ក្រសួងទេសចរណ៍ ជំរុញឱ្យគម្រោងហូកា ពង្រីកការបណ្តុះបណ្តាឱ្យបាន ២៥រាជធានី-ខេត្ត ស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគម ទេសចរណ៍កម្ពុជា ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូនានា បានបង្ហាញការពេញចិត្តចំពោះលទ្ធផល និងប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាលជំនាញ ហូកា ព្រមទាំងបានជំរុញឱ្យគម្រោងនេះពង្រីកការបណ្តុះបណ្តាជំនាញ ហូកា ឱ្យបាន២៥រាជធានី-ខេត្ត និងតាមជំនាញអាទិភាពសំខាន់ៗស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងទៅថ្ងៃអនាគត ។

ក្រសួងទេសចរណ៍បានរៀបចំ «ទិវាជំនាញ ហូកា ឆ្នាំ២០២៤» ក្រោមប្រធានបទ៖ វិនិយោគទេសចរណ៍វិនិយោគលើធនធានមនុស្ស នៅសណ្ឋាគារសុខាភ្នំពេញ ពេញមួយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ជាមួយអ្នកចូលរួមប្រមាណ ៣០០នាក់។

ក្នុងពិធីបិទទិវាជំនាញហូកា ឆ្នាំ២០២៤ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ទិវាជំនាញ ហូកា ឆ្នាំ២០២៤ គឺជាវេទិកាចែករំលែកបទពិសោធន៍ និងទស្សនទានល្អៗ លើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈស្របតាមទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ សំដៅជំរុញអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងផលិតភាពការងារខ្ពស់ ជាពិសេសយុទ្ធសាស្ត្របណ្តុះបណ្តាលយុវជនចំនួន១.៥លាននាក់។

ឯកឧត្តម បានបន្តថា ក្រៅពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលរៀបចំដោយក្រសួងទេសចណ៍ យើងសង្កេតឃើញថាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ទាំងក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌល ឬវិទ្យាស្ថានក្រោមការគ្រប់គ្រង ដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការជាតិ-អន្តរជាតិ បានខិតខំប្រឹងប្រែងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពអ្នកជំនាញតាមទម្រង់បណ្តុះបណ្តាលនានា សំដៅរួមគ្នាស្តារសម្បទាវិជ្ជាជីវៈឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ខណៈវិបត្តិនេះបានធ្វើឲ្យប៉ះពាល់ដល់បុគ្គលិកសរុបចំនួន៣២,៨១១នាក់ ក្នុងចំណោមអាជីវកម្មសរុបចំនួន ២,២៣៣ ដែលត្រូវបានបិទ-ផ្អាកទូទាំងប្រទេសនៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។

ឯកឧត្តម ប៉ាក់ សុខុម បានបញ្ជាក់ថា «ជាលទ្ធផល គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ បានបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ចំនួនសរុប ៤,៥៥៦នាក់ លើជំនាញ៖ គេហកិច្ច ការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ឆុងកាហ្វេ ចុងភៅ មគ្គុទ្ទេសក៍ទេសចរណ៍ សហគមន៍ គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោល ក្នុងដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤នេះ»។

ក្នុងនាមតំណាងឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានចាត់ទុក «ទិវាជំនាញ ហូកា ឆ្នាំ២០២៤» ជាចលករដ៏មានសក្តានុពល ដើម្បីលើកកម្ពស់ភាពជាម្ចាស់នៃការបណ្តុះបណ្តាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងជំរុញលើកទឹកចិត្តដល់សមាគមឧស្សាហកម្មទេសចរណ៍ វិស័យឯកជន និងភាគីពាក់ព័ន្ធឱ្យចូលរួមអនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើម «អភិវឌ្ឍន៍៣»៕

អត្ថបទ និងរូបភាព ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner