Skip to content
Bailly រិះគន់ក្លិប Man Utd ត្រង់ចំណុចមួយ តែសរសើរ Ten Hag ថា…
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Bailly រិះគន់ក្លិប Man Utd ត្រង់ចំណុចមួយ តែសរសើរ Ten Hag ថា…

ខ្សែការពារ Eric Bailly ដែលកំពុងលេងឱ្យ Marseille ក្រោមកិច្ចសន្យាខ្ចីពី Manchester United បានរិះគន់ក្លិបបិសាចក្រហមថាមានភាពលម្អៀងទៅខាងកីឡាករអង់គ្លេសក្នុងការជ្រើសរើសកីឡាករចូលលេង ប៉ុន្តែសរសើរអ្នកចាត់ការថ្មី Erik Ten Hag ថាមានបុគ្គលិកលក្ខណៈជាអ្នកដឹកនាំល្អហើយគេសង្ឃឹមថាលោក Ten Hag អាចដោះស្រាយបញ្ហានេះបាន។

Bailly ត្រូវ​បាន​លោក Jose Mourinho ទិញពី Villarreal ក្នុង​រដូវក្ដៅ​២០១៦។ តែ​ក្រោយ​ពេល​លោក Mourinho បាត់បង់ការងារនៅ Man Utd ខ្សែការពារវ័យ២៨ឆ្នាំរូបនេះក៏លែងសូវបានលេងក្នុងជម្រើស១១នាក់ដំបូង។

​ខ្សែការពារ​ជម្រើស​ជាតិ​អង់គ្លេស Harry Maguire បានក្លាយជា​ប្រធានក្រុមក្រោយ​មក​ដល់ Old Trafford ក្នុង​រដូវ​ក្ដៅ​២០១៩ ​ហើយ​បាន​លេង​ក្នុង​ជម្រើស​១១​នាក់​ដំបូង​សឹង​មិន​ដែល​បាត់មុខ ស្រប​ពេល Luke Shaw និង Aaron Wan-Bissaka ក៏​មាន​ឈ្មោះ​ក្នុង​ជម្រើស​១១​នាក់​ដំបូង​សឹង​មិន​លស់​ពេល​ផង​ដែរ​ក្នុង​សម័យ​ដឹកនាំ​របស់​លោក Ole Gunnar Solskjaer ទោះបី​តំបន់ការពារ​ក្រុម​បិសាច​ក្រហម​របូត​គ្រាប់​បាល់​ញឹកញាប់​យ៉ាង​ណា​ក៏​ដោយ។ និង​បន្ទាប់​មក​ទៀត​​លោក Ralf Rangnick ក៏​ប្រើ​ជម្រើស​ខ្សែការពារ​មិន​សូវ​ខុស​ពី​លោក Solskjaer ប៉ុន្មាន​ដែរ ដោយ​គ្រាន់តែ​ប្ដូរ​ជម្រើសខ្សែការពារ​ស្លាបស្ដាំ​មក​ជា Diogo Dalot វិញ​។

តែ​នៅ​ក្នុង​រដូវកាល​ថ្មី​២០២២-២៣​នេះ អ្នកចាត់ការថ្មី Erik Ten Hag ​បាន​ទម្លាក់ Maguire និង Shaw ទៅ​បង់​បម្រុង បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​​ចាប់​ផ្ដើម Premier League ​២​ប្រកួត​ដំបូង​ហើយក្រុម​បិសាច​ក្រហម​​របូត​៦​គ្រាប់​។

ខ្សែការពារ​ជម្រើស​ជាតិ​កូឌីវ័រ​ Bailly បាន​និយាយ​ក្នុង​សម្ភាសន៍​នៅបារាំង ដែលដកស្រង់ដោយ GOAL ​ថា​៖ «ក្លិប​(Man Utd)គួរ​ចៀស​វាង​ការ​លម្អៀង​ទៅ​រកកីឡាករ​អង់គ្លេស​ ហើយ​​គួរ​ផ្ដល់​ឱកាស​ដល់​កីឡាករ​គ្រប់រូប​ស្មើ​ៗ​គ្នា​។ ក្លិប​គួរ​ជំរុញ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ស្មើភាព​គ្នា ដោយ​កុំ​ផ្ដោត​តែ​លើ​កីឡាករ​មួយ​ចំនួន​។ ខ្ញុំ​តែងតែ​មាន​អារម្មណ៍​មួយ​ថា​កីឡាករ​​ក្នុង​ស្រុក​(​អង់គ្លេស)​ត្រូវ​បាន​​គេ​ផ្ដល់​អាទិភាព​»។

Bailly បន្ត​ថា៖ «រឿង​បែបនេះ​មិន​កើត​ឡើង​ឡើយ​នៅក្លិប Chelsea ឬ​ក្លិប​ធំ​ៗ​ដទៃ​ក្នុង Premier League។ កីឡាករ​ខ្លះ​មិន​សូវ​ខំ​ទេ​ដោយសារ​តែ​ដឹង​ថា​ពួក​គេ​នឹង​បាន​លេង​ជម្រើស​១១​នាក់​ដំបូង ហើយ​កត្តា​នេះ​ធ្វើ​ឱ្យ​ក្រុម​ចុះ​ខ្សោយ​។ តែ​ឥឡូវ​សំណាង​ល្អ លោក​គ្រូ​ថ្មី Ten Hag មាន​បុគ្គលិកលក្ខណៈ​ជា​អ្នក​ដឹកនាំ​ច្បាស់លាស់ ម៉ឺងម៉ាត់ ហើយ​ខ្ញុំ​សង្ឃឹម​ថា​គាត់​អាច​ផ្លាស់​ប្ដូរបញ្ហាខាង​លើ​បាន»។

គួរ​ជម្រាប​ថា ក្នុង​រដូវ​កាល​២០២១-២២​កន្លង​ទៅ Bailly ​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​តែ​៤​ប្រកួត​ប៉ុណ្ណោះក្នុង​ក្របខណ្ឌ Premier League ស្រប​ពេល​រូប​គេ​ក៏​ឧស្សាហ៍​មាន​បញ្ហា​កាយ​សម្បទា​ផង​ដែរ​។ អតីត​យុវជន Espanyol ​ដដែលនេះ​នៅ​សល់​កិច្ចសន្យា​ជាមួយ Man Utd ដល់​ឆ្នាំ​២០២៤​ ប៉ុន្តែ Marseille មាន​ជម្រើស​ទិញ​ផ្ដាច់​យក​រូប​គេ​នៅ​ឆ្នាំ​ក្រោយ៕