សិស្សជាង ២០០នាក់នៅវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ ទទួលការបណ្តុះ "ស្មារតីអូឡាំពិក" ត្រៀម ឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ AYG ២០៣១ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

សិស្សជាង ២០០នាក់នៅវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ ទទួលការបណ្តុះ "ស្មារតីអូឡាំពិក" ត្រៀម ឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ AYG ២០៣១

ស្មារតីកីឡា និងគុណតម្លៃអូឡាំពិកដែលមានប្រវត្តិសាស្រ្តជិត ៣ ០០០ឆ្នាំ ត្រូវបាននាំយកមកដាសអារម្មណ៍ និងបំផុសគំនិតសិស្សានុសិស្សប្រមាណ ២០០នាក់ នៅវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ នាព្រឹកថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្រោមគំនិតផ្ដួចផ្ដើមរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ក្នុងវគ្គអប់រំ និងផ្សព្វផ្សាយយ៉ាងរស់រវើកនេះ លោក សោម សុទ្ធរិទ្ធិពង្ស គ្រូឧទ្ទេសប្រចាំកម្មវិធី បានគូសបញ្ជាក់ថា គុណតម្លៃអូឡាំពិកដែលកសាងឡើងតាំងពីសម័យក្រិកបុរាណ (ជាង ២ ៧០០ឆ្នាំមុន) ត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និង NOCC យកមករំលេចឡើងវិញក្នុងគោលដៅបង្កើតសង្គមដ៏ល្អប្រសើរមួយ។

លោកបានសង្កត់ធ្ងន់ថា៖ «យើងចង់ឱ្យប្អូនៗយល់ច្បាស់ពីសសរស្ដម្ភ ៣ គឺ ឧត្ដមភាព ការគោរព និងមិត្តភាព។ គុណតម្លៃទាំងនេះមិនមែនសម្រាប់តែនៅលើទីលានប្រកួតនោះទេ ប៉ុន្តែជាវិជ្ជមានធនធានជីវិតដែលសិស្សានុសិស្ស និងប្រជាជនទូទៅអាចយកទៅប្រកបក្នុងជីវភាពប្រចាំថ្ងៃបាន»។ បន្ថែមពីនេះ កម្មវិធីក៏បានបញ្ជ្រាបពីអត្ថន័យនៃព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅ-រដូវរងា ព្រមទាំងការបំផុសស្មារតីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី (Asian Youth Games 2031) ដែលកម្ពុជានឹងទទួលស្វាគមន៍អត្តពលិកវ័យក្មេងមកពី ៤៥ ប្រទេស។”

សម្តែងនូវក្តីរំភើបចំពោះព្រឹត្តិការណ៍នេះ លោក ថ្លាង សេងងាន់ នាយករងវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ បានលើកឡើងថា កម្មវិធីនេះជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យសិស្សានុសិស្សស្រឡាញ់កីឡា និងប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍ ចៀសឆ្ងាយដាច់ខាតពីអបាយមុខផ្សេងៗ ជាពិសេសបញ្ហាគ្រឿងញៀន។

លោកបានបន្ថែមថា សាលាតែងតែលើកទឹកចិត្ត និងបង្កើនសកម្មភាពកីឡាយ៉ាងផុសផុលចាប់ពីថ្នាក់ទី៧ ដល់ទី១២ ព្រមទាំងបញ្ជូនសិស្សឱ្យចូលរួមប្រកួតប្រជែងជាហូរហែក្នុងកម្រិតមធ្យមសិក្សា។

សូមបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយគុណតម្លៃអូឡាំពិក ឆ្នាំ២០២៦ នេះ មិនទាន់បញ្ចប់ត្រឹមនេះទេ ដោយ NOCC នឹងបន្តបេសកកម្មអប់រំនេះទៅកាន់វិទ្យាល័យចំនួន ៣ ទៀតក្នុងរាជធានីភ្នំពេញ រួមមាន៖ វិទ្យាល័យ ជាស៊ីម សាមគ្គី, វិទ្យាល័យ ព្រះស៊ីសុវត្ថិ និង វិទ្យាល័យ សម្ដេច ហ៊ុនសែន ប៊ុនរ៉ានី ច្បារអំពៅ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា