Skip to content
Kane និយាយថាគេមិនដែលមិនព្រមចូលហាត់ឡើយហើយគេនឹងវិលវិញនៅថ្ងៃសៅរ៍នេះ
    ទំព័រដើម  »  កីឡាជាតិ

Kane និយាយថាគេមិនដែលមិនព្រមចូលហាត់ឡើយហើយគេនឹងវិលវិញនៅថ្ងៃសៅរ៍នេះ

ខ្សែប្រយុទ្ធឆ្នើម Harry Kane របស់ Tottenham បាននិយាយថាគេមិនដែល«​មិន​ព្រម​ចូលហាត់»​ម្ដង​ណា​ឡើយ ហើយ​គេ​នឹង​ត្រលប់​មក​ក្លិប​មាន់​ខ្នាយ​មាស​វិញ​នៅ​ថ្ងៃសៅរ៍​ទី​៧​ខែ​សីហា​ឆ្នាំ​២០២១​នេះ​តាម​គម្រោង​។

បន្ទាប់​ពី​សម្រាក​លម្ហែកាយ​ក្រោយ​ជួយ​អង់គ្លេស​ឡើង​ផ្ដាច់ព្រ័ត្រ Euro 2020 កីឡាករ​វ័យ​២៨​ឆ្នាំ​ខាង​លើ​​មិន​បាន​មក​ទីលាន​ហ្វឹកហាត់​របស់ Spurs កាល​ពី​ថ្ងៃ​ចន្ទ​ដើម្បី​ធ្វើតេស្ត​កូវីដ​១៩ ​តាម​កាល​វិភាគ​កំណត់​ឡើយ​។

អ្នកចាត់ការ Manchester City បាន​បញ្ជាក់​​ពី​ចំណាប់អារម្មណ៍​លើ Kane តែ​ទំនង​ពុំ​ហ៊ាន​ដល់​ថ្លៃ​១៦០​លាន​ផោន​តាម​ការ​ទាមទារ​របស់​លោក Daniel Levy ឡើយ​។

Kane និយាយ​ថា​គេ​ឈឺ​ចាប់​ចំពោះ​មតិ​មួយ​ចំនួន​ក្នុង​សប្ដាហ៍​នេះ​ដែល​​ចោទ​ជា​សំណួរ​ចំពោះ​វិជ្ជាជីវៈ​របស់​គេ​។

គេ​បាន​បង្ហោះ​លើ Twitter ​ថា​៖ «ខ្ញុំ​សូម​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​ខ្ញុំ​​គ្មាន​ថ្ងៃ ហើយ​និង​មិន​ដែល​​បាន​បដិសេធ​ដើម្បី​​មិន​ចូល​ហាត់​ម្ដង​ណា​ឡើយ។ ខ្ញុំ​នឹង​មិន​ធ្វើ​សកម្មភាព​ណា​មួយ​ដែល​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​អ្នកគាំទ្រ​ដែល​បាន​ផ្ដល់​ការ​គាំទ្រ​​ដល់​ខ្ញុំ​យ៉ាង​ច្រើន​អំឡុង​ពេល​ខ្ញុំ​នៅ​ជាមួយ​ក្លិប។ មក​ទល់​ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​ដដែល​​»។

Kane បាន​ចូល​រួម Spurs តាំង​ពី​អាយុ​១១​ឆ្នាំ​ និង​សល់​កិច្ចសន្យា​៣​ឆ្នាំ​ទៀត​ជាមួយ Spurs ​បន្ទាប់​ពី​បាន​ស៊ីញេ​កិច្ចសន្យា​ថ្មី​ក្នុង​ឆ្នាំ​២០១៨​។

រដូវកាល​២០២០-២១ គេ​បាន​ឈ្នះ​ស្បែក​ជើង​មាស Premier League ជា​លើក​ទី​៣​ដោយ​រក​បាន​២៣​គ្រាប់ បន្ទាប់​ពី​ឈ្នះ​ក្នុង​រដូវកាល​២០១៥-១៦ និង​២០១៦-១៧​។

​មក​ទល់​ពេលនេះ Kane រក​បាន​២២១​គ្រាប់​សម្រាប់ Spurs ស្ថិត​ក្នុង​លេខ​រៀង​ទី​២​នៃ​បញ្ជី​អ្នករក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​មាន់​ខ្នាយ​មាស នៅ​ក្រោម​លោក Jimmy Greaves ដែល​រក​បាន​២៦៦​គ្រាប់​ពី​ឆ្នាំ​១៩៦១​ដល់​១៩៧០​។

Spurs នឹង​បើក​ឆាក​ Premier League រដូវកាល​២០២១-២២ ទល់ Man City នៅ​ថ្ងៃ​អាទិត្យ​ទី​១៥​ខែ​សីហា​៕