សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ ឈរលើគុណតម្លៃរួម និងការគោរពគ្នាទៅវិញទៅមក

(ភ្នំពេញ)៖ នារាត្រីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជួបសំណេះសំណាល និងពិសារអាហារពេលល្ងាច តបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ។

សម្តេចរដ្ឋសភាធិបតី និងឯកអគ្គរាជទូតជប៉ុន បានយកឱកាសនេះពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាជុំវិញវិស័យនយោបាយ ការចូលរួមរបស់ស្រ្តីក្នុងថ្នាក់ធ្វើសេចក្តីសម្រេច នយោបាយ អបរំ កិច្ចការព័ត៌មាន ពាណិជ្ជកម្ម ឧស្សាហកម្ម វិនិយោគ និងបញ្ហាស្ថានភាពភូមិសាស្ត្រនយោបាយទាំងក្នុងតំបន់ និងសកលលោក។

ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចរដ្ឋសភាធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក និងបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញចូលរួមទទួលទានអាហារពេលល្ងាចជាមួយឯកឧត្តមនាពេលនេះ ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជា-ជប៉ុន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និតជាមួយគ្នាជាយូរមកហើយ។ ចំណងការទូតនេះ ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និងលើកកម្ពស់តាំងពីសម័យ ព្រះបាទនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ” សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងព្រះចៅអធិរាជជប៉ុន នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជប៉ុនគ្រប់រូប រហូតដល់ពេលបច្ចុប្បន្ន ។

ជាមួយនឹងទំនាក់ទំនងដ៏ល្អនេះ ភាគីទាំងពីរ បានរំលឹកឡើងវិញនូវដំណើរទៅកាន់ប្រទេសជប៉ុនរបស់ សម្តេចតេជោ ហ៊ុន សែន កាលពីដើមឆ្នាំនេះ ដែលនាពេលនោះសម្តេចតេជោ បានជួបឯកឧត្តម ហ្វុមីអូ គីស្ស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម កូមួរ៉ា ម៉ាសាហ៊ិកូ អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត ។

ឯកឧត្តម ឯកអគ្គរាជទូត បានសម្តែងក្តីរីករាយ និងអបអរសាទរចំពោះវឌ្ឍនៈភាពនៃការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា ចាប់តាំងពីដំណាក់កាលចរចាស្វែងរកសន្តិភាព រហូតដល់ដំណើរការស្តារប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីសង្រ្គាមស៊ីវិល រហូតទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដូចសព្វថ្ងៃ ។

ឆ្លើយតបនឹងការលើកឡើងរបស់ឯកអគ្គរាជទូតជប៉ុន សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការអភិវឌ្ឍរបស់កម្ពូជាគ្រប់វិស័យមកទល់សព្វថ្ងៃនេះ មិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភ ជ្រោមជ្រែង និង គាំទ្រដ៏ធំធេងនិងមានតម្លៃពីមិត្តជប៉ុនបានឡើយ ទាំងជំនួយផ្នែកហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេស និង ធនធានមនុស្សជាដើម៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner