Skip to content
AFC Cup 2021៖ ដំណឹងល្អ​សម្រាប់​វិសាខា​ ​បន្លា​ធំមួយ​ត្រូវ​បាន​ដក​ចេញ
    ទំព័រដើម  »  កីឡាជាតិ

AFC Cup 2021៖ ដំណឹងល្អ​សម្រាប់​វិសាខា​ ​បន្លា​ធំមួយ​ត្រូវ​បាន​ដក​ចេញ

ដោយហេតុ​ក្លិប​បាល់ទាត់​របស់​មីយ៉ាន់ម៉ា​​ចំនួន​២​បាន​ដក​ខ្លួន​ពី​ពាន​ទ្វីប​អាស៊ី​ឆ្នាំ​នេះ វិសាខា​នឹង​ឆ្លង​ចូល​វគ្គ​ចែក​ពូល​តែ​ម្ដង​ក្នុង​ពាន AFC Cup 2021 ដោយ​ពុំ​បាច់​លេង​វគ្គ play-off ទល់​នឹង​ក្រុម​ខ្លាំង​របស់ឥណ្ឌូនេស៊ី​ឡើយ ប្រសិន​ពួក​គេ​​លេង​ឈ្នះ Lanenok United របស់​ទីម័រ​ក្នុង​វគ្គ​ជម្រុះ​បឋម​។

ដើម​ឡើយ វិសាខា ដែល​ជា​ជើងឯក​ពាន​សម្ដេច​​ហ៊ុនសែន​២០២០ ត្រូវ​ឆ្លង​កាត់​វគ្គ​ជម្រុះ​២​ដំណាក់កាល ទើប​អាច​ឈាន​ចូល​វគ្គ​ចែក​ពូល AFC Cup 2021 បាន​។ ដោយ​ពួក​គេ​ត្រូវ​ប្រកួត​ជម្រុះ​បឋម​​ទល់​នឹង Lalenok United នៅ​ថ្ងៃ​ទី​១៩​ខែ​ឧសភា រួច​ត្រូវ​លេង play-off ទល់​នឹង​ក្រុម Persipura Jayapura ​មួយ​ទៀត មុន​ដល់​វគ្គ​ចែក​ពូល​។

ប៉ុន្តែឥឡូវ​នេះ ការ​ប្រកួត play-off នោះ​ត្រូវ​បានលុប​ចោល ដោយ​សារ​ក្លិប​របស់​មីយ៉ាន់ម៉ា​ទាំង​២​ គឺ Shan United និង Hantharwady United ​បាន​ដក​ខ្លួន​ពី​ពាន AFC ឆ្នាំ​នេះ​។ ហេតុ​នេះ​ Persipura Jayapura ​​ត្រូវ​បាន​ដាក់​ចូល​ក្នុង​វគ្គ​ចែក​ពូល​តែ​ម្ដង ​គឺ​ពូល H ជំនួស Shan United។ ក្រុម​ដទៃ​នៅ​ក្នុង​ពូល H ជាមួយ គឺ​ Kedah Darul Aman FC (ម៉ាឡេស៊ី), Lion City Sailors FC (សិង្ហបុរី), និង Saigon FC (វៀតណាម)។

ដូច្នេះ​មានន័យ​ថា អ្នក​ឈ្នះ​រវាង​ វិសាខា និង Lalenok United ​នឹង​ឆ្លង​ចូល​វគ្គចែក​ពូល​តែម្ដង​​​ ដោយ​​មិន​បាច់​លេង play-off មួយ​ដំណាក់កាល​ទៀតនោះ​ទេ​។ ហើយ​ពូល​ដែល​រង់ចាំ​ពួ​ក​គេ​គឺ ពូល I ដែល​មាន Kaya FC-Illoilo (ហ្វ៊ីលីពីន), Terengganu FC (ម៉ាឡេស៊ី) និង Geylang International (សិង្ហបុរី)​។

សម្រាប់​ពូល H និង I នេះ សិង្ហបុរី នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

ដោយឡែក​ ពូល G សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី​នឹង​​បើក​ការ​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ថ្មី ដោយសារ​ការ​កែ​ប្រែ​កាល​បរិច្ឆេទ​ប្រកួត​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍។ ពូល G មាន បឹងកេត, Bali United FC (ឥណ្ឌូនេស៊ី), Hanoi FC (វៀតណាម) និង​អ្នក​ឈ្នះ​វគ្គ​ជម្រុះ​បឋម​រវាង​ក្លិប​ឡាវ (FC Chanthabouly) និង​ក្លិប​ប្រ៊ុយណេ (Kasuka FC)​។ អ្នក​ឈ្នះ​រវាង Chanthabouly និង Kasuka ដើម​ឡើយ​ក៏​ត្រូវ​ឆ្លង​ដំណាក់​កាល play-off មួយ​ទៀត​ដែរ​មុន​ដល់​វគ្គ​ចែក​ពូល ប៉ុន្តែ​ដោយសារ​ក្លិប​មីយ៉ាន់ម៉ា Hantharwady United ដក​ខ្លួន​ពី​ការ​ប្រកួត​ដូច្នេះ​វគ្គ play-off ​ត្រូវ​បាន​លុប​ចោល​។

សូម​បញ្ជាក់​ថា​ ពូល H នឹង​លេង​ពី​ថ្ងៃ​ទី​២៩​ខែ​មិថុនា​ដល់​ថ្ងៃ​ទី​៥​ខែ​កក្កដា​។

ពូល G និង​ពូល​ I នឹង​លេង​ពី​ថ្ងៃ​ទី​​៣០ខែ​មិថុនា​ដល់​ថ្ងៃ​ទី​៦​ខែ​កក្កដា​៕