គណៈប្រតិភូសភាកម្ពុជា និវត្តន៍ដល់មាតុភូមិវិញ បន្ទាប់ពីបញ្ចប់បេសកកម្មការទូតសភាដោយជោគជ័យនៅហ្វីលីពីន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គណៈប្រតិភូសភាកម្ពុជា និវត្តន៍ដល់មាតុភូមិវិញ បន្ទាប់ពីបញ្ចប់បេសកកម្មការទូតសភាដោយជោគជ័យនៅហ្វីលីពីន

គណៈប្រតិភូសភាកម្ពុជា និវត្តន៍ដល់មាតុភូមិវិញ បន្ទាប់ពីបញ្ចប់បេសកកម្មការទូតសភាដោយជោគជ័យនៅហ្វីលីពីន

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូនិវត្តន៍ មកកាន់មាតុភូមិវិញកាលពីរាត្រីថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៦ បន្ទាប់ពីចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA/អាយប៉ា) លើកទី៤៧ ប្រកបដោយជោគជ័យ។

នៅព្រលានយន្តហោះអន្តរជាតិតេជោ ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទការល័យសម្ដេចប្រធានរដ្ឋសភាប្រាប់អ្នកកាសែតថា អំឡុង​ពេល​ចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៧ សម្តេចប្រធានរដ្ឋសភា និងសមាជិក សមាជិកាគណៈប្រតិភូទាំងអស់​បានអញ្ជើញ​ចូលរួម​វេទិកា និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងបានជួបជាមួយគណៈប្រតិភូសភាប្រទេសដទៃទៀតក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សំដៅពង្រឹង​វិស័យការទូតសភា ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ដើម្បីសន្តិភាព និងវិបុលភាពរួម ពិសេសផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ។

ឯកឧត្តម កែវ ពិសិដ្ឋ បានគូសបញ្ជាក់ថា ជោគជ័យធំមួយរបស់សភាកម្ពុជា គឺស្ថានភាពពលរដ្ឋភៀសសឹកចំនួនជាង ២ម៉ឺននាក់ ដែលមិន​ទាន់​បានវិលត្រឡប់ទៅលំនៅឋានវិញ ត្រូវបានដឹងឭក្នុងមហាសន្និបាតអាយប៉ាលើកទី៤៧ ។មហាសន្និបាតទំាងមូលបានដឹងពីទុក្ខលំបាក​របស់ពលរដ្ឋភៀសសឹក ទំាងអស់ និងបានលើកទឹកចិត្តភាគីទាំងពីរ ឱ្យគោរពយ៉ាងពេញលេញ និងអនុវត្តដោយស្មោះត្រង់ នូវការប្តេជ្ញាចិត្ត​ឈប់បាញ់ រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកុងសង់ស៊ីសហ្វូសៀន (Fuxian Consensus) ខែធ្នូ ឆ្នាំ២០២៥ និងស្មារតីនែទីក្រុងសេប៊ូ ខែឧសភា ឆ្នាំ២០២៦ ថ្មីៗ ។

ក្នុងមហាសន្និបាត, អាយប៉ាក៏បានរំលេច ពីខួបលើកទី៥០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ី​អាគ្នេយ៍ (TAC) ដែលជារយៈពេលប្រាំទសវត្សរ៍នៃការជ្រើសរើសកិច្ចសន្ទនាជំនួសដើម្បីដោះស្រាយជម្លោះ និងកិច្ចសហប្រតិបត្តិការ​ជំនួសការប្រឈមមុខដាក់គ្នា ព្រមទាំងបានបញ្ជាក់ជាថ្មីនូវគោលការណ៍ដ៏យូរអង្វែងនៃការគោរពអធិបតេយ្យ និងបូរណភាពទឹកដី ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងការបោះបង់ចោលការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និងការដោះស្រាយវិវាទដោយសន្តិវិធី ផងដែរ។

វត្តមានគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជានៅក្នុងមហាសន្និបាតនេះ មិនត្រឹមជាការរួមចំណែកពង្រឹងយន្តការសភា និងលើកកម្ពស់​គោលការណ៍​ពហុនិយមប៉ុណ្ណោះទេ តែក៏ជាឱកាសដែលសភាកម្ពុជាពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ជាមួយបណ្តាប្រទេសនិងដៃគូអភិវឌ្ឍន៍នានា ដើម្បីនាំមកនូវផលប្រយោជន៍ជូនពលរដ្ឋទំាងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ និង​ទេសចរណ៍ ជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនទំាងក្នុងតំបន់និងសកលលោក។

មុនបិទបញ្ចប់កិច្ចប្រជុំមហាសន្និបាត ប្រធានអាយប៉ាលើកទី៤៧ បានប្រគល់ទង់អាយប៉ា ជូនដល់ ឯកឧត្តម Seah Kian Peng ប្រធាន​រដ្ឋសភាសិង្ហបុរី ជានិមិត្តរូបនៃការផ្លាស់វេនជាប្រធានអាយប៉ា។ ប្រទេសសិង្ហបុរី នឹងត្រូវធ្វើជាប្រធានអាយប៉ា បន្តពីប្រទេសហ្វីលីពីន និងត្រូវរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៨ នៅក្នុងឆ្នាំ២០២៧ ខាងមុខ។

សូមជម្រាបថា អាយប៉ាជាស្ថាប័ននីតិប្បញ្ញត្តិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានសមាជិក ១០ ប្រទេស ហើយនៅក្នុង​មហា​សន្និបាតលើកទី៤៧ បានបញ្ចូល រដ្ឋសភាទីម័រឡេស្ត ជាសមាជិកពេញសិទ្ធ។ ដូចនេះចាប់ពីពេលនេះតទៅ សមាជិក ១១ ដូចជា ព្រុយណេដា​រូស្សាឡាម ព្រះរាជាណាចក្រកម្ពុជា ឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន មីយ៉ាន់ម៉ា សិង្ហបុរី ថៃ វៀតណាម និងសភានៃ​សាធារណរដ្ឋទីម័រឡេស្ត ៕
ដោយ៖វណ្ណលុក
រូបភាព៖ហេង សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា