Skip to content
Balotelli នឹងប្រៀបដូចជា Maradona សម្រាប់អ្នកគាំទ្រ​ក្លិបដែល​ឈ្នះ​ពាន​ច្រើន​បំផុតទី​២​ក្នុង​លោកនេះ​ប្រសិនអ្វីៗទៅមុខរលូន
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Balotelli នឹងប្រៀបដូចជា Maradona សម្រាប់អ្នកគាំទ្រ​ក្លិបដែល​ឈ្នះ​ពាន​ច្រើន​បំផុតទី​២​ក្នុង​លោកនេះ​ប្រសិនអ្វីៗទៅមុខរលូន

ខ្សែប្រយុទ្ធអ៊ីតាលី Mario Balotelli បច្ចុប្បន្នមានវ័យ៣០ឆ្នាំ និងកំពុងគ្មានក្លិប ក្រោយផុតកិច្ចសន្យាជាមួយ Brescia នៅដំណាច់រដូវកាល២០១០-២០ដែលក្លិបនេះធ្លាក់ទៅ Serie B។ តែឥឡូវនេះគេទំនងផ្លាស់ទៅប្រឡូកក្នុងពិភពបាល់ទាត់នៅឡាទីន។

Balotelli បានឈានដល់ការព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបប្រេស៊ីល Vasco da Gama ហើយលោក Fabio Cordella ដែលអាចជាប់ឆ្នោតជានាយកកីឡារបស់ក្លិបនេះបានលើកឡើងថា Balotelli នឹងប្រៀបដូចជា Maradona អីចឹងសម្រាប់អ្នកគាំទ្រ Vasco da Gama។

អនាគតរបស់អតីតសមាជិក Lumezzane, Inter Milan, Man City, AC Milan, Liverpool, Nice និង Marseille ខាងលើ ជាទីចាប់អារម្មណ៍នៃមនុស្សជាច្រើន ដោយក្នុងចំណោមនោះមានពេលមួយមានដំណឹងថាគេបានចរចាជាមួយក្លិបលីគទី២អង់គ្លេស Barnsley។

តែឥឡូវ ខ្សែប្រយុទ្ធសម្បូរបញ្ហាខាងលើហាក់ជិតរកឃើញភាពច្បាស់លាស់នៃក្លិបបន្ទាប់របស់គេហើយ។
លោក Cordella ត្រូវបានស្រង់សម្ដីតាម Corriere dello Sport ថា៖ «គាត់ចង់មកទីនេះ។ សូមកុំភ្លេចថា Vasco ជាក្លិបឈ្នះពានច្រើនបំផុតទី២ក្នុងលោក បន្ទាប់ពី Real Madrid។ ខ្ញុំមិនគិតថា Mario ត្រូវការមកទីក្រុង Rio ដើម្បីធ្វើរឿងឆ្កួតៗនោះទេ។ ខ្ញុំគិតថាគាត់បានឈានដល់ចរិតចាស់ទុំហើយ។ Vasco ជាស្ថាប័នមួយដែលប្រឆាំងនឹងការរើសអើងពូជសាសន៍។ ខ្ញុំសង្ឃឹមថាគាត់អាចរង់ចាំពួកយើងបាន»។

លោក Cordella បានក្រើនរំឭកថាកិច្ចព្រមព្រៀងមិនទាន់ផ្លូវការ១០០%នៅឡើយទេ ហើយអាចចាយពេល៦សប្ដាហ៍ទៀតមុនពេលក្លិប Vasco អាចស៊ីញេកុងត្រាជាមួយ Balotelli បាន។ ប៉ុន្តែអ្វីដែលលោកច្បាស់គឺ Balotelli បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនរួចហើយ នៅចាំតែស៊ីញេលើកិច្ចសន្យាប៉ុណ្ណោះដើម្បីឱ្យគ្រប់យ៉ាងច្បាស់ការណ៍១០០%។ លោកសង្ឃឹមថានៅថ្ងៃទី១៥ខែមករា Vasco និង Balotelli អាចចុះកុងត្រាជាមួយគ្នាបាន។

សូមជម្រាបថា ទោះបី Vasco da Gama មានប្រវត្តិរុងរឿង ប៉ុន្តែពួកគេបច្ចុប្បន្នកំពុងលំបាកលំបិនដោយស្ថិតក្នុងតំបន់ក្រហមត្រូវកាត់ទម្លាក់។

Balotelli រដូវកាលមុនស៊ុតចូលតែ៥គ្រាប់ប៉ុណ្ណោះពីការចូលលេង១៩លើកសម្រាប់ Brescia។

តែបើក្រឡេកទៅរដូវកាលមុននោះបន្តិច ឃើញថាសមត្ថភាព Balotelli នៅគ្រាន់បើដែរ ដោយរកបាន៤៣គ្រាប់ពី៧៦ប្រកួតសម្រាប់ Nice ក្នុងរយៈពេល២រដូវកាលកន្លះ និងរកបាន៨គ្រាប់ពីការចូលលេង១៥លើកសម្រាប់ Marseille អំឡុងពេលរួមរស់ជាមួយគ្នារយៈពេលខ្លី៕