ចំណតផែរណបពហុបំណង UM2 នៅខេត្តត្បូងឃ្មុំ បន្តអភិវឌ្ឍន៍សមត្ថភាពដឹកជញ្ជូនទំនិញធន់ធ្ងន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចំណតផែរណបពហុបំណង UM2 នៅខេត្តត្បូងឃ្មុំ បន្តអភិវឌ្ឍន៍សមត្ថភាពដឹកជញ្ជូនទំនិញធន់ធ្ងន់

ចំណតផែរណបពហុបំណង UM2 នៅខេត្តត្បូងឃ្មុំ បន្តអភិវឌ្ឍន៍សមត្ថភាពដឹកជញ្ជូនទំនិញធន់ធ្ងន់

ចំណតផែរណបពហុបំណង UM2 របស់កំពង់ផែស្វយ័តភ្នំពេញ មានទីតាំងស្ថិតនៅភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបន្តអភិវឌ្ឍន៍ជំហានទី២របស់ខ្លួន ដើម្បីបង្កើនសមត្ថភាពលើកដាក់ទំនិញ ទម្ងន់បានរហូតជាង ២០០តោន។ ការអភិវឌ្ឍសមត្ថភាពនេះ គឺដើម្បីគាំទ្រដល់គម្រោងធំៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏មានការដឹកជញ្ជូនកង្ហារយក្សផលិតថាមពលអគ្គិសនី ប្រវែងជិត ៩០ម៉ែត្រ ដែលជាគម្រោងផលិតអគ្គិសនីថាមពលស្អាត នៅខេត្តមណ្ឌលគិរីផងដែរ។

ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ បុគ្គលិកបច្ចេកទេស និងមានការចូលរួមពីមន្ត្រីក្រសួងរ៉ែ និងថាមពល ចុះបំពេញទស្សនកិច្ចពិនិត្យអំពីវឌ្ឍនភាព នៃការអភិវឌ្ឍចំណតផែរណបពហុបំណង UM2 នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ មានប្រសាសន៍ថា ជំហានទី២ បានចាប់ផ្តើមអភិវឌ្ឍន៍បង្កើនសមត្ថភាព អស់រយៈពេល ៩ខែកន្លងមកហើយ ខណៈជំហានទី១​ បានសម្ភោធដាក់ឱ្យប្រើប្រាស់ កាលពីឆ្នាំ២០២៤ ។
ឯកឧត្តមបញ្ជាក់ថា ជំហានទី២នេះ គឺជាជំហានបន្ថែមសម្រាប់ការដឹកជញ្ជូនទំនិញធន់ធ្ងន់។

សូមបញ្ជាក់ថា ចំណតផែរណបពហុបំណង UM2 ជាផែរណបស្ថិតក្រោមការគ្រប់គ្រងរបស់កំពង់ផែស្វយ័តភ្នំពេញ នៅតាមដងទន្លេមេគង្គលើ ។ វាគឺជាចំណតផែទំនិញចម្រុះ អាចតភ្ជាប់តាមផ្លូវជាតិលេខ ៧ស្ថិតលើផ្ទៃដីប្រមាណ ៧ ហិកតា មានសមត្ថភាព ផ្ទុកកុងតឺន័រ ប្រមាណ ៧ម៉ឺន TEUs ក្នុងមួយឆ្នាំ។
 
ចំពោះជម្រៅទឹក មានប្រមាណ ៤,៥ ម៉ែត្រ ក្នុងរដូវប្រាំង ដែលអាចឱ្យនាវាចំណុះពី ២ពាន់ ទៅ៣ពាន់តោនចូលចតបាន។ នាពេលខាងមុខ ចំណតផែរណបពហុបំណង UM2 នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលអភិវឌ្ឍន៍លើវិស័យដឹកជញ្ជូន និងគម្រោងធំៗជាច្រើននៅកម្ពុជា ៕
 
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា