គម្រោងកែលម្អមាត់ស្ទឹងសៀមរាបសម្រេចបានប្រមាណ៩០% ត្រៀមបើកឱ្យកម្សាន្តមុនបុណ្យអុំទូក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោងកែលម្អមាត់ស្ទឹងសៀមរាបសម្រេចបានប្រមាណ៩០% ត្រៀមបើកឱ្យកម្សាន្តមុនបុណ្យអុំទូក

គម្រោងកែលម្អមាត់ស្ទឹងសៀមរាបសម្រេចបានប្រមាណ៩០% ត្រៀមបើកឱ្យកម្សាន្តមុនបុណ្យអុំទូក

គម្រោងកែលម្អមាត់ស្ទឹងសៀមរាបឱ្យកាន់តែមានភាពបៃតង និងស្រស់ស្អាត សម្រេចបានប្រមាណ ៩០ភាគរយហើយ។ គម្រោងនេះគ្រោងនឹងបើកឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្តនៅថ្ងៃទី២២ ខែវិច្ឆិកា ពោលគឺមុនពិធីបុណ្យអុំទូកចាប់ផ្តើមមួយថ្ងៃ។ ក្នុងអំឡុងពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃ ខេត្តសៀមរាបគ្រោងរៀបចំពិធីប្រណាំងទូក និងកម្មវិធីកម្សាន្តជាច្រើនទៀតផងដែរ។
 
គម្រោងកែលម្អមាត់ស្ទឹងប្រកបដោយភាពបៃតងនេះ ធ្វើឡើងក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារ JICA និងអង្គភាពពាក់ព័ន្ធនានា។ ការកែលម្អនេះមានប្រវែង ១០០ម៉ែត្រ ដោយចាប់ផ្តើមពីគល់ស្ពានព្រះរាជដំណាក់ ឆ្ពោះទៅទិសខាងត្បូង។
 
លោក យូមិតា កាស៊ីអូ អ្នកជំនាញរបស់ JICA បានឱ្យដឹងថា ការកែលម្អតំបន់មាត់ស្ទឹងនេះ រួមមាន ការរៀបចំសួន ដាំផ្កា បំពាក់ភ្លើងលម្អ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ក្រៅពីនេះ ក៏មានកន្លែងថតរូប កន្លែងអង្គុយលេង និងទីតាំងសម្រាប់ប្រជាពលរដ្ឋសម្រាកលម្ហែកម្សាន្តផងដែរ។
 
លោកបានបញ្ជាក់ថា គម្រោងនេះជាផ្នែកមួយនៃការអនុវត្តគំនិតទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហានានាក្នុងក្រុងសៀមរាប និងជំរុញឱ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ងាកមកដើរលេងតាមដងផ្លូវ និងតំបន់សាធារណៈក្នុងក្រុងកាន់តែច្រើន។
 
លោកបន្តថា នេះជាគម្រោងទី២ ដែលផ្តោតលើការលើកកម្ពស់ការធ្វើដំណើរដោយថ្មើរជើង។ ក្នុងដំណាក់កាលទី២នេះ មានគម្រោងធំៗចំនួន ៨ នៅទូទាំងខេត្តសៀមរាប។ សម្រាប់ជំហានបន្ទាប់ គេគ្រោងនឹងពង្រីកការកែលម្អពីតំបន់សាលាខេត្ត និងសង្កាត់ រហូតដល់តំបន់ផាប់ស្ទ្រីត ដើម្បីបង្កភាពងាយស្រួលដល់ការដើរកម្សាន្ត និងទាក់ទាញភ្ញៀវទេសចរឱ្យមកលេងក្នុងតំបន់ទាំងនេះកាន់តែច្រើន។
 
លោក យូមិតា កាស៊ីអូ រំពឹងថា គម្រោងនេះនឹងជួយលើកកម្ពស់សោភ័ណភាព និងបង្កើនភាពទាក់ទាញនៅតាមដងស្ទឹងសៀមរាបបន្ថែមទៀត៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា