង្កឧបសគ្គដល់ការវិលត្រឡប់ទៅកាន់លំនៅឋានរបស់ប្រជាពលរដ្ឋកម្ពុជា ជាង ២ម៉ឺននាក់ ដែលបានភៀសខ្លួនចេញពីលំនៅឋានរបស់ខ្លួន។
 
ឯកឧត្តម អ៊ុច បូររិទ្ធ បានបន្ថែមថា អង្គហេតុទាំងនេះត្រូវបានរាយការណ៍ និងចងក្រងជាឯកសារដោយប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសង្កេតការណ៍អន្តរជាតិដែលស្នេហាសន្តិភាព និងយុត្តិធម៌ ផងដែរ។ ប៉ុន្តែ ជាការសោកស្តាយដែលការពិតទាំងនេះបានក្លាយជាកម្មវត្ថុនៃការគំរាមកំហែងពីភាគីម្ខាងទៀត ដោយទាមទារមិនឱ្យកម្ពុជាលើកយកបញ្ហាទាំងនេះមកនិយាយនៅលើឆាកអន្តរជាតិ ក្រោមលេសថាជាបញ្ហាទ្វេភាគី។
 
ឆ្លើយតបទៅនឹងការគំរាមកំហែងនេះ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ការជម្រាបជូនសហគមន៍អន្តរជាតិអំពីការវិវត្តនៃស្ថានភាពដែលប៉ះពាល់ដោយផ្ទាល់ដល់សន្តិភាព ស្ថិរភាពតំបន់ និងច្បាប់អន្តរជាតិ គឺជាការអនុវត្តសិទ្ធិអធិបតេយ្យរបស់កម្ពុជា មិនមែនជាការបង្កភាពតានតឹងឡើយ។
 
ឯកឧត្តមបញ្ជាក់ថា ការកសាងទំនុកចិត្តពិតប្រាកដ ត្រូវផ្អែកលើតម្លាភាព ការគោរពគ្នាទៅវិញទៅមក និងឆន្ទៈស្មោះត្រង់ក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ​ហើយ​ភាគីថៃត្រូវដកកងកម្លាំងយោធារបស់ខ្លួនចេញពីទឹកដីកម្ពុជា និងចាប់ផ្តើមកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនឡើងវិញជាបន្ទាន់៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា