កំហុសដ៏ធំមិនគួរឱ្យជឿ! Neymar ត្រូវបានបង្ខំឱ្យប្តូរចេញដោយសារកំហុសអាជ្ញាកណ្តាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កំហុសដ៏ធំមិនគួរឱ្យជឿ! Neymar ត្រូវបានបង្ខំឱ្យប្តូរចេញដោយសារកំហុសអាជ្ញាកណ្តាល

កំហុសដ៏ធំមិនគួរឱ្យជឿ! Neymar ត្រូវបានបង្ខំឱ្យប្តូរចេញដោយសារកំហុសអាជ្ញាកណ្តាល

តារាបាល់ទាត់ឆ្នើមសញ្ជាតិប្រេស៊ីល Neymar បានផ្ទុះកំហឹងយ៉ាងខ្លាំងនៅលើទីលាន អំឡុងការប្រកួតដែលក្រុម Santos បានចាញ់ក្រុម Coritiba ក្នុងលទ្ធផល ៣-០ ក្រោយពេលដែលក្រុមអាជ្ញាកណ្តាលបានបង្កកំហុសឆ្គងដ៏គួរឱ្យហួសចិត្ត និងមិនធ្លាប់មានពីមុនមក។

Advertisement

នៅក្នុងការប្រកួតកាលពីថ្ងៃអាទិត្យកន្លងទៅនេះ Neymar ដែលជាប្រធានក្រុម Santos បានបង្ហាញខ្លួននៅក្នុងជម្រើសដំបូង។ ប៉ុន្តែអ្វីៗបានប្រែជាច្របូកច្របល់នៅក្នុងវគ្គទីពីរ នៅពេលដែលគេត្រូវចេញទៅទទួលការព្យាបាលរបួសសាច់ដុំកំភួនជើងខាងស្តាំ។ ភ្លាមៗនោះ ស្រាប់តែលេខ ១០ (ដែលជាលេខអាវរបស់ Neymar) បានបង្ហាញនៅលើក្តារប្តូរកីឡាករអេឡិចត្រូនិករបស់អាជ្ញាកណ្តាលទីបួន ដោយកំណត់ឱ្យរូបគេត្រូវប្តូរចេញជំនួសដោយមិត្តរួមក្រុម Robinho Jr.។

ទោះជាយ៉ាងណាក៏ដោយ នេះគឺជាកំហុសឆ្គងដ៏ធំមួយពីសំណាក់អាជ្ញាកណ្តាលទីបួន ដែលបានលើកលេខខុសខុសពីសន្លឹកប្តូរកីឡាករពិតប្រាកដ។ ដោយសារតែការយល់ច្រឡំនេះ Neymar បានផ្ទុះកំហឹងយ៉ាងខ្លាំង និងបានតវ៉ាជាមួយក្រុមអាជ្ញាកណ្តាល រហូតត្រូវរងពិន័យកាតលឿងថែមទៀតផង ដោយសារតែគេបានដើរចូលទីលានវិញដោយគ្មានការអនុញ្ញាត បន្ទាប់ពីត្រូវបានប្តូរចេញដោយបង្ខំ។

តារាឆ្នើមវ័យ ៣៤ ឆ្នាំរូបនេះ ខឹងសម្បារយ៉ាងខ្លាំងរហូតដល់ដើរទៅរកកាមេរ៉ាដែលនៅក្បែរនោះ ហើយបានបង្ហាញសន្លឹកបញ្ជីប្តូរកីឡាករទៅកាន់ទស្សនិកជន ដែលក្នុងសន្លឹកនោះបានបង្ហាញយ៉ាងច្បាស់ថា អ្នកដែលត្រូវប្តូរចេញពិតប្រាកដគឺខ្សែការពារលេខ ៣១ Gonzalo Escobar មិនមែនជារូបគេឡើយ។

ស្ថានភាពកាន់តែតានតឹងឡើងបន្ទាប់ពីការប្រកួតបានបញ្ចប់ ដោយសារតែក្រុម Santos បានចាញ់នៅក្នុងផ្ទះខ្លួនឯង ៣-០ ធ្វើឱ្យក្រុមអាជ្ញាកណ្តាលត្រូវចាកចេញពីទីលានក្រោមការការពារពីកងកម្លាំងប៉ូលីសយ៉ាងតឹងរ៉ឹង ខណៈដែលមានអ្នកគាំទ្រម្នាក់បានគប់នំ Hamburger សំដៅទៅរកក្រុមអាជ្ញាកណ្តាលថែមទៀតផង។

ព្រឹត្តិការណ៍ដ៏ក្តៅគគុកនេះបានកើតឡើងចំពេលដែលលោក Carlo Ancelotti គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល ត្រៀមប្រកាសបញ្ជីឈ្មោះកីឡាករជាផ្លូវការសម្រាប់ព្រឹត្តិការណ៍ World Cup ២០២៦។ Neymar ដែលខកខានជួយក្រុមជម្រើសជាតិតាំងពីឆ្នាំ ២០២៣ ដោយសារបញ្ហារបួស កំពុងសង្ឃឹមថានឹងមានឈ្មោះវិលត្រឡប់មកវិញ បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងយ៉ាងល្អ ដោយស៊ុតបញ្ចូលទីបាន ១៧ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម (Assists) ចំនួន ៨ ដង ក្នុងការជួយ Santos ឱ្យគេចផុតពីតំបន់កាត់ចោលកាលពីឆ្នាំមុន។

ទាក់ទងនឹងការកោះហៅ Neymar លោក Carlo Ancelotti បានលើកឡើងថា៖ «ខ្ញុំដឹងច្បាស់ថា Neymar ត្រូវបានគេស្រឡាញ់ចូលចិត្តខ្លាំងណាស់ មិនត្រឹមតែពីសំណាក់អ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពីមិត្តរួមក្រុមផងដែរ។ ប៉ុន្តែចុងក្រោយ អ្នកដែលមានសិទ្ធិសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត គឺរូបខ្ញុំផ្ទាល់»។ លោកបានបន្ថែមថា អ្វីដែលលោកបារម្ភមិនមែនជាសមត្ថភាពបច្ចេកទេសរបស់ Neymar នោះទេ ប៉ុន្តែគឺស្ថានភាពកាយសម្បទារបស់គេថាតើអាចទ្រាំទ្រនឹងការប្រកួតដ៏ស្វិតស្វាញបានដែរឬទេ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិប្រេស៊ីល ស្ថិតនៅក្នុងពូល C សម្រាប់ព្រឹត្តិការណ៍ World Cup ២០២៦ ដោយត្រូវប្រកួតបើកឆាកជាមួយ ម៉ារ៉ុក នៅថ្ងៃទី ១៤ ខែមិថុនា មុនពេលត្រូវជួប ហៃទី នៅថ្ងៃទី ២០ ថែមទាំង ស្កុតឡែន នៅថ្ងៃទី ២៥ ខែមិថុនា ខាងមុខនេះ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា