ព្រឹត្តិការណ៍ Pickleball អន្តរជាតិលើកដំបូងនៅកម្ពុជាទាក់ទាញបានអត្តពលិកឆ្នើមមកពីជាង២០ប្រទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ព្រឹត្តិការណ៍ Pickleball អន្តរជាតិលើកដំបូងនៅកម្ពុជាទាក់ទាញបានអត្តពលិកឆ្នើមមកពីជាង២០ប្រទេស

ការប្រកួតកីឡាផិក្កូប៊ល (Pickleball) កម្រិតអន្តរជាតិ STMarket International Cup 2026 បានបញ្ចប់ទៅដោយជោគជ័យ កាលពីថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២៦ នៅទីលាន the Commune Pickleball ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការចូលរួមពីកីឡាករ កីឡាការិនីឆ្នើមៗជាង២០ប្រទេសជុំវិញពិភពលោក។

ឯកឧត្ដម លីម ហ៊ួរនីតា ប្រធានសហព័ន្ធកីឡាផិក្កូប៊លកម្ពុជា បានលើកឡើងថា នេះជាព្រឹត្តិការណ៍ប្រកួតលក្ខណៈអាជីពលើកដំបូងបង្អស់ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍នេះប្រមូលផ្តុំទៅដោយកីឡាករ-កីឡាការិនីអាជីព និងគ្រូបង្វឹកល្បីៗ រួមមាន៖ កីឡាករ Junior Pro លេខ១ ពិភពលោកមកពីសហរដ្ឋអាមេរិក ព្រមទាំងតារាឆ្នើមមកពីម៉ិកស៊ីកូ អាហ្វ្រិកខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី បារាំង និងប្រទេសជាច្រើនទៀត។

ឯកឧត្ដមប្រធានសហព័ន្ធបានគូសបញ្ជាក់បន្ថែមថា ផិក្កូប៊ល មិនត្រឹមតែជាកីឡាសម្រាប់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍ទាក់ទាញទេសចរ និងកសាងសហគមន៍យ៉ាងរឹងមាំ ដោយមិនប្រកាន់អាយុ ឬភេទឡើយ។ ជាក់ស្តែង នៅក្នុងការប្រកួតចុងសប្ដាហ៍កន្លងទៅ មានបេក្ខជនវ័យក្មេងអាយុត្រឹម ៨ឆ្នាំ បានចូលរួមប្រកួតតទល់ជាមួយកីឡាករ-កីឡាការិនីជើងចាស់យ៉ាងស្វិតស្វាញ។

ចំណុចសំខាន់ៗនៃការប្រកួត និងទិសដៅទៅអនាគត៖

ស្តង់ដារទីលាន៖ កម្ពុជាមានទីលានប្រកួតកម្រិតស្តង់ដារអន្តរជាតិ ដែលជាកត្តាទាក់ទាញកីឡាករបរទេសកាន់តែច្រើនឱ្យមកចូលរួមនាពេលខាងមុខ។

ការអភិវឌ្ឍសមត្ថភាព៖ វត្តមានកីឡាករអាជីពលំដាប់ពិភពលោក បានរួមចំណែកយ៉ាងសំខាន់ក្នុងការដុសខាត់សមត្ថភាព និងពន្លឿនការអភិវឌ្ឍកីឡាករក្នុងស្រុក។

បេសកកម្ម Pickle World Cup៖ ក្រោយបញ្ចប់ការប្រកួត កីឡាករអន្តរជាតិទាំងនេះនឹងបន្តស្នាក់នៅកម្ពុជារហូតដល់ចុងខែសីហា ដើម្បីជួយហ្វឹកហាត់ក្រុមកីឡាករជម្រើសជាតិកម្ពុជា មុនចេញទៅប្រកួត Pickle World Cup នៅប្រទេសវៀតណាម នាខែកញ្ញា ខាងមុខ។

ជាចុងក្រោយ ឯកឧត្ដម លីម ហ៊ួរនីតា បានអំពាវនាវដល់សាធារណជនទាំងអស់ដែលចាប់អារម្មណ៍កីឡាផិក្កូប៊ល អាចចូលរួមហ្វឹកហាត់បាន ដោយសហព័ន្ធមានគ្រូបង្វឹកជំនាញៗដែលមានវិញ្ញាបនបត្រត្រឹមត្រូវ រង់ចាំទទួល និងបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា