ជនជាតិ​ជប៉ុន​​ជាង​៨០​%​ជំទាស់​​នឹង​ការ​​រៀបចំ​ព្រឹត្តិការណ៍​តូក្យូ​​អូឡាំពិក​​ឆ្នាំ​នេះ

តាម​រយៈ​ការ​​ដាក់​ឱ្យ​បោះ​ឆ្នោត​ស្ទង់​មតិ​​និង​បង្ហាញ​ឱ្យ​ឃើញ​​នា​ថ្ងៃ​ចន្ទ​ទី​១៧​ខែ​ឧសភា​ឆ្នាំ​២០២១​នេះ ប្រជាជន​ជប៉ុន​ជាង​៨០​%បាន​​ជំទាស់​នឹង​ការ​រៀប​ចំ​ព្រឹត្តិការណ៍​តូក្យូ​អូឡាំពិក២០២០​ ខណៈ​នៅ​សល់​ពេល​មិន​ដល់​១០​សប្ដាហ៍​ទៀត​ផង​ព្រឹត្តិការណ៍​នឹង​ចូល​មក​ដល់​ បន្ទាប់​ពី​​ត្រូវ​បាន​លើក​ពេល​១​ឆ្នាំ​​ដោយសារ​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩​។

ការ​ស្ទង់​មតិ​ចុង​សប្ដាហ៍​មុន​ដោយ​កាសែត​ជាតិ​ Asahi Shimbun រក​ឃើញ​ថា​អ្នក​ឆ្លើយ​សំណួរ​ចំនួន​៤៣​%​ចង់​ឱ្យ​លុប​ចោល​ព្រឹត្តិការណ៍​តូក្យូ​អូឡាំពិក ខណៈ​៤០​%​ទៀត​ចង់​ឱ្យ​ពន្យារ​ពេល​បន្ថែម​។

តួ​លេខ​នេះ​កើន​ឡើង​​បើ​ធៀប​នឹង​ការ​ស្ទង់​មតិ​ដោយ​កាសែត​ខាង​លើ​ក្នុង​ខែ​មុន ដែល​សំឡេង​គាំទ្រ​ឱ្យ​លុប​ចោល​តូក្យូ​អូឡាំពិក​មាន​៣៥​% និង​៣៤%​ចង់​ឱ្យ​បន្ត​ពន្យារ​ពេល​។

មាន​តែ​១៤​%​ប៉ុណ្ណោះ​ដែល​គាំទ្រ​ឱ្យ​​តូក្យូ​អូឡាំពិក​ដំណើការ​តាម​​ការ​គ្រោង​ទុក​ក្នុង​រដូវ​​ក្ដៅ​នេះ គឺ​ធ្លាក់​ចុះ​ពាក់​កណ្ដាល​ខុសពី​លើក​មុន​ដែល​មាន​សំឡេង​គាំទ្រ​​២៨​%​។

ហើយ​បើ​ការ​ប្រកួត​​កើត​ឡើង​តាម​គម្រោង អ្នក​ឆ្លើយ​សំណួរ​​ចំនួន​៥៩​%​មិន​ចង់​ឱ្យ​មាន​ទស្សនិកជន​ឡើយ ហើយ​៣៣​%​ចង់​ឱ្យ​មាន​ទស្សនិកជន​តិច និង​៣​%​ចង់​ឱ្យ​មាន​ទស្សនិកជន​ពេញ​កីឡដ្ឋាន​។

ដោយឡែក ការ​ស្ទង់​មតិ​របស់​ Kyodo News វិញ កាល​ពី​ថ្ងៃ​អាទិត្យ​បង្ហាញ​ថា​៥៩,៧​% ចង់​ឱ្យ​លុប​ចោល​តូក្យូ​អូឡាំពិក​។

ការ​ស្ទង់​មតិ​ខាង​លើ​ត្រូវ​​បាន​ធ្វើ​ឡើង បន្ទាប់​ពី​រាជរដ្ឋាភិបាល​ជប៉ុន​បាន​​ពង្រីក​​ការ​ដាក់​រដ្ឋ​ក្នុង​ភាព​អាសន្ន​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ស្រប​ពេល​ប្រទេស​ដ៏​ជឿនលឿន​មួយ​​នេះ​ប្រយុទ្ធប្រឆាំង​នឹង​រលក​ទី​៤​នៃ​ការ​រាតដ្បាត​ដោយ​ជំងឺ​កូវីដ​១៩​។

ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​កូវីដ​១៩​ក្នុង​ប្រទេស​ជប៉ុន បាន​ដាក់​សម្ពាធ​លើ​ប្រព័ន្ធ​សុខាភិបាល​ប្រទេស​នេះ ហើយ​​អ្នក​ជំនាញ​​វេជ្ជសាស្ត្រ​បាន​ព្រមាន​ម្ដង​ហើយ​ម្ដង​​ទៀត​អំពី​កង្វះខាត​និង​ភាព​នឿយហត់​។

ជប៉ុន​មាន​​ករណី​ឆ្លង​កូវីដ​១៩​តិច​ជាង​ប្រទេស​​​ច្រើន​ផ្សេង​ទៀត​និង​មាន​អ្នក​ស្លាប់​ប្រមាណ​១១៥០០​នាក់​មក​ទល់​ពេលនេះ​។ ប៉ុន្តែ​រដ្ឋាភិបាល​រង​​សម្ពាធ​ដោយសារ​ភាព​យឺតយ៉ាវ​នៃ​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​។

គណៈកម្មាធិការ​រៀប​ចំ​អូឡាំពិក​និយាយ​ថា​វិធានការ​តឹងរ៉ឹង​ប្រឆាំង​កូវីដ​១៩ រួម​បញ្ចូល​ទាំង​ការ​ធ្វើតេស្ត​ជា​ប្រចាំ​លើ​អត្តពលិក​និង​ការ​ហាម​ប្រាម​ទស្សនិកជន​មក​ពី​បរទេស​នឹង​ធ្វើ​ឱ្យ​​ព្រឹត្តិការណ៍​មាន​សុវត្ថិភាព​៕

Monghak Yonghttps://ams.com.kh/
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕

ព័ត៌មានជាប់ទាក់ទង

បណ្ដាញសង្គម

36,369FansLike
153FollowersFollow
9,990SubscribersSubscribe
- Advertisement -spot_img

ព័ត៌មានចុងក្រោយ