Pink Run ២០២៦ ទាក់ទាញអ្នករត់មកពី ២៧ ប្រទេស និងរំពឹងអ្នកចូលរួមដល់ ៥ ០០០ នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

Pink Run ២០២៦ ទាក់ទាញអ្នករត់មកពី ២៧ ប្រទេស និងរំពឹងអ្នកចូលរួមដល់ ៥ ០០០ នាក់

ព្រឹត្តិការណ៍ AIA Pink Run ឆ្នាំ២០២៦ ទាក់ទាញអ្នករត់មកពី ២៧ ប្រទេស និងរំពឹងអ្នកចូលរួមរហូតដល់ ៥ ០០០ នាក់

ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ឆ្នាំ២០២៦ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្នុង និងក្រៅប្រទេស ដោយគិតមកទល់ពេលនេះមានអ្នកចុះឈ្មោះចូលរួមជាង ២ ០០០ នាក់មកពី ២៧ ប្រទេសផ្សេងៗគ្នា។

លោក សែម ផល្លា នាយកចាត់ការទូទៅព្រឹត្តិការណ៍ម៉ារ៉ាតុងនៅកម្ពុជា បានឱ្យដឹងថា ក្នុងចំណោមអ្នកចុះឈ្មោះជាង ២ ០០០ នាក់នោះ រួមមាន៖

វិញ្ញាសា ១០ គីឡូម៉ែត្រ៖ មានអ្នកចូលរួម ១ ២៤៣ នាក់
វិញ្ញាសា ៥ គីឡូម៉ែត្រ៖ មានអ្នកចូលរួមជាង ៥០០ នាក់
វិញ្ញាសា ២,៥ គីឡូម៉ែត្រ៖ មានអ្នកចូលរួមជិត ៣០០ នាក់

លោករំពឹងថា ចំនួនអ្នកចូលរួមសរុបនឹងកើនឡើងចន្លោះពី ៤ ០០០ ទៅ ៥ ០០០ នាក់ នៅថ្ងៃកម្មវិធីផ្លូវការ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ នៅមុខសួនច្បារវត្តបទុមវតី។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា កំណើននៃចំនួនអ្នកចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ពីមួយឆ្នាំទៅមួយឆ្នាំ បានបង្ហាញពីភាពវិជ្ជមានយ៉ាងខ្លាំង ជាពិសេសការភ្ញាក់រលឹក និងការយល់ដឹងកាន់តែច្បាស់របស់ស្ត្រីអំពីបញ្ហាជំងឺមហារីកសុដន់។ ជាមួយគ្នានេះ ឯកឧត្ដមក៏បានអំពាវនាវឱ្យស្ត្រីចូលរួមកាន់តែច្រើន ព្រមទាំងអញ្ជើញមកទទួលការពិនិត្យ និងប្រឹក្សាយោបល់អំពីជំងឺមហារីកសុដន់ដោយឥតគិតថ្លៃ នៅសួនច្បារមុខវត្តបទុមវតី ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។

លោកស្រី ខៀវ វរៈច័ន្ទ នាយិការផ្នែកទីផ្សារនៃក្រុមហ៊ុន AIA Cambodia បានគូសបញ្ជាក់ថា កិច្ចសហការរវាង AIA Cambodia និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលនឹងបន្តរហូតដល់ឆ្នាំ២០២៨ បានជំរុញឱ្យការផ្សព្វផ្សាយពីការទប់ស្កាត់ជំងឺមហារីកសុដន់កាន់តែមានប្រសិទ្ធភាព។ ការវិវត្តនេះឃើញយ៉ាងច្បាស់ ដោយកាលពីឆ្នាំ២០១៧ ដែលជាពេលចាប់ផ្ដើមយុទ្ធនាការដំបូង មានស្ត្រីចូលរួមពិនិត្យត្រឹមជាង ១០០ នាក់ប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០២៥ កន្លងទៅ ចំនួនស្ត្រីដែលបានចូលរួមពិនិត្យ និងទទួលការប្រឹក្សាយោបល់បានកើនឡើងរហូតដល់ប្រមាណ ៥ ០០០ នាក់។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា