Skip to content
Salah ចង់ជួប Real Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League
    ទំព័រដើម  »  កីឡាជាតិ

Salah ចង់ជួប Real Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League

តារាឆ្នើម Mohamed Salah បានទម្លាយ​ឱ្យដឹងថា គេចង់ជួបប្រកួតទល់នឹង Real Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ក្រោយរួមចំណែកជួយ Liverpool ឆ្លងទៅកាន់វគ្គនេះ ពីការយកឈ្នះ Villarreal។

ក្រុមហង្សក្រហមបានឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ៣លើក ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ក្រោមការដឹកនាំដោយអ្នកចាត់ការ Jurgen Klopp ហើយរំពឹងថាអាចបង្កើតប្រវត្តិសាស្ដ្រសម្រាប់រដូវកាល ២០២១-២២ នេះ។

ទោះបីជាធ្វើមិនបានល្អសម្រាប់ការប្រកួតវគ្គទី១ នៃជំនួបជើងទី២នៅក្នុងទឹកដីរបស់ Villarreal ប៉ុន្ដែនៅទីបំផុត Liverpool នៅតែអាចទទួលបានជ័យជម្នះ ៣-២ ហើយសរុបលទ្ធផលទាំងពីរជើងពួកគេឈ្នះ ៥-២។

សម្រាប់លទ្ធផលវិជ្ជមានពីការឆ្លងកាត់ស្ថានភាពដ៏លំបាក បានបង្កើនទំនុកចិត្តសម្រាប់ Liverpool ថាអាចឈ្នះពាន៤ក្នុងរដូវកាលនេះ ហើយ Salah បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតប្រជែងដ៏ធំនេះ។

ខ្សែប្រយុទ្ធឆ្នើមអេហ្ស៊ីប បាននិយាយថា៖ “ការឈ្នះពាន៤(Quadruple) ជាគោលដៅរបស់យើង។ ប្រហែលមិនរំពឹងបែបនេះទេ នៅពេលចាប់ផ្ដើមរដូវកាល។ ខ្ញុំតែងតែមានភាពស្មោះត្រង់ និងផ្ដោតការយកចិត្តទុកដាក់ទៅលើការប្រកួត Champions League និង Premier League។ បន្ទាប់ពីយើងយកឈ្នះ Man City ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខ្ញុំគិតថាយើងនឹងនៅតែបន្ដក្ដីសង្ឃឹម។ ​ បន្ទាប់ពីឆ្លងកាត់វគ្គចែកពូល ខ្ញុំគិតថា អូខេ យើងនឹងឈ្នះ Champions League ក្នុងឆ្នាំនេះ។ ខ្ញុំចង់ជួប Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ Man City ជាក្រុមដ៏ពិបាកប្រកួតតទល់មួយ”។

ចំពោះការចង់ជួប Real Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រ អាចជាហេតុផលផ្ទាល់ខ្លួនមួយសម្រាប់ Salah ក្នុងការធ្វើរឿងដែលខ្លួនមិនទាន់បានសម្រេច ពោលគឺការខកចិត្តក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League 2018 ដែលក្រុមហង្សក្រហមបរាជ័យក្រោមថ្វីជើងរបស់ Real Madrid។

អតីតខ្សែប្រយុទ្ធរបស់ AS Roma រូបនេះ ត្រូវបង្ខំចិត្តដើរចេញពីទីលាន ក្រោយការប្រកួតទើបតែចាប់ផ្ដើម ដោយសាររងរបួសពេលប៉ះទង្គិចជាមួយខ្សែការពារ Sergio Ramos។

Ramos ពេលនោះរងការរិះគន់សម្រាប់អ្វីដែលគេបានបង្ក ដែលមើលទៅដូចជាមានចេទនាធ្វើឱ្យ Salah មានរបួស។ ទោះយ៉ាងណាក្ដី ខ្សែការពារអេស្ប៉ាញរូបនេះ បានចាកចេញពីទឹកដី Santiago Bernabeu ទៅចូលរួមក្លិប Paris Saint-Germain ក្នុងរដូវក្ដៅឆ្នាំមុន៕