Skip to content
កីឡាករ១០រូប សម្របខ្លួនបានយ៉ាងល្អ សម្រាប់ក្រុមថ្មី នៅរដូវកាល២០២០-២១
    ទំព័រដើម  »  កីឡាអន្តរជាតិ

កីឡាករ១០រូប សម្របខ្លួនបានយ៉ាងល្អ សម្រាប់ក្រុមថ្មី នៅរដូវកាល២០២០-២១

នៅពេលផ្លាស់ទៅចូលរួមជាមួយក្រុមថ្មី កីឡាករម្នាក់ៗអាចនឹងត្រូវការពេលច្រើនសប្ដាហ៍ ឬ ច្រើនខែដើម្បីអាចសម្របខ្លួនបាន ប៉ុន្ដែមានកីឡាករខ្លះ មិនចាំបាច់ត្រូវការពេលវេលាយូរនោះទេ ដើម្បីអាចបង្ហាញឥទ្ធិពលរបស់ខ្លួន ទៅកាន់ក្រុមថ្មី នៅពេលចាប់ផ្ដើមលេងនៅទីនោះ។

ជាក់ស្ដែងខ្សែប្រយុទ្ធ Alvaro Morata, Ferran Torres និង Diogo Jota ជាឧទាហរណ៍ដើម្បីបញ្ជាក់ពីកីឡាករ ដែលបង្ហាញភាពលេចធ្លោសម្រាប់ការចូលរួមក្រុមថ្មីរបស់ខ្លួនតាំងពីប្រកួតដំបូងដែលពួកគេបានចូលរួម។

បើតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca បានបង្ហាញកីឡាករ១០រូប ដែលបង្ហាញគុណផលល្អ ជាមួយក្លិបថ្មីរបស់ពួកគេ នៅរដូវកាល ២០២០-២១។

Ferran Torress (Manchester City)

ក្រោមការដឹកនាំរបស់លោក Pep Guardiola ខ្សែប្រយុទ្ធអេស្ប៉ាញ ត្រូវបានដាក់ឱ្យលេងនៅតំណែងប្រយុទ្ធស្លាបទាំងសងខាង និង តំណែងបម្រើប្រយុទ្ធ នៅរដូវកាលនេះ។ អតីតកីឡាករវ័យក្មេងរបស់ក្រុម Valencia រកគ្រាប់បាល់បាន ៥គ្រាប់ ក្នុងការចូលរួម១២ប្រកួតសម្រាប់ក្រុមមេឃខៀវ ហើយរកបាន ហេទទ្រីគ(hattrick) សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងការប្រកួតជ័យជម្នះ ៦-០ លើក្រុមអាល្លឺម៉ង់។

Pedri Gonzalez (Barcelona)

ថ្វីដ្បិតបច្ចុប្បន្ន ក្លិប Barcelona ប្រឈមបញ្ហាចំរូងចំរាស់ចំពោះការបោះឆ្នោតជ្រើសតាំង បេក្ខភាពប្រធានក្លិបថ្មី ក៏ដូចជាលទ្ធផលមិនគាប់ប្រសើរនៅក្នុងលីគកំពូលអេស្ប៉ាញ និង ការចង់ចាកចេញរបស់ប្រធានក្រុម Lionel Messi ប៉ុន្ដែ ខ្សែបម្រើវ័យក្មេង Pedri បានទាក់ទាញការចាប់អារម្មណ៍ខ្លាំង សម្រាប់ការបង្ហាញសមត្ថភាពនៅលើទីលានរបស់គេ។

នៅក្នុងវ័យ១៨ឆ្នាំ Pedri បានបង្ហាញនូវទេពកោសល្យ ភាពក្លាហាន និង បច្ចេកទេសគួរឱ្យស្ងើចសរសើរ ដែលជំរុញឱ្យលោក Ronald Koeman ផ្ដល់ឱកាសឱ្យរូបគេ មានឱកាសប្រជែងតំណែងជម្រើស១១នាក់ដំបូងជាមួយកីឡាកររៀមច្បង។

Alvaro Morata (Juventus)

Alvaro Morata អតីតខ្សែប្រយុទ្ធ Real Madrid រកគ្រាប់បាល់បានសរុប៨គ្រាប់ក្នុងចំណោម១១ប្រកួតឱ្យ Juventus នារដូវកាលនេះ។ វត្តមានរបស់ Morata បានបង្ខំឱ្យលោក Andrea Pirlo ដាក់ Paulo Dybala ឱ្យអង្គុយកៅអីបម្រុង ហើយដាក់រូបគេលេងជម្រើស១១នាក់ដំបូងជាមួយ Cristiano Ronaldo។

Luis Suarez (Atletico Madrid)

Suarez នៅតែបង្ហាញថា គេនៅតែជាកីឡាករដែលមានសមត្ថភាពខ្ពស់ក្នុងការបញ្ចប់ទី ទោះបីជាត្រូវបាន Barcelona លក់ចេញនៅក្នុងតម្លៃដ៏ទាបមួយ បើធៀបនឹងតម្លៃកីឡាករនៅលើទីផ្សារដោះដូរនាពេលបច្ចុប្បន្ន។

ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយ រកគ្រាប់បាល់បញ្ចូលទី ៥គ្រាប់ ក្នុងចំណោម៩ប្រកួត សម្រាប់ Atletico Madrid ហើយរំពឹងជួយតំបន់ប្រយុទ្ធនៅក្នុងក្រុមដែលបង្វឹកដោយលោក Diego Simeone បានកាន់តែប្រសើរ នៅពេលជាសះស្បើយពី កូវីដ១៩។

Diogo Jota (Liverpool)

នៅពេលចុះហត្ថលេខាផ្ទេរមក Liverpool ដំបូង Jota អាចនឹងត្រូវបានចាត់ទុកថា ជាកីឡាករបម្រុងដើម្បីជំនួស ខ្សែប្រយុទ្ធ Sadio Mane, Mohamed Salah ឬ Roberto Firmino ម្ដងម្កាលតែប៉ុណ្ណោះ។ ប៉ុន្ដែអ្វីៗខុសពីការរំពឹងទុក, ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ គឺជាកីឡាករសំខាន់បំផុតមួយរូប នៅក្នុងបញ្ជី១១នាក់ដំបូងក្នុងក្រុមរបស់លោក Jurgen Klopp។

Jota រកគ្រាប់បាល់សរុប៩គ្រាប់ ក្នុងចំណោម១៤ប្រកួតឱ្យក្រុមហង្សក្រហម ហើយលោក Klopp បានសារភាពថា គេពិតជាល្អជាង អ្វីដែលលោករំពឹងទុកថាគេអាចធ្វើបាន។

James Rodriguez (Everton)

James បានបង្ហាញភាពលេចធ្លោនៅពេលដែលចាប់ផ្ដើមអាជីពជាមួយ Everton ក្រោយផ្លាស់ចេញពី Real Madrid អំឡុងការដោះដូរនារដូវក្ដៅកន្លងទៅ។

ទន្ទឹមនឹងការជួបជុំជាមួយលោក Ancelotti ខ្សែបម្រើកូឡុំប៊ីជួយ Everton ទទួលបានលទ្ធផលល្អនៅដើមរដូវកាល ដោយរួមចំណែករកគ្រាប់បាល់បាន៣គ្រាប់ និង បញ្ជូនឱ្យមិត្តរួមក្រុមបាន៣គ្រាប់ផងដែរ ប៉ុន្ដែបញ្ហារបួស និងបញ្ហាចម្រូងចម្រាស់កើតឡើង ពេលជួយក្រុមជម្រើសជាតិ ធ្វើឱ្យគុណផលខ្សែបម្រើរូបនេះ មានការធ្លាក់ចុះ។

David Silva (Real Sociedad)

អតីតខ្សែបម្រើ Manchester City បានចាកចេញពីទឹកដី Etihad បន្ទាប់ពីជួយក្រុមអង់គ្លេសមួយនេះ ឈ្នះពានចំនួន១៤ មុនពេលផ្លាស់ទៅចូលរួមជាមួយក្រុមអេស្ប៉ាញ Real Sociedad។

ដ្បិតមានវ័យរាងជ្រេបន្ដិចមែន ប៉ុន្ដែ Silva នៅតែបង្ហាញពីគុណភាពរបស់ខ្លួន ដែលបានចូលរួមចំណែកបង្កើតឱកាសរកគ្រាប់បាល់ឱ្យកីឡាករនៅតំបន់ប្រយុទ្ធ ហើយបច្ចុប្បន្ន La Real កំពុងឈរនៅកំពូលតារាងក្របខណ្ឌ La Liga។

Timo Werner (Chelsea)

ចាប់តាំងពីផ្ទេរមកចូលរួមនៅទឹកដី Stamford Bridge ខ្សែប្រយុទ្ធអាល្លឺម៉ង់ Werner រកគ្រាប់បាល់បាន៧គ្រាប់ និង assist ៣គ្រាប់ ក្នុងចំណោម១៥ប្រកួត។

Werner អាចលេងបាននៅក្នុងតំណែង ខ្សែប្រយុទ្ធស្លាបទាំងសងខាង និង នៅតំបន់កណ្ដាល ហើយរូបគេជាកីឡាករដ៏សំខាន់មួយរូប សម្រាប់លោក Frank Lampard ដែលជាអ្នកបញ្ចុះបញ្ចូល ឱ្យខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ផ្លាស់មក Chelsea ជំនួស Liverpool កាលពីរដូវក្ដៅកន្លងទៅ។

Sergio Reguilon និង Pierre-Emile Hojbjerg (Tottenham Hotspur)

អ្នកចាត់ការក្រុម Tottenham Hotspur លោក Jose Mourinho ត្រូវការខ្សែការពារស្លាបឆ្វេងម្នាក់ ដើម្បីអាចជួយក្រុមនៅតំបន់ការពារផង និង តំបន់ប្រយុទ្ធផង ហើយ Reguilon ជាជម្រើសដ៏ល្អបំផុតមួយ ដោយរូបគេជួយបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចូល៣គ្រាប់ នៅរដូវកាលនេះ។

ដោយឡែក Hojbjerg ក៏លេងបានល្អផងដែរនៅក្នុងតំណែងជាខ្សែបម្រើ ដោយបានជួយឱ្យក្រុមមាន់ខ្នាយមាសមានឱកាសឈរនៅកំពូលតារាង Premier League៕