វឌ្ឍនៈ គ្រុប នាំយកព្រឹត្តិការណ៍ហ្គោលពិភពលោក រង្វាន់ជិត ១លាន៥សែនដុល្លារ មកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

វឌ្ឍនៈ គ្រុប នាំយកព្រឹត្តិការណ៍ហ្គោលពិភពលោក រង្វាន់ជិត ១លាន៥សែនដុល្លារ មកម្ពុជា

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ! វឌ្ឍនៈ គ្រុប នាំយកការប្រកួតវាយកូនហ្គោលពិភពលោក ២ សប្តាហ៍ជាប់គ្នា មកកាន់កម្ពុជា ជាមួយប្រាក់រង្វាន់ជិត ១លាន៥សែនដុល្លារអាមេរិក

ប្រទេសកម្ពុជាបាននឹងកំពុងបោះជំហានយ៉ាងអស្ចារ្យនៅលើឆាកអន្តរជាតិ ដោយក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័នកីឡាវាយកូនហ្គោលកម្រិតពិភពលោក Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលអាជីពអន្តរជាតិធំៗចំនួន ២ សប្តាហ៍ជាប់គ្នា

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៦ នៅទីលានស្តង់ដារអន្តរជាតិ វឌ្ឍនៈ ហ្គោល រីហ្សត ដោយមានប្រាក់រង្វាន់សរុបរហូតដល់ ១.៤៥ លានដុល្លារអាមេរិក

កម្មវិធីប្រកួតធំៗទាំង ២ សប្តាហ៍៖

សប្តាហ៍ទី១ (២៣–២៩ វិច្ឆិកា ២០២៦) — Vattanac Legends Championship
ប្រកួតប្រជែងរវាងកំពូលកីឡាករអាជីពអន្តរជាតិចំនួន ៦០ រូប ដណ្តើមប្រាក់រង្វាន់ ៦៥០,០០០ ដុល្លារអាមេរិក
មានការចូលរួមពីកំពូលតារាកីឡាហ្គោលល្បីៗ រួមមាន៖ ម្ចាស់ជើងឯក Major Champion កីឡាករ Michael Campbell, អតីតកីឡាករលេខ ១ ពិភពលោក Lee Westwood, កីឡាករ David Drysdale (ម្ចាស់ជើងឯកឆ្នាំ២០២៥) និងកីឡាករ Darren Fichardt (ម្ចាស់ជើងឯក Legacy Edition ឆ្នាំ២០២៥)។

សប្តាហ៍ទី២ (៣០ វិច្ឆិកា – ០៦ ធ្នូ ២០២៦) — Vattanac Tour Championship
ព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រប្រចាំរដូវកាលដ៏អស្ចារ្យ ដែលអនុញ្ញាតឱ្យតែ កំពូលកីឡាករ ៦០ រូប ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេពេញមួយរដូវកាលចូលរួមប្រកួត ដណ្តើមប្រាក់រង្វាន់រហូតដល់ ៨០០,០០០ ដុល្លារអាមេរិក

កិត្តិយស និងកិច្ចសហការកម្រិតកំពូល
ពិធីសន្និសីទសារព័ត៌មានត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ក្រោមវត្តមានលោកអ្នកមុខអ្នកការ និងភ្ញៀវកិត្តិយសសំខាន់ៗ រួមមាន៖

ឯកឧត្តមបណ្ឌិត ជា បូរ៉ា អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា

ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិនៃក្រុមប្រឹក្សាទេសចរណ៍កម្ពុជា (CTB)

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប

លោក Mark Aspland នាយកប្រតិបត្តិការ (COO) នៃស្ថាប័ន Legends Tour
ព្រមទាំងឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ក្រុមហ៊ុនដៃគូ និងបណ្តាញសារព័ត៌មានជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានថ្លែងថា៖
«ការដែលស្ថាប័ន Legends Tour សម្រេចចិត្តរៀបចំការប្រកួតកម្រិតពិភពលោក ២ សប្តាហ៍ជាប់គ្នានៅក្នុងរីហ៊្សតតែមួយ និងក្នុងប្រទេសតែមួយ គឺជាករណីកម្របំផុត ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តដ៏រឹងមាំមកលើប្រទេសកម្ពុជា និងទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត»។

អ្នកឧកញ៉ាក៏បានសង្កត់ធ្ងន់ពីចក្ខុវិស័យស្នូលថា៖ «នាំយកអ្វីដែលល្អបំផុតមកកាន់ប្រទេសកម្ពុជា បង្កើតអ្វីដែលល្អបំផុតនៅក្នុងប្រទេសកម្ពុជា និងបង្ហាញអ្វីដែលល្អបំផុតរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក»
កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ និងសកម្មភាពអមអស្ចារ្យ

ក្នុងពិធីនោះក៏មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដ៏សំខាន់ចំនួនពីរ៖

CTB x Legends Tour: យុទ្ធនាការ «2026 Road to Cambodia» ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ។

CTB x Vattanac Golf Resort: កិច្ចសហការលើកកម្ពស់វិស័យទេសចរណ៍កីឡា (Sports Tourism) នៅក្នុងប្រទេសកម្ពុជា។

លើសពីនេះ ព្រឹត្តិការណ៍នេះក៏រួមបញ្ចូលនូវសកម្មភាពកម្សាន្តជាច្រើនទៀតដូចជា៖

ការប្រកួត Pro-Am: ផ្តល់ឱកាសឱ្យកីឡាករក្នុងស្រុកបានប្រកួតផ្ទាល់ជាមួយកំពូលកីឡាករពិភពលោក។

ដំណើរទស្សនកិច្ច & ការប្រកួតនៅខេត្តសៀមរាប: ការទស្សនាប្រាសាទបុរាណ និងការប្រកួត Pro-Am នៅទីលាន Angkor Golf Resort

Tonle Sap Challenge: ការវិលត្រឡប់មកវិញនៃព្រឹត្តិការណ៍វាយកូនហ្គោលដ៏ប្លែកភ្នែកនៅមាត់ទន្លេចតុមុខ ដែលរួមបញ្ចូលគ្នារវាងកីឡា ទេសចរណ៍ និងការកម្សាន្ត។

ព្រឹត្តិការណ៍ថ្នាក់ពិភពលោកទាំងពីរនេះ នឹងបើកទ្វារស្វាគមន៍សាធារណជន និងអ្នកគាំទ្រកីឡាជាតិ-អន្តរជាតិ ចូលរួមទស្សនាដោយផ្ទាល់នៅ វឌ្ឍនៈ ហ្គោល រីហ៊្សត ដើម្បីចូលរួមចំណែកធ្វើជាម្ចាស់ផ្ទះស្វាគមន៍ពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា!

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា