ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ពីទស្សនវិស័យគ្រប់ជ្រុងជ្រោយ លើការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សុវត្ថិភាព និងភាពរីកចម្រើន របស់ប្រជាពលរដ្ឋ ។
ក្នុងសិក្ខាសាលាស្ដីពីបទដ្ឋានគតិយុត្តិពាក់ព័ន្ធវិស័យសំណង់ឆ្នាំ ២០២៦ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងពីវិធីសាស្ត្រ និងយុទ្ធសាស្ត្រនៃការរៀបចំលិខិត បទដ្ឋានគតិយុត្តិ ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយសង្កត់ធ្ងន់លើចំណុចសំខាន់ៗជាច្រើន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា លិខិតបទដ្ឋានគតិយុត្តិត្រូវស្ថិតក្នុងកម្រិតសមរម្យទៅនឹងស្ថានភាពជាក់ស្ដែងនៃវិស័យសំណង់នៅកម្ពុជា ដោយមិនត្រូវកំណត់ជាច្បាប់តែមួយសម័យកាលផ្ដាច់មុខនោះទេ។ ម៉្យាងទៀត ក្នុងកិច្ចការមួយចំនួន ដែលការតាក់តែងច្បាប់មិនទាន់អាចបញ្ចប់បាន ការប្រើប្រាស់អនុក្រឹត្យជាជំហានដំបូង គឺជាយុទ្ធសាស្ត្រស្រាលជាង និងងាយស្រួលជាង ពោលគឺប្រៀបបីដូចជា ការទះទឹក ដើម្បីឱ្យត្រីចូលទ្រូសិន មុននឹងឈានដល់ការអនុវត្តវិធានការផ្សេងៗ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានសង្កត់ធ្ងន់ថា ច្បាប់ និងបទប្បញ្ញត្តិ ត្រូវរៀបចំឡើងដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលអនុវត្ត មិនមែនធ្វើឱ្យមានភាពស្មុគស្មាញ ឬគាបសង្កត់ឡើយ ហើយការអនុវត្តច្បាប់មិនអាចពឹងផ្អែកតែលើការបង្ខំទាំងស្រុងបានទេ តែត្រូវមានការបណ្ដុះបណ្ដាល និងពន្យល់ឱ្យមនុស្សយល់ពីមូលហេតុ និងអត្ថប្រយោជន៍នៃការអនុវត្ត។
ជាមួយនេះ ឯកឧត្តម សាយ សំអាល់ បានបង្ហាញទស្សនៈថា វិស័យសំណង់មិនមែនគ្រាន់តែជារឿងបេតុង ខ្សាច់ ឬដែកប៉ុណ្ណោះទេ ប៉ុន្តែជា «លំហាត់សេដ្ឋកិច្ច» ដែលចលនាលុយរបស់ប្រជាពលរដ្ឋហូរចេញពីប្រភពមួយ ទៅកាន់ប្រភពមួយទៀត ដោយផ្ដល់ជាប្រាក់ចំណូល និងការងាររាប់រយលានដុល្លារ ។
សម្រាប់ឯកឧត្តម សាយ សំអាល់ ការរៀបចំបទដ្ឋានគតិយុត្តិត្រូវផ្ដល់ជីវិតដល់ឧស្សាហកម្មសំណង់ ជួយបង្កើតការងារ និងលើកស្ទួយជីវភាពប្រជាជនឱ្យកាន់តែធូរធារ ឆ្ពោះទៅកាន់ភាពរីកចម្រើនប្រកបដោយសុវត្ថិភាព និងសុភមង្គល ។
ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានរំលឹកពីដំណើរការវិវត្តនៃសេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីក្រោយឆ្នាំ១៩៧៩ គឺសេដ្ឋកិច្ចផែនការ និងការស្ដារហេដ្ឋារចនាសម្ព័ន្ធ ដូចមានកត់ត្រាក្នុងសៀវភៅ «ដប់ឆ្នាំនៃដំណើរកម្ពុជា» របស់សម្ដេចតេជោ រហូតដល់ការផ្លាស់ប្ដូរទៅជាសេដ្ឋកិច្ចទីផ្សារ ក្រោយឆ្នាំ១៩៨៩ និងការធានាសុវត្ថិភាពផ្លូវច្បាប់លើកម្មសិទ្ធិឯកជន និងអចលនទ្រព្យ ដែលជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍ ។
សូមបញ្ជាក់ថា សិក្ខាសាលាខាងលើបានផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ដិសំខាន់ៗពាក់ព័ន្ធវិស័យសំណង់ ដូចជា ការចេញលិខិតអនុញ្ញាតសាងសង់, វិធីសាស្រ្ដក្នុងការគ្រប់គ្រង និងការធានាគុណភាពសំណង់, បច្ចេកទេសនៃការប្រើប្រាស់រន្ទា និងសំណាញ់ដោយសុវត្ថិភាព, វីធីសាស្រ្ដនៃការងារជីកដី និងការងារខួងគ្រឹះជ្រៅ ព្រមទាំងគោលការណ៍ណែនាំពីវិធីសាស្រ្ដអនុវត្តការងាររុះរើសំណង់។ ឯកសារទាំងនេះគឺជាចន្លុះបង្ហាញផ្លូវលើវិស័យសំណង់ ដើម្បីចូលរួមកសាងខឿនសេដ្ឋកិច្ចកម្ពុជា៕
អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ




























