កូនក្ងោកមួយសំបុកបានញាស់ចំនួន ៤ក្បាលនឹងត្រូវគេយកទៅលែងក្នុងធម្មជាតិ

(ភ្នំពេញ)៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)បានធ្វើការប្រកាសពីភាពជោគជ័យក្នុងការញាស់របស់កូនក្ងោក ដែលជាប្រភេទកំពុងរងគ្រោះថ្នាក់ ចំនួន ៤ក្បាល បន្ទាប់ពីវាបានក្រាបពងអស់រយៈពេល ២៧ថ្ងៃរួចមក។

បើតាមមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៤នេះថា”ខណៈពេលបច្ចុប្បន្ននេះ ពួកវានៅតូចនៅឡើយ ហើយត្រូវបានចិញ្ចឹមថែទាំដោយមេរបស់ពួកវា នៅពេលចុងក្រោយ កូនក្ងោកទាំងអស់នេះនឹងត្រូវលែងទៅក្នុងតំបន់ការពារដែលមានសុវត្ថិភាពនៅប្រទេសកម្ពុជា ដោយមានការជួយគាំទ្រពីដៃគូរដ្ឋាភិបាលរបស់ពួកយើង”។

ការលែងកូនក្ងោកទាំងអស់នេះនឹងជួយបង្កើនចំនួនប្រជាសាស្ត្រសត្វក្ងោកព្រៃ ដែលនៅប្រទេសកម្ពុជា ជាជម្រកដ៏រឹងមាំមួយសម្រាប់បក្សីប្រភេទនេះ។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងដែរថា”ពួកយើងសូមថ្លែងអំណរគុណ World Pheasant Association ចំពោះការបន្តឧបត្ថម្ភគាំទ្ររបស់ពួកគេសម្រាប់ការងារអភិរក្សសត្វក្ងោករបស់យើង”។

គួរបញ្ជាក់ថា ក្ងោក ជាប្រភេទសត្វជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជាយើង ភាគច្រើនរស់នៅតាមតំបន់ ព្រៃល្បោះចម្រុះ តាមមាត់ទឹក ជាយព្រៃ ព្រៃ ឫស្សី ព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។

ក្ងោកវាមានបណ្តោយខ្លួនធំ ជើងវែង កវែង ស្លាប និង ខ្លួនពណ៌បៃតងភ្លឺ កំប៉ោយឈរត្រង់ មានកន្ទុយធំវែងមានដៅពណ៌លឿងលាយខៀវដូចភ្នែករាប់រយ សត្វញីស្រដៀងឈ្មោលដែរ តែពណ៌ស្រអាប់ជាង និងមានកន្ទុយខ្លី។ នៅរដូវបន្តពូជសត្វ ឈ្មោលបើកកន្ទុយវែងដូចផ្លិត ដើម្បីទាក់ទាញសត្វញី ហើយវារកចំណីជាហ្វូង និងរស់នៅតាមដើមឈើខ្ពស់ៗ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner