Skip to content
Diego Costa មកធ្វើតេស្តនៅក្លិបមួយនៅអង់គ្លេស ខណៈ Barkley ទៅបារាំងក្រោយចែកផ្លូវ Chelsea
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Diego Costa មកធ្វើតេស្តនៅក្លិបមួយនៅអង់គ្លេស ខណៈ Barkley ទៅបារាំងក្រោយចែកផ្លូវ Chelsea

ខ្សែប្រយុទ្ធ Diego Costa នឹងធ្វើតេស្ត​នៅ​ក្លិប Wolverhampton Wanderers សប្ដាហ៍នេះដើម្បីវាយតម្លៃកាយសម្បទា​និង​ភាព​ស័ក្ដិសម​របស់​គេ​ក្នុង​ក្រុម​មួយ​នេះ បន្ទាប់​ពី​ខ្សែប្រយុទ្ធថ្មី Sasa Kalajdzic និង​តារា​ជើង​ស៊ុត​ម៉ិកស៊ីកូ Raul Jimenez របួស​។

Costa អតីត​សមាជិក Chelsea និង Atletico Madrid ​វ័យ​៣៣​ឆ្នាំ ទំនេរ​ពុំ​ទាន់​មាន​ក្លិប​តាំង​ពី​ក្រោយ​ពេល​ចាកចេញពី​ក្លិប​ប្រេស៊ីល Atletico Mineiro ក្នុង​ខែ​មករា​​ឆ្នាំ​២០២២មក​ម្ល៉េះ​។ Costa រក​បាន​៥៩​គ្រាប់​ពី​១២០​ប្រកួត អំឡុង​ពេល​លេង​ឱ្យ Chelsea ៣​ឆ្នាំ​​ រវាង​ឆ្នាំ​២០១៤​ដល់​២០១៧​។

សមាជិក​ថ្មីរបស់ Wolves គឺ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អូទ្រីស Kalajdzic ​វ័យ​២៥​ឆ្នាំ​ដែល​ទើប​ផ្ទេរ​មក​ពី Stuttgart ក្នុង​តម្លៃ​១៥​លានផោន បាន​រង​របួស​សរសៃ​ពួរ​ជង្គង់ (ACL) ​អំឡុង​ការ​ចូលលេង​លើក​ទី​១​ថ្ងៃ​សៅរ៍​មុន ពេល Wolves ឈ្នះ​១-០​លើ Southampton​។

ចំណែក Jimenez បានខកខាន​ការ​ប្រកួត​ទល់ Southampton ថ្ងៃ​នោះ​ដោយសារ​គេ​មាន​អារម្មណ៍​ឈឺ​ក្រលៀន​ក្នុង​ពេល​កម្ដៅ​សាច់​ដុំ​។ Jimenez ក៏បាន​អវត្តមាន​២​ប្រកួត​ដំបូង​ដើម​រដូវកាល​នេះ​ផង​ដែរ​​ដោយសារ​របួស​ជង្គង់អំឡុង​ពេល​រដូវ​កាល​ត្រៀម​។

ដោយឡែក ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​វ័យ​២៨​ឆ្នាំ​ Ross Barkley បាន​ចូល​រួម​ក្លិប Nice ​របស់​បារាំង​ដោយ​គ្មាន​តម្លៃ​ផ្ទេរ បន្ទាប់​ពី​បាន​ចែក​ផ្លូវ​ជាមួយ Chelsea សប្ដាហ៍​មុន​។

Barkley ដែល​ធ្លាប់​លេង​ឱ្យ​ជម្រើស​ជាតិ​អង់គ្លេស​៣៣​លើក​តែ​ខាន​ជាប់​ជម្រើសជាតិតាំង​ពី​ឆ្នាំ​២០១៩​មក​នោះ ត្រូវ​បាន​បង្ហាញ​ខ្លួន​ជា​​សមាជិក​ថ្មី​របស់ Nice មុន​ការ​ប្រកួត​ទល់ Monaco ថ្ងៃ​អាទិត្យ​ម្សិលមិញ​។

នៅ Nice អតីត​ខ្សែ​បម្រើ​លេច​ធ្លោ​របស់ Everton ខាង​លើ​បាន​ចូល​រួម​ក្រុម​ជាមួយ​អតីត​តារា Premier League មួយ​ចំនួន​ដូច​ជា Aaron Ramsey, Nicolas Pepe និង Kasper Schmeichel។

សូម​រំឭក​ថា Barkley ​បាន​លេង​ក្នុង​ក្របខណ្ឌ Premier League ២៣២​លើក​សម្រាប់ Chelsea, Aston Villa និង Everton។ គេ​បាន​ផ្ទេរ​ពី Everton ទៅ Chelsea ក្នុង​តម្លៃ​១៥​លានផោន​ក្នុង​ឆ្នាំ​២០១៨ និង​បាន​លេង​ឱ្យ Aston Villa ក្រោម​​កិច្ចសន្យា​ខ្ចី​ក្នុង​រដូវ​កាល​២០២០-២១៕