Skip to content
ការ​រះឡើង​ជា​ថ្មី​នៃ Lukaku រួម​ចំណែក​ធំ​​​ក្នុង​ជោគជ័យ​របស់ Inter Milan
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ការ​រះឡើង​ជា​ថ្មី​នៃ Lukaku រួម​ចំណែក​ធំ​​​ក្នុង​ជោគជ័យ​របស់ Inter Milan

Inter Milan ​បាន​បញ្ចប់​ការ​រង់ចាំ​១១​ឆ្នាំ​ដើម្បី​គ្រង​ជើងឯក Serie A ​ជា​ថ្មី ហើយ​​​ខ្សែ​ប្រយុទ្ធ​បែលហ្ស៊ិក Romelu Lukaku ​បាន​រួម​ចំណែកធំ​ក្នុងជោគជ័យ​រដូវ​កាល​២០២០-២១​​នេះ​របស់​ក្រុម​លោក Antonio Conte។

Inter បាន​ទិញ Lukaku ពី Manchester United ក្នុង​តម្លៃ​៧៤​លានផោន​ក្នុង​ខែ​សីហា​ឆ្នាំ​២០១៩ តាម​ការ​ចង់​បាន​របស់​លោក Conte ដែល​​ចិញ្ចឹម​ចិត្ត​ចង់​បាន​ខ្សែ​ប្រយុទ្ធ​កម្ពស់​១៩០​សម​រូបនេះ​តាំង​ពី​លោក​នៅ​ជា​អ្នកចាត់ការ Chelsea ម្ល៉េះ​។ ពេល​លោក​មក​ដល់ Inter ភ្លាម លោក​បាន​កំណត់​ច្បាស់​ក្នុង​ចិត្ត​ថា​មិន​ត្រូវ​ការ Mauro Icardi ឡើយ ហើយ​ចង់​បាន Lukaku មក​ជំនួស​។

និយាយ​ពី Icardi, ទោះ​បី​តារា​អាហ្សង់ទីន​រូបនេះ​សម្បូរ​រឿង​​ចម្រូងចម្រាស​ក្រៅទីលាន ប៉ុន្តែ​នៅ​ក្នុង​ការ​ប្រកួត​ គេ​ជា​​កីឡាករ​ដែល​អាច​ទុក​ចិត្ត​បាន​ខ្លាំង​បំផុត​ម្នាក់​។ ជាក់​ស្ដែង​អតីត​ប្រធាន​ក្រុម Inter ​រូ​បនេះ​រក​បាន​១១១​គ្រាប់​ពី​ការ​លេង​ជម្រើស​១១​នាក់​ដំបូង​ក្នុង Serie A ១៦៩​ប្រកួត​។

Lukaku រក​បាន​៤២​គ្រាប់​ពី​៩៦​ប្រកួត​ក្នុង​រយៈ​ពេល​២​ឆ្នាំ​នៅ Man Utd​។ ប៉ុន្តែ​សមត្ថភាព​រក​គ្រាប់​បាល់​របស់​គេ​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ពេល​ចុង​ក្រោយ​នៅ​ក្លិប​បិសាច​ក្រហម​។ ២៦​%​នៃ​គ្រាប់​បាល់​ដែល Lukaku រក​បាន​សម្រាប់ Man Utd កើត​ឡើង​ក្នុង​ពេល​២​ខែ​ដំបូង​នៃ​ការ​មក​ដល់​របស់​គេ​នៅ Old Trafford​។ គេ​រង​ការ​រិះគន់​ចំពោះ​ការ​លេង​ដែល​មើល​ទៅ​ដូច​ខ្ជិល​ៗ, ការ​ទប់​បាល់​ក្រឡក​ពី​ជើង​ឆ្ងាយ​ៗ និង​ការ​បញ្ចប់​ទី​​មិន​សូវ​ច្បាស់ (ខ្ជះខ្ជាយ)​។

ប៉ុន្តែ​ក្រោយ​ពេលមក​ដល់​អ៊ីតាលី អតីត​យុវជន Anderlecht ​វ័យ​២៨​ឆ្នាំ​ បាន​រះឡើង​វិញ និង​ថែម​ទាំង​វ៉ា​លើស​មធ្យមភាគ​នៃ​ការ​​ទាត់​បញ្ចូល​ទី​របស់ Icardi ទៀត​ផង​។ Icardi ​គិត​ជា​មធ្យម​ រក​បាន​​១​គ្រាប់​ក្នុង​ពេល​១៣៦​នាទី​សម្រាប់ Inter ក្នុង Serie A​។ ឯ Lukaku ​គិត​ជា​មធ្យម ប្រើ​​ពេល​១២៩​នាទី​​ដើម្បី​រក​បាន​១​គ្រាប់​ក្នុង Serie A (លេង​ក្នុង​ជម្រើស​១១​នាក់​ដំបូង​ក្នុង Serie A ៦៣​លើក រក​បាន​៤៤​គ្រាប់)​។

Lukaku ​បាន​​ជួយ Inter បន្ថយ​គម្លាត​សមត្ថភាព​ក្រុម​ជាមួយ​គូ​ប្រជែង​​និង​បញ្ចប់​ការ​ត្រួតត្រា​៩​ឆ្នាំ​របស់ Juventus ក្នុង​លីគ​កំពូល​អ៊ីតាលី​។

កាល​ពី​រដូវ​កាល​២០១៨-១៩ Inter បញ្ចប់​រដូវកាល​នៅ​ក្រោម Juventus ដល់​ទៅ​២១​ពិន្ទុ​។ ប៉ុន្តែ​ពេល​មាន​​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​ Lukaku ​និង​គ្រូ​បង្គោល Conte ក្នុង​ក្រុម ពួក​គេ​បាន​ប្រែ​ក្លាយជា​ក្រុម​ប្រជែង​ជើងឯក​ឡើង​វិញ​ក្នុង​រដូវកាល​២០១៩-២០ ​ហើយ​​បញ្ចប់​យុទ្ធនាការ​​ក្នុង​លេខ​រៀង​​ទី​២​ ដោយ​ចាញ់ Juventus ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ​។ ហើយ​ក្នុង​រដូវ​កាល​​២០២០-២១​នេះ Inter យក​​​ជើងឯក​បាន​សម្រេច​តែ​ម្ដង​។

កាល​នៅ Everton និង Man Utd, Lukaku ជា​រឿយ​ៗ​ត្រូវ​បាន​ដាក់​ឱ្យ​លេង​ជា​ខ្សែ​​ប្រយុទ្ធ​ទោល​។ តែ​នៅ Inter គេ​ត្រូវ​បាន​​លោក Conte ដាក់​ឱ្យ​ចាប់​ដៃគូ​ជាមួយ Lautaro Martinez ក្នុង​ប្រព័ន្ធ​៣-៥-២​។ Lukaku មិន​ត្រឹម​តែ​បង្ហាញ​ពី​ភាព​រីក​ចម្រើន​​នៃ​ការ​​លេង​​របស់​គេ​ប៉ុណ្ណោះ​ទេ តែ​គេ​ថែម​ទាំង​​ជួយ​ឱ្យ Martinez លេង​ដល់​សក្ដានុពល​​​ផង​ដែរ​។ អ្នក​ទាំង​ពីរ​​យល់​ចិត្ត​គ្នា​យ៉ាង​ល្អ​។ នៅ​ពេល Martinez ទម្លាក់​មក​​ក្រោម​ជ្រៅ​ដើម្បី​បង្កើត​តំបន់​ទំនេរ Lukaku នឹង​រត់​ពី​ក្រោយ​ទៅ​រក​តំបន់​នោះ​។ នៅ​ពេល Lukaku ទប់​បាល់​​បែរ​ខ្នង​ទល់​ខ្សែ​ការពារ Martinez នឹង​​​ធ្វើ​ចលនា​រក​កន្លែង​ទាត់​។ កីឡាករ​ទាំង​២​អាច​​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក ជា​អ្នក​បង្កើត​ឱកាស និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី ដែល​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​ដៃគូ​ប្រយុទ្ធ​ដែល​ខ្សែ​ការពារ​ពិបាក​បិទ​។

ក្នុង​ការ​លេង​ជម្រើស​១១​នាក់​ដំបូង​ជាមួយ​គ្នា​៦៤​ប្រកួត ពួក​គេ​អាស៊ីស​ឱ្យ​គ្នា​​ទៅ​វិញ​ទៅ​មក​១៨​គ្រាប់ ហើយ​អ្នក​ទាំង​ពីរ​រក​បាន​គ្រាប់​បាល់​បញ្ចូល​គ្នា​សរុប​ដល់​ទៅ​​៨៧​គ្រាប់​។

កាល​នៅ Man Utd, Lukaku លេង​​ជាមួយ Marcus Rashford ៧៥​លើក បង្កើត​បាន​គ្រាប់​បាល់​ឱ្យ​គ្នា​៩​គ្រាប់​។ លេង​ជាមួយ Anthony Martial ៦២​លើក បង្កើត​គ្រាប់​បាល់​ឱ្យ​គ្នា​បាន​១០​គ្រាប់​ប៉ុណ្ណោះ​។

ការ​​ពាំង​រក្សា​បាល់​ជា​ជំនាញ​ចម្បង​របស់​ខ្សែ​ប្រយុទ្ធ​មាឌ​ដំរី​សា​រ​រូប​នេះ​ជានិច្ច​មក​ហើយ​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​គឺ​ភាព​រីក​ចម្រើន​នៃ​ភាព​ច្នៃប្រតិដ្ឋ​របស់ Lukaku នៅ​តំបន់​ប្រយុទ្ធ​។ តួយ៉ាង ដូច​ពេល​គេ​អាស៊ីស​គ្រាប់​បើក​ឆាក​របស់ Martinez ក្នុង​ជ័យជម្នះ​៣-០​របស់ Inter លើ AC Milan ក្នុង​ខែ​កុម្ភៈ​កន្លង​ទៅ​។ គេ​បាន​បម្លាស់​ទី​ទៅ​ខាង​ស្ដាំ ប្រើ​ល្បឿន​រត់​ហួស​ខ្សែការពារ Alessio Romagnoli រួច​លើក​បាល់​យ៉ាង​ចំណាន​ឱ្យ Martinez តែត​បញ្ចូល​ទី​។ គ្មាន​កីឡាករ​ណា​អាស៊ីស​បាន​ច្រើន​ជាង​ Lukaku ទេ​ក្នុង​ក្របខណ្ឌ Serie A ​រដូវកាល​នេះ​។ ស្ទីល​លេង​របស់ Lukaku មាន​ចំណុច​ខ្លះ​ស្រដៀង Karim Benzema ហើយ​ឥឡូវ Lukaku ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​​​លេង​ភ្ជាប់​(link play)​ និង​​នាំ​បាល់​ពី​ខាង​ក្រោម​មក​យ៉ាង​ល្អ​ ខណៈ​ចលនា​និង​ភាព​បត់បែន​របស់​គេ​ធានា​ថា​​ការ​សម្រេច​ផល​គឺ​នៅទីនោះ​ដែរ​។ គ្រាប់​បាល់​របស់​គេ​ក្នុង​ជ័យជម្នះ​២-១​លើ Sassuolo កាល​ថ្ងៃ​ទី​៧​ខែ​មេសាជា​តឹកតាង​បញ្ជាក់​ចំណុច​នេះ ដែល​គេ​បាន​ប្រើ​ទ្រូង​បញ្ជូន​បាល់​ឱ្យ Martinez ​នៅ​ខ្សែ​បន្ទាត់​កែ​បាល់ រួច​រត់​យ៉ាង​លឿន​ទៅ​ក្នុង​ប្រអប់​ដើម្បី​តែត​បាល់​ក្រូស​របស់ Ashley Young ​បញ្ចូល​ទី​។

គួរ​ជម្រា​ប​ថា ពេល​ទៅ​ដល់ Inter ភ្លាម បុគ្គលិក​ផ្នែក​វិទ្យាសាស្ត្រ​កីឡា​របស់​ក្លិប​នេះ​បាន​​រៀប​របប​អាហារ​ឱ្យ Lukaku ដោយ​ប្រើ​សាច់​​ពណ៌​ស​និង​បន្លែ ដើម្បី​​សម្រក​ទម្ងន់​​។ វា​បាន​ហុច​ផល​។ រដូវកាល​នេះ អ្នក​មុខ​ជា​បាន​ឃើញ​រឿយ​ៗ​ហើយ​​អំពី​ Lukaku ​ផ្ដួល​ខ្សែ​ការពារ​នៅ​ពេល​ counter-attack​។ ដូច​ជា​កាល​ឈ្នះ​៣-១​លើ Lazio ក្នុង​ខែ​កុម្ភៈ Lukaku ទទួល​បាន​ពី​​ខាង​តំបន់​របស់​ Inter រួច​ប្រើ​ល្បឿន​​រត់​ផុត Marco Parolo ហើយ​​អាស៊ីស​ឱ្យ Martinez​។

Inter ជា​ក្រុម​ដែល​រក​បាន​គ្រាប់​ពី counter-attack ​ច្រើន​ជាង​គេ​ក្នុង Serie A ​រដូវកាល​នេះ ហើយ Lukaku ជា​​កត្តា​​រួម​ចំណែក​យ៉ាង​សំខាន់​។

កាល​នៅ Man Utd, Lukaku ​រង​ការ​រិះគន់​ច្រើន ពិសេស​ក្នុង​ការ​ប្រកួត​ធំ​ៗ​ទល់​នឹង Big Six​។ ​គេ​រក​បាន​តែ​១​គ្រាប់​និង​អាស៊ីស​៤​គ្រាប់​ក្នុង​ការ​លេង​១១​នាក់​ដំបូង​១៦​ប្រកួត​សម្រាប់ Man Utd ទល់​នឹង​ក្រុម​ធំ​បំផុត​៥​ផ្សេង​ទៀត​របស់​ Premier League។​ ការ​រិះគន់​បែបនេះ​ក៏​កើត​មាន​ចំពោះ Lukaku ដែរ​កាល​គេ​ទើប​មក​ដល់​ Inter ដំបូង​ៗ នៅ​ពេល​គេ​ខ្ជះខ្ជាយ​ឱកាស​មាស​ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​ទល់​នឹង Barcelona ដែល​កំណត់​ពីការ​ឡើង​ធ្លាក់​ក្នុង​វគ្គ​ចែកពូល Champions League និង​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League ទល់​នឹង Sevilla​។

តែ​ក្នុង​រដូវ​កាល​២០២០-២១​នេះ Lukaku មិនមែន Lukaku ដែល​គេ​រិះគន់​នោះ​ទៀត​ទេ​។ គេ​​រួម​ចំណែក​​បង្កើត​បាន​៨​គ្រាប់​ក្នុង​ការ​ចាប់​ផ្ដើម​ការ​ប្រកួត​១០​លើក​​ទល់​នឹង​គូ​ប្រជែង​ធំ​ទាំង​៦​របស់ Inter Milan រួម​មាន AC Milan, Atalanta, Juventus, Napoli, Lazio និង Roma​។

Lukaku កន្លង​មក​បាន​និយាយ​ថា​​យុទ្ធសាស្ត្រ​ប្រកប​ដោយ​ការ​​ជំរុញ​ទឹក​ចិត្ត​របស់​លោក Conte គឺ​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​គេ​រីក​ចម្រើន​៕

Db Milano 07/04/2021 – campionato di calcio serie A / Inter-Sassuolo / foto Daniele Buffa/Image Sport nella foto: Antonio Conte-Romelu Lukaku