បុរសឯក និង បវរកញ្ញា ៥០ រូប នឹងរួមគ្នាបង្ហាញ «ស្បៃខ្មែរ» ក្នុងពិធីបើកកីឡាជាតិ ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

បុរសឯក និង បវរកញ្ញា ៥០ រូប នឹងរួមគ្នាបង្ហាញ «ស្បៃខ្មែរ» ក្នុងពិធីបើកកីឡាជាតិ ២០២៦

មរតកវប្បធម៌ដូនតា «ស្បៃខ្មែរ» នឹងត្រូវបានលើកយកមកបង្ហាញយ៉ាងប្រណិត និងអស្ចារ្យ នៅក្នុងពិធីបើកកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នាថ្ងៃទី៧ ខែវិច្ឆិកា ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ កម្មវិធីពិសេសៗជាច្រើននឹងត្រូវលាតត្រដាង ដើម្បីផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរទៅកាន់មហាជន។ ក្នុងនោះ ទស្សនីយភាពដែលទាក់ទាញខ្លាំងជាងគេ គឺការសម្តែងបង្ហាញ «ទម្រង់ស្បៃខ្មែរ» ដែលជាអត្តសញ្ញាណ និងជាមរតកដ៏ទន់ភ្លន់របស់ដូនតាខ្មែរតាំងពីបុរាណកាល ដោយមានការចូលរួមពីតារាសិល្បៈ បវរកញ្ញា និងបុរសឯកប្រមាណ ៥០ អង្គ/រូប។

លោកជំទាវ ញ៉ែម មរតក រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានសមាគមបវរកញ្ញាកម្ពុជា បានឱ្យដឹងថា តាមរយៈការអនុញ្ញាតពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា សមាគមបានប្រមូលផ្តុំជ័យលាភីបវរកញ្ញា និងបុរសឯកមកពីស្ថាប័នធំៗជាច្រើន ដូចជា Miss World, Miss Universe, Miss Universal Woman, Miss International និង Miss Supranational ជាដើម ដើម្បីរួមគ្នាសម្តែងទស្សនីយភាពស្បៃខ្មែរនេះឡើង។

លោកជំទាវបានបញ្ជាក់បន្ថែមថា៖ «បវរកញ្ញាដែលមានឥទ្ធិពល និងប្រជាប្រិយភាព ២ រូប គឺកញ្ញា អ៊ិន លក្ខិណា (Miss World Cambodia) និងកញ្ញា កុយ អេនណា នឹងទទួលបានកិត្តិយសរត់កាន់ភ្លើងគប់ តំណាងឱ្យថាមពល និងភាពអង់អាចរបស់ស្ត្រីក្នុងសង្គមខ្មែរ។ អ្វីដែលពិសេសនោះ គឺបវរកញ្ញា និងបុរសឯកទាំង ៥០ រូប បានស្ម័គ្រចិត្តចូលរួមសម្តែងដោយក្តីស្រឡាញ់ និងស្មារតីស្នេហាជាតិ ក្នុងគោលបំណងបង្ហាញពីភាពប្រណិតនៃស្បៃខ្មែរ»។

ប្រធានសមាគមបវរកញ្ញាកម្ពុជារូបនេះបានគូសបញ្ជាក់ថា ការផ្តល់ឱកាសឱ្យម្ចាស់ជ័យលាភីបវរកញ្ញា និងបុរសឯកបានបង្ហាញខ្លួនក្នុងពិធីបើកកីឡាជាតិ គឺជាការលើកទឹកចិត្តយ៉ាងសំខាន់ដល់យុវជនជាន់ក្រោយ ឱ្យហ៊ានស្វែងរកក្តីស្រមៃ មានទំនុកចិត្តលើខ្លួនឯង និងក្លាយជាកម្លាំងចលករក្នុងការអភិវឌ្ឍជាតិ។

លើសពីនេះ ការសហការគ្នានេះ ក៏ជាស្ពានចងភ្ជាប់វិស័យបវរកញ្ញាជាមួយវិស័យកីឡាឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងរួមចំណែកថែរក្សា លើកស្ទួយ និងអភិរក្សសម្លៀកបំពាក់ប្រពៃណីបុរាណ «ស្បៃខ្មែរ» ឱ្យគង់វង្ស និងរៀបចំឡើងវិញយ៉ាងមានតម្លៃនៅលើឆាកជាតិ និងអន្តរជាតិ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា