ធ្លាប់បរាជ័យរាប់ភ្លេច តែការតស៊ូមិនបោះបង់នាំឱ្យ Kane សម្រេចគោលដៅក្នុងជីវិតហើយឈ្នះពាន Ballon d'Or | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ធ្លាប់បរាជ័យរាប់ភ្លេច តែការតស៊ូមិនបោះបង់នាំឱ្យ Kane សម្រេចគោលដៅក្នុងជីវិតហើយឈ្នះពាន Ballon d'Or

ភាពជោគជ័យរមែងរត់ទៅរកអ្នកដែលតស៊ូមិនបោះបង់ ទោះបីជាពេលខ្លះវាត្រូវការពេលវេលាយូរក៏ដោយ តួយ៉ាង ខ្សែប្រយុទ្ធ Harry Kane ទើបតែឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ Ballon d’Or ឆ្នាំ២០២៦ អ៊ីចឹងដែរ។ មុនពេលឈានមកដល់ចំណុចនេះ Kane បានឆ្លងកាត់ការលំបាកជាច្រើននៅលើផ្លូវដែលពោរពេញដោយឧបសគ្គការរិះគន់ និងការខកចិត្តច្រើនលើកច្រើនសារមកហើយ ប៉ុន្ដែវាមិនបានធ្វើឱ្យគេបោះបង់ឡើយ។

កាលពីអាយុ៨ឆ្នាំ គេត្រូវបានក្លិប Arsenal បដិសេធ ដោយសារតែមានរូបរាងធាត់ និងខ្វះភាពរហ័សរហួន ដែលអាចធ្វើឱ្យគេពិបាកក្លាយជាកីឡាករអាជីព ដោយពុំស្វែងយល់ពីសក្ដានុពល និងផ្ដល់ភាពជឿជាក់ថាគេអាចឈានទៅមុខក្នុងវិថីបាល់ទាត់បានឡើយ។ ក្មេងប្រុសភាភាគច្រើន ប្រហែលជាបោះបង់ត្រឹមនេះហើយ ដោយសារការបាក់ទឹកចិត្ត និងការបដិសេធបែបនេះ ប៉ុន្ដែផ្ទុយទៅវិញ សម្រាប់ Kane គេបានប្រែក្លាយការឈឺចាប់ទៅជាកម្លាំងចិត្តឱ្យគេប្រឹងប្រែងបន្ថែមទៅវិញ។

ក្រោយមកគេបានចូលរួមក្រុម យុវជនរបស់ Tottenham Hotspur ដែលការធ្វើតេស្ដដំបូង ក៏មិនជោគជ័យដែរ។ ឱកាសទី២កើតឡើងពេលគេមានវ័យ១១ឆ្នាំ កាលនោះគេបង្ហាញសមត្ថភាពបានយ៉ាងល្អឱ្យក្រុមយុវជនរបស់ Watford ទល់ Spurs ទើបគេត្រូវបាននាំយកមកចូលរួមក្រុមមាន់ខ្នាយមាស ក្នុងឆ្នាំ២០០៩ តែមុនពេលមានឱកាសលេងឱ្យក្រុមធំ Kane ត្រូវបានដាក់ឱ្យក្លិបដទៃខ្ចី៤លើក។

ការប្រកួតប្រជែងដ៏លំបាកក្នុងលីគកម្រិតទាបទាំងនោះ បានផ្ដល់នូវមេរៀន និងការសាកល្បងយ៉ាងធំធេង ជាពេលដែលគេត្រូវខិតខំស្ងៀមស្ងាត់ ខណៈជានិច្ចកាលគេតែងតែត្រូវបានចោទសួរថា តើគេមានល្បឿនលឿនគ្រប់គ្រាន់ ឬល្អគ្រប់គ្រាន់សម្រាប់ការប្រកួតប្រជែងកម្រិតខ្ពស់ក្នុងបាល់ទាត់អង់គ្លេសដែរឬទេ។ ជំនួសឱ្យការពេបជ្រាយ Kane បានផ្ដោតអារម្មណ៍ទាំងស្រុងលើការហ្វឹកហាត់ បត់បែនកាយសម្បទា បង្កើនសមត្ថភាពស៊ុតបញ្ចូលទីយ៉ាងមុតស្រួចដោយជើងទាំងសងខាង និងបង្កើតភាពឹងមាំផ្នែកស្មារតីដើម្បីតតាំងនឹងពាក្យរិះគន់ទាំងឡាយ។

ពេលឱកាសមកដល់ជាមួយ Spurs គេបានសរសេរប្រវត្តិសាស្ត្រខ្លួនឯងក្លាយជា កីឡាកររកគ្រាប់បាល់ច្រើនជាងគេបំផុតប្រចាំប្រវត្តិសាស្ត្រក្លឹប Tottenham Hotspur ក៏ដូចជា កីឡាកររកគ្រាប់បាល់ច្រើនជាងគេបំផុតប្រចាំប្រវត្តិសាស្ត្រជម្រើសជាតិអង់គ្លេស និងជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់បំផុតម្នាក់ក្នុងពិភពបាល់ទាត់ និងឈ្នះពានឯកត្តជនជាច្រើន ក្នុងនាមជាអ្នករកគ្រាប់បាល់ដ៏ចំណាន ប៉ុន្តែ អ្វីដែលគេខ្វះខាតគឺឱកាសដណ្ដើមពានរង្វាន់ធំៗ។ គេធ្លាប់រួមចំណែកជួយ Spurs ឡើងផ្ដាច់ព្រ័ត្រ UEFA Champions League ម្ដង និង League Cup ពីរលើក ប៉ុន្ដែបានត្រឹមជាជើងឯករងប៉ុណ្ណោះ។

ដោយឡែកនៅក្រុមជម្រើសជាតិអង់គ្លេសវិញ ក៏ពុំសូវខុសពីស្ថានភាពនៅ Spurs ដែរ។ Kane រួមចំណែកជួយក្រុមតោកំណាចឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup 2018 និងបានលេខបីក្នុងឆ្នាំ World Cup 2026 ហើយបានត្រឹមជើងឯករង Euro 2020 និង 2024។

ភាពជោគជ័យ ការឈ្នះពានជាក្រុមសម្រាប់ Kane កើតឡើងបន្ទាប់ពីគេបានសម្រេចចិត្តចូលរួម Bayern Munich ក្នុងវ័យ៣០ឆ្នាំទៅហើយ ខណៈរដូវកាលដំបូងទៀតសោតគេបញ្ចប់ជាមួយក្លិបអាល្លឺម៉ង់ដោយមិនឈ្នះពានអ្វីសោះ។ រហូតដល់វ័យ៣១ឆ្នាំ លទ្ធផលដែលគេទន្ទឹងរង់ចាំជាច្រើនឆ្នាំបានកើតឡើង ដោយគេឈ្នះពានដំបូង ដោយបានជួយ Bayern គ្រងជើងឯក Bundesliga ក្នុងនាមជាកីឡាកររកគ្រាប់បាល់ច្រើនបំផុតក្នុងលីគផងដែរ។

ក្នុងវ័យ៣៣ឆ្នាំ Kane ក្លាយជាម្ចាស់ពានបាល់មាស ជាកីឡាករល្អបំផុតលើលោករៀបចំដោយទស្សនាវដ្ដីបារាំង France Football ដោយមានការបោះឆ្នោតពីអ្នកសារព័ត៌មានទូទាំងពិភពលោក ដែលទទួលស្គាល់នូវការរួមចំណែករបស់គេនៅទីលានប្រកួត។ គេរកគ្រាប់បាល់៧៣គ្រាប់ ពីការបង្ហាញខ្លួន ៦៥លើក ឈ្នះជើងឯក Bundesliga, DFB Pokal(German Cup) និង German Super Cup ហើយជាតួអង្គសំខាន់ជួយអង់គ្លេសដណ្ដើមបានចំណាត់ថ្នាក់លេខ៣ក្នុង World Cup 2026 កាលពីខែកក្កដា។

សម្រាប់ Kane ការឈ្នះ Ballon d’Or ជារង្វាន់តបស្នងនឹងការប្រឹងប្រែងរបស់គេ ហើយក៏សារមួយបង្ហាញយ៉ាងច្បាស់ថា ភាពជោគជ័យនឹងកើតមានឡើងសម្រាប់អ្នកដែលមិនបោះបង់ ទោះបីជាមិនទទួលបានភ្លាមៗក៏ដោយ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា