គ្រូបង្វឹក Premier League ៥រូប ប្រឈមបាត់បង់តំណែង ចំពេលសម្រាកប្រកួតជម្រើសជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

គ្រូបង្វឹក Premier League ៥រូប ប្រឈមបាត់បង់តំណែង ចំពេលសម្រាកប្រកួតជម្រើសជាតិ

រយៈពេលពីរសប្ដាហ៍នៃការសម្រាកប្រកួតជម្រើសជាតិ នឹងក្លាយជាឱកាសដ៏សំខាន់ សម្រាប់ក្លិបនៅ Premier League ដែលចាប់ផ្ដើមរដូវកាលពុំសមប្រកបដើម្បីកែខៃស្ថានភាពក្រុម ហើយការផ្លាស់ប្ដូរគ្រូបង្វឹក ឬអ្នកចាត់ការអាចនឹងធ្វើឡើង មុនពេលការប្រកួតត្រលប់មកវិញ។ ក្រោយឆ្លងកាត់១០សប្ដាហ៍ប្រកួតកន្លងមកគ្រូបង្វឹក ៥ រូប រួមមានលោក Pierre Sage, Michael Carrick, Régis Le Bris, Matthias Jaissle និង Enzo Maresca កំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំង ទោះបីជាទទួលបានលទ្ធផលនឹងស្ថានភាពមិនដូចគ្នាទាំងស្រុងក៏ដោយ ។

រយៈពេលសម្រាក ២ សប្តាហ៍នេះ គឺជាឱកាសមាសសម្រាប់ថ្នាក់ដឹកនាំក្លឹបក្នុងការវាយតម្លៃស្ថានភាពបច្ចុប្បន្ន និងស្វែងរកជម្រើសថ្មី។ យោងតាមហាងឆេងដែលចេញផ្សាយដោយ The Football Faithful លោក Pierre Sage និងលោក Michael Carrick គឺជាបេក្ខភាពមានភាគរយខ្ពស់ជាងគេ ដែលអាចនឹងបាត់បង់តំណែង បើទោះបីជាមកទល់ពេលនេះមិនទាន់មានការបណ្តេញចេញជាផ្លូវការណាមួយកើតឡើងនៅឡើយក្តី។

ស្ថានភាពដ៏គួរឱ្យព្រួយបារម្ភបំផុតគឺកំពុងកើតឡើងនៅក្លឹប Crystal Palace ដែលបច្ចុប្បន្នកំពុងឈរនៅបាតតារាង (លេខ ២០) ដោយរកបានត្រឹមតែ ៧ ពិន្ទុប៉ុណ្ណោះ ពីការលេង ១០ប្រកួត។ ក្រុមរបស់លោក Pierre Sage បានរងបរាជ័យរហូតដល់ ៧ ប្រកួត និងរបូតគ្រាប់បាល់ដល់ទៅ ២៤ គ្រាប់ ដែលជំរុញឱ្យថ្នាក់ដឹកនាំក្លឹបចាប់ផ្តើមពិចារណាពីការរកអ្នកថ្មីមកជំនួស។ សារព័ត៌មាននៅអង់គ្លេសបានរាយការណ៍ថា លោក Thomas Frank គឺជាបេក្ខភាពឈានមុខគេក្នុងការចូលមកជំនួសតំណែងនេះ ទោះបីជាលោក Sage ទើបតែចូលមកដឹកនាំកាលពីរដូវក្តៅក៏ដោយ។

ចំណែកឯស្ថានភាពនៅ Manchester United ក៏មិនខុសគ្នាប៉ុន្មានដែរ។ ក្រុមបិសាចក្រហមក្រោមការដឹកនាំរបស់លោក Michael Carrick កំពុងធ្លាក់ទៅឈរនៅ ចំណាត់ថ្នាក់លេខ ១៨ (តំបន់កាត់ចេញ) បន្ទាប់ពីពួកគេ ស្គាល់ជ័យជម្នះត្រឹមតែ ១ ប្រកួតគត់ នៅ Premier League រដូវកាលនេះ។ ទោះបីជាពួកគេទើបតែវាយបកតាមស្មើ Aston Villa យ៉ាងជក់ចិត្តក្នុងលទ្ធផល ៤-៤ ដោយសារគ្រាប់បាល់ ២ គ្រាប់នៅម៉ោងបន្ថែមក៏ដោយ ក៏លទ្ធផលនេះមិនអាចជួយបន្ធូរបន្ថយក្តីបារម្ភជុំវិញអនាគតរបស់លោក Carrick បានឡើយ។

Sunderland គឺជាក្លឹបមួយទៀតដែលត្រូវធ្វើការសម្រេចចិត្តដ៏លំបាកអំឡុងពេលសម្រាកនេះ ទោះបីជាទើបតែទទួលបានជ័យជម្នះដ៏សំខាន់លើក្រុម Chelsea ក៏ដោយ ក៏ក្រុមរបស់លោក Régis Le Bris នៅតែឈរនៅចំណាត់ថ្នាក់លេខ ១៩ (លេខ ២ រាប់ពីបាតតារាង) ដដែល។ យ៉ាងណាមិញ អ្នកចាត់ការសញ្ជាតិបារាំងរូបនេះនៅមានចំណុចវិជ្ជមានមួយដែលជួយការពារតំណែងរបស់លោក នោះគឺស្នាដៃដ៏ធំធេងក្នុងការជួយឱ្យ Sunderland ឡើងមកកាន់ Premier League និងវិលត្រឡប់ទៅកាន់ពានរង្វាន់អឺរ៉ុបវិញ ដែលអាចធ្វើឱ្យថ្នាក់ដឹកនាំក្លឹបផ្តល់ភាពអត់ធ្មត់ដល់លោកច្រើនជាងអ្នកចាត់ការផ្សេងទៀត។

ងាកមកមើល Newcastle United វិញ លោក Matthias Jaissle ក៏កំពុងជួបការលំបាកក្នុងការដឹកនាំក្រុមឱ្យស្របតាមការរំពឹងទុករបស់ក្លឹបផងដែរ។ បច្ចុប្បន្ន ក្រុមសារិកាព្រៃមានគម្លាតត្រឹមតែ ៤ ពិន្ទុប៉ុណ្ណោះ ពីតំបន់កាត់ចោល បើទោះបីជាលទ្ធផលស្មើជាមួយ Fulham កាលពីពេលថ្មីៗនេះបានជួយសម្រាលសម្ពាធបានមួយកម្រិតក្តី។

សម្ពាធនៃការបាត់បង់តំណែងមិនមែនកើតឡើងចំពោះតែក្រុមដែលកំពុងស្ថិតក្នុងតំបន់កាត់ចេញប៉ុណ្ណោះទេ។ លោក Enzo Maresca ក៏កំពុងប្រឈមមុខនឹងការរិះគន់ និងការតាមដានយ៉ាងដិតដល់នៅ Manchester City បន្ទាប់ពីក្រុមមេឃខៀវបានរងបរាជ័យ ៣ ប្រកួតជាប់ៗគ្នានៅក្នុងលីគ។

អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះបានចូលមកកាន់តំណែងនៅកីឡដ្ឋាន Etihad ជាមួយនឹងភារកិច្ចដ៏ធំ បន្ទាប់ពីការចាកចេញរបស់លោក Pep Guardiola ប៉ុន្តែការបរាជ័យច្រើនប្រកួតជាប់គ្នាក្នុងលីគ ក៏បានធ្វើឱ្យតំណែងរបស់លោក មានភាពរង្គោះរង្គើរផងដែរ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា