ថ្នាក់ដឹកនាំកីឡាកម្ពុជា ស្វាគមន៍គម្រោងវិនិយោគមជ្ឈមណ្ឌលហ្វឹកហ្វឺនទូកកានូរបស់ប៉ូឡូញ នៅកោះរ៉ុងដើម្បីជំរុញវិស័យកីឡា និងទេសចរណ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo

ថ្នាក់ដឹកនាំកីឡាកម្ពុជា ស្វាគមន៍គម្រោងវិនិយោគមជ្ឈមណ្ឌលហ្វឹកហ្វឺនទូកកានូរបស់ប៉ូឡូញ នៅកោះរ៉ុងដើម្បីជំរុញវិស័យកីឡា និងទេសចរណ៍

គម្រោងបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាទូកកានូនៅលើទឹកដីកោះរ៉ុង ខេត្តព្រះសីហនុ របស់ប្រតិភូអូឡាំពិកប៉ូឡូញ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំកីឡាកម្ពុជា ដោយរំពឹងថានឹងក្លាយជាចលករថ្មីក្នុងការលើកស្ទួយវិស័យកីឡា និងទាក់ទាញភ្ញៀវទេសចរកាន់តែខ្លាំងក្លា។

​ការបង្ហាញជំហរគាំទ្រនេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជាមួយ លោក Wojciech Zaluski សមាជិកគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិអូឡាំពិកប៉ូឡូញ កាលពីរសៀលថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

​ក្នុងជំនួបនោះ ឯកឧត្ដមបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ និងឯកភាពទាំងស្រុងចំពោះគម្រោងដ៏មានសក្ដានុពលនេះ។ ឯកឧត្ដមបានគូសបញ្ជាក់ថា មជ្ឈមណ្ឌលនេះមិនត្រឹមតែផ្ដល់ទីតាំងហ្វឹកហាត់ប្រកបដោយស្ដង់ដារសម្រាប់ក្រុមកីឡាករជម្រើសជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបើកទំព័រថ្មីនៃ «ទេសចរណ៍កីឡា» ដែលនឹងជួយស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅកោះរ៉ុងកាន់តែច្រើនថែមទៀត។

​ទន្ទឹមនឹងនេះ ឯកឧត្ដម សរ សិទ្ធិ អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលបានចូលរួមក្នុងជំនួបដែរនោះ ក៏បានសម្ដែងការគាំទ្រយ៉ាងកក់ក្ដៅ និងបានផ្ដល់អនុសាសន៍ឱ្យប្រតិភូប៉ូឡូញ បន្តចូលជួបសម្ដែងការគួរសម និងស្នើសុំមតិដឹកនាំបន្ថែមពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដើម្បីជំរុញឱ្យគម្រោងនេះលេចចេញជារូបរាងឆាប់ៗ។

​គួរបញ្ជាក់ថា ការផ្ដួចផ្ដើមគម្រោងនេះឡើង គឺកើតចេញពីក្ដីស្រឡាញ់ និងបទពិសោធន៍ផ្ទាល់របស់លោក Wojciech Zaluski ដែលជាអតីតកីឡាករទូកកានូមួយរូប គួបផ្សំនឹងលោកកំពុងមានមូលដ្ឋានអាជីវកម្មនៅលើកោះរ៉ុងស្រាប់។ ហេតុនេះ លោក និងដៃគូវិនិយោគ មានបំណងផ្សារភ្ជាប់ការអភិវឌ្ឍវិស័យកីឡាទូកកានូ ឱ្យដើរទន្ទឹមគ្នាជាមួយការពង្រីកវិស័យវិនិយោគ និងទេសចរណ៍នៅតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា