Skip to content
Antony ស៊ុតចូលយ៉ាងស្អាតក្នុងថ្ងៃ​បង្ហាញខ្លួនលើក​ទី​១ ខណៈ Man Utd បញ្ចប់​កំណត់ត្រា​១០០%​របស់ Arsenal
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Antony ស៊ុតចូលយ៉ាងស្អាតក្នុងថ្ងៃ​បង្ហាញខ្លួនលើក​ទី​១ ខណៈ Man Utd បញ្ចប់​កំណត់ត្រា​១០០%​របស់ Arsenal

សមាជិកថ្មីតម្លៃ១០០លានអឺរ៉ូរបស់ Manchester United Antony ស៊ុត​បញ្ចូល​ទី​យ៉ាង​ស្អាត​ក្នុង​ថ្ងៃ​ចូលលេងលើក​ដំបូង​សម្រាប់​បិសាច​ក្រហម ហើយ Marcus Rashford រក​បាន​២​គ្រាប់​ម្នាក់​ឯង ជួយ​ក្រុម​លោក Erik Ten Hag ឈ្នះ​៤​ប្រកួត​ជាប់​គ្នា និង​បញ្ចប់​កំណត់ត្រា​១០០%​របស់ Arsenal ក្នុង​ក្របខណ្ឌ Premier League នៅ Old Trafford យប់​ថ្ងៃ​អាទិត្យ​ទី​៤​ខែ​កញ្ញា​ឆ្នាំ​២០២២​។

ខ្សែ​ប្រយុទ្ធ​ស្លាប​​សញ្ជាតិ​ប្រេស៊ីល​​បាន​ស៊ុត​​ជើង​ឆ្វេង​បញ្ចូល​ទី Aaron Ramsdale នៅបង្គោលទី២ក្នុង​នាទី​៣៥ បន្ទាប់​ពី​ទទួល​បាល់​បញ្ជូន​​ពី Rashford​។

Bukayo Saka បាន​ស៊ុត​តាម​ស្មើ​ឱ្យ Arsenal ក្នុងនាទី​៦០​។ តែ​បន្ទាប់​មក Rashford រក​បាន​២​គ្រាប់​ក្នុងនាទី​៦៦​និង​៧៥​ពី​បាល់ counter-attack ជួយ​ក្រុម​បិសាច​ក្រហម​ឈ្នះ​ជា​លើក​ទី​៤​ជាប់​ៗ​គ្នា និងឡើង​មក​លេខ​រៀង​ទី​៥​ក្នុង​ក្របខណ្ឌ Premier League​។ នេះ​ជា​ការ​រក​បាន​២​គ្រាប់​ម្នាក់ឯង​ក្នុង​មួយ​ប្រកួត​ជា​លើក​ដំបូង​សម្រាប់ Rashford តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​២០២០​មក​។

 Bruno Fernandes បាន​រួមចំណែក​​យ៉ាង​សំខាន់​ផង​ដែរ​ក្នុង​គ្រាប់​បាល់​ទាំង​២​នេះ ដោយ​ដំបូង​បញ្ជូន​ទម្លុះ​ខ្សែការពារ​យ៉ាង​ល្អ​សម្រាប់​គ្រាប់​ទី​១​របស់ Rashford និង​បន្ទាប់​មក​បញ្ជូន​ដាច់​ឱ្យ Christian Eriksen បញ្ជូន​បន្ត​សម្រាប់ Rashford ពែន​បញ្ចូល​ទី​។

មែនទែនទៅ យប់មិញ​នេះ Arsenal ​បាន​បំប៉ោង​សំណាញ​ទី Man Utd មុន​ដោយ Gabriel Martinelli ប៉ុន្តែ​ត្រូវ​បាន VAR លុប​ចោល​ដោយសារ​កំហុស​របស់ Martin Odeegard លើ Eriksen ពេល​ដណ្ដើម​បាល់​បាន​នៅ​កណ្ដាលតារាង​។

ប្រសិនបើ Arsenal ឈ្នះ​យប់មិញ នោះ​វា​នឹង​ជា​លើក​ទី​១​តាំង​ពី​ឆ្នាំ​១៩៤៧​មក​ដែល Arsenal បើក​ឆាក​លីគ​កំពូល​អង់គ្លេស​៦​ប្រកួត​ដំបូង​ឈ្នះ​រហូត​។

Arsenal ទោះបី​យ៉ាង​ណា នៅ​បន្ត​គ្រង​កំពូល​តារាង​ដដែល ដោយ​មាន​១៥​ពិន្ទុពី​៦​ប្រកួត នៅ​លើក្រុម​លេខ២ Manchester City ១​ពិន្ទុ​។

នៅ​ក្រោយ​ពេលចប់​ការ​ប្រមូល​ផ្ដុំ​​ក្រុម​ជម្រើស​ជាតិ​ Arsenal នឹង​ត្រឡប់​មក​វិញ​ត្រូវ​ធ្វើការ​ធ្ងន់​ជា​បន្ត​បន្ទាប់​​៥​ប្រកួត រួម​ទាំង​ជំនួប​ទល់​ Tottenham, Liverpool និង Manchester City​ ផង​ដែរ៕