Skip to content
Tuchel និយាយពីបញ្ហារបស់ Chelsea ក្រោយចាញ់ Dimano Zagreb
    ទំព័រដើម  »  កីឡាជាតិ

Tuchel និយាយពីបញ្ហារបស់ Chelsea ក្រោយចាញ់ Dimano Zagreb

Chelsea ​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ UEFA Champions League 2022-23 ពុំ​បាន​ល្អ​ឡើយ ដោយ​បាន​ចាញ់​ក្នុង​ប្រកួត​បើក​ឆាក​ពូល E ​ក្រោម​ថ្វី​ជើង​ក្រុម​ Dinamo Zagreb ​របស់​ក្រូអាត ដោយ​លទ្ធផល​១-០​​កាល​ពី​យប់​ថ្ងៃ​អង្គារ​ទី​៦​ខែ​កញ្ញា​ឆ្នាំ​២០២២។

គ្រាប់​បាល់​តែ​១​គត់​របស់​កីឡាករ Mislav Orsic ក្នុង​នាទីទី​១៣ធានា​បាន​៣​ពិន្ទុ​សម្រាប់ Zagreb ខណៈ Chelsea ពុំ​អាច​រក​គ្រាប់​បាល់​បាន​ឡើយ​ ទោះបី​មាន​ការ​គ្រប់គ្រង​បាល់​បានច្រើន​និង​បង្កើត​ឱកាស​ច្រើន​ដែរ​​ក្ដី។

មែនទែន​ទៅ ពុំ​មែន​តែ​ការ​ប្រកួត Champions League យប់មិញ​ទេ សូម្បី​ការ​ប្រកួត Premier League ៦​ប្រកួត​ដំបូង ក៏​ Chelsea បង្ហាញ​​គុណផលមិន​ទៀងទាត់​ទេ ដោយ​បាន​លេង​ចាញ់ Leeds United ៣-០ និង​ចាញ់ Southampton ២-១ នៅ​ចន្លោះ​ជ័យជម្នះ​លើ Leicester បន្ទាប់​ពី​បា​ន​បើក​ឆាក​ឈ្នះ Everton ១-០​និង​បន្ទាប់​មក​ស្មើ Spurs ២-២​។

នៅ​ក្រោយ​ការ​ប្រកួតពាន​ក្លិប​​ទ្វីបអឺរ៉ុប​យប់មិញ លោក Thomas Tuchel អ្នកចាត់ការ Chelsea និយាយ​ថា​នៅ​ខណៈ​នេះក្រុម​របស់​លោក​បាន​បាត់បង់​គ្រប់យ៉ាងអស់​រលីង ហើយ​លោក​គឺ​ជាផ្នែក​មួយ​នៃ​បញ្ហា​របស់​ក្រុម​​រួម​ជាមួយ​កីឡាករ។

អ្នកចាត់ការជនជាតិ​អាល្លឺម៉ង់ដែល​បាន​ដាក់ Kepa ចាំទី​ជំនួស Mendy និង​សមាជិក​ថ្មី​ទើប​មក​ដល់ Aubameyang ក្នុង​ជម្រើស​ដំបូង​យប់មិញ និយាយ​ថា​៖ «យើង​មាន​រឿង​ដដែល​ៗ​ដូច​រាល់​ដង​។ ពួក​​យើងមាន​ការ​ចាប់​ផ្ដើម​មួយ​ដែល​ល្មម​ទទួល​យក​បាន ប៉ុន្តែ​យើងប្រើប្រាស់​ឱកាស​មិន​បានល្អ​។ នៅ​ពេល​ការ​ប្រកួត​ទៅ​ដល់​ចំណុច​មួយ​ដែល​យើងអាច​ធានា​ជ័យជម្នះ​បាន​ក្នុង​រយៈ​ពេល​១៥​ទៅ​២០​នាទី​ដំបូង ពួក​យើងអត់​មាន​អារម្មណ៍នៅ​ទីនោះ។ បន្ទាប់​មក​ពួក​យើង​របូត​គ្រាប់​បាល់​ដោយ​បាល់ counter-attack មួយ​បាល់​​ដែល​ងាយ​ស្រួ​ល​ពេក​។ ហើយ​បន្ទាប់​ពីរបូត​គ្រាប់​នោះ​មក យើង​បានជួប​ភាព​យ៉ាប់​យ៉ឺន។ មាន​ចំណុច​ច្រើន​លើសលប់​ដែល​ត្រូវ​វិភាគ។ ខ្ញុំ​ជា​ផ្នែក​មួយ​នៃ​បញ្ហា​កំពុង​កើត​មាន​។ ច្បាស់​ណាស់​ថា ពួក​យើង​ពេលនេះ​​មិន​ស្ថិត​នៅ​កន្លែង​ដែល​យើង​ត្រូវ​ស្ថិត​នៅ, កន្លែង​ដែល​យើង​អាច​ស្ថិតនៅនោះ​ទេ​។ ដូច្នេះ​គឺ​ដោយសារ​ខ្ញុំ ដោយសារ​ពួក​យើង​ទាំង​អស់​គ្នា។ ពួក​យើង​ត្រូវ​រក​ដំណោះស្រាយ​។ នៅ​ខណៈនេះ​គ្រប់​យ៉ាង​បាន​បាត់បង់»។

នៅ​ចុង​សប្ដាហ៍​នេះ Chelsea នឹង​ព្យាយាម​កែខៃ​ស្ថានការណ៍​ដើម្បី​វិល​មក​រក​ជ័យជម្នះ​វិញ​នៅ​ពេល​ពួក​គេទៅ​សួរសុខទុក្ខ Fulham ក្នុងការ​ប្រកួត Premier League ថ្ងៃ​សៅរ៍​ទី​១០​ខែ​កញ្ញា​៕