Skip to content
Barcelona បានចុះបញ្ជីកីឡាករចំណូលថ្មីសឹងទាំងអស់ នៅខ្វះតែម្នាក់ មុនបើកឆាក La Liga យប់នេះ
    ទំព័រដើម  »  កីឡាជាតិ

Barcelona បានចុះបញ្ជីកីឡាករចំណូលថ្មីសឹងទាំងអស់ នៅខ្វះតែម្នាក់ មុនបើកឆាក La Liga យប់នេះ

Barcelona បានប្រកាសកាល​ពីថ្ងៃ​សុក្រ​ទី​១២​ខែ​សីហា​ឆ្នាំ​២០២២​ថា​ពួក​គេ​បាន​​ចុះ​បញ្ជី​កីឡាករ​ចំណូល​ថ្មី​បាន​សឹង​ទាំង​អស់ នៅ​ខ្វះ​តែ Jules Kounde ម្នាក់​ប៉ុណ្ណោះ មុន​ពេល​បើក​ឆាក La Liga រដូវកាល​ថ្មី​របស់​ពួក​គេ​ទល់​នឹង Rayo Vallecano នៅ​ថ្ងៃ​សៅរ៍​នេះ​។

បន្ទាប់​ពី​បាន​លក់​២៤,៥​%​នៃ Barca Studios ទៅ​ឱ្យ​ក្រុមហ៊ុន Orpehus Media ក្នុងត​ម្លៃ​៨៥​លានផោន Barca ​បាន​សង្ឃឹម​ថា​ចំណូល​នេះ​នឹង​អនុញ្ញាត​ឱ្យ​ពួក​គេ​អាច​ចុះ​បញ្ជី​សមាជិក​ថ្មី​ទាំង​អស់​បាន​ក្នុង​សប្ដាហ៍នេះ​។

ប៉ុន្តែ​ជាក់​ស្ដែង ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​ខ្សែការពារកណ្ដាល​ជម្រើស​ជាតិ​បារាំង Kounde ដែល​ទើបផ្ទេរ​មក​ពី Sevilla ត្រូវ​រង់ចាំ​សិន ដ្បិត​មិន​ទាន់​អាច​ចុះ​បញ្ជី​ទាំង​អស់​គ្នា​បាននៅឡើយ​។ ពោល​គឺ មាន​តែ Robert Lewandowski (ផ្ទេរ​មក​ពី Bayern Munich ក្នុង​តម្លៃ៤២,៥លានផោន), Raphinha (ផ្ទេរ​មក​ពី Leeds United ក្នុងតម្លៃ​៥៥​លានផោន), Andreas Christensen (ផ្ទេរ​មក​ពី Chelsea ដោយ​គ្មាន​តម្លៃ​ផ្ទេរ) និង Franck Kessie (ផ្ទេរ​មក​ពី AC Milan ដោយ​គ្មាន​តម្លៃ​ផ្ទេរ) ប៉ុណ្ណោះ​ដែល​ត្រូវ​បានចុះ​បញ្ជី​រួចរាល់ មុន​ពេល Barca ស្វាគមន៍ Rayo Vallecano នៅ Camp Nou ម៉ោង​២​រំលង​អធ្រាត្រ​យប់​ថ្ងៃ​សៅរ៍​ទី​១៣​សីហា​នេះ​។

Ousmane Dembele និង Sergi Roberto ដែល​ទើប​បន្ត​កិច្ចសន្យា​ថ្មី ក៏​ត្រូវ​បាន​ចុះ​បញ្ជី​រួច​រាល់ផង​ដែរ ខណៈ Barca កំពុង​ចរចា​យក Marcos Alonso ពី Chelsea បន្ថែម​ម្នាក់​ទៀត ស្រប​ពេល Bernardo Silva របស់ Manchester City នៅ​តែ​ជា​គោលដៅ​ចម្បង​មួយ​របស់​លោក Xavi​។

Barca នឹង​ត្រូវកាត់​បន្ថយ​ប្រាក់​ខែខ្ពស់​ៗ​​មួយ​ចំនួន​ទៀត​​នៅ​ក្នុង​ក្លិប​ដើម្បី​អាច​​ចុះ​បញ្ជី​ Kounde ​បាន​​។

សូម​ជម្រាប​ថា Barca ត្រូវ​គោរព​តាម​​លក្ខខណ្ឌ​កញ្ចប់​ប្រាក់​ខែ​របស់ La Liga ដើម្បី​អាច​ចុះ​បញ្ជី​កីឡាករ​ថ្មី​ៗ​របស់​ពួក​គេ​។ Barca បាន​ប្រើប្រាស់​យន្តការ​មួយ​ចំនួន​​ថ្មី​ៗនេះ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ក្នុង​បំណង​កាត់​បន្ថយ​ការ​ខាតបង់ កាត់​បន្ថយ​បំណុល និង​ដើម្បី​អនុលោម​តាម​បទ​បញ្ជា Financial Fair Play របស់ La Liga៕

ប្រភព៖ Skysports