នាយកវិទ្យាស្ថានខេមអេដ គាំទ្រលក្ខណ្ឌក្រសួងអប់រំយុវជននិងកីឡាមិនអនុញ្ញាតឱ្យកីឡាអាជីពចូលរួមប្រកួតក្នុងកីឡាឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ លោក ខេ ស៊ីបាណេត នាយកវិទ្យាស្ថានខេមអេដ ដែលជាគ្រឹះស្ថានឧត្តមសិក្សាត្រៀមបញ្ជូនកីឡាករកីឡាការិនីជាសិស្សិតចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាឧត្តមសក្សានិងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ចាប់ដំណើរការជាផ្លូវការពីថ្ងៃទី១៨ដល់ថ្ងៃទី២៧ ខែ ឧសភា បានប្រកាសគាំទ្រទាំងស្រុងលើចំណាត់ការរបស់ក្រសួងអប់រំយុវជននិងកីឡា ដែលមិនអនុញ្ញាតកីឡាអាជីព និងសមាសភាពកីឡាករកីឡាការិនីជានិស្សិតដែលគ្មានប្រភពច្បាស់លាស់ចូលរួមក្នុងការប្រកួតកីឡាឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ។

លោកថា កាលណាការប្រកួតកីឡាឧត្តមសិក្សាមានកីឡាករកីឡាការិនីអាជីពចូលរួមប្រកួតប្រជែងជាមួយកីឡាករកីឡាការិនីជានិស្សិតដែលជាអ្នកកីឡាមិនមែនអាជីពនោះ ការប្រកួតប្រជែងមិនមានភាពសុក្រិតយុត្តិធម៌ឡើយ ហើយ ថែមទាំងធ្វើឱ្យនិស្សិតបាក់ទឹកចិត្តលែងចូលរួមប្រកួតប្រជែងសម្រាប់ការប្រកួតក្រោយៗទៀត។

នាយកវិទ្យាស្ថាន ខាងលើ បានគូសបញ្ជាក់ទៀតថា ការកំណត់លក្ខណ្ឌថ្មីរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលមិនអនុញ្ញាតកីឡាករអាជីពចូលរួម ក្នុងការប្រកួតឧត្តមសិក្សានាពេលខាងមុខនេះ វានឹងជួយជំរុញលើកទឹកចិត្តឱ្យតាមបណ្តាសកលវិទ្យាល័យ និងវិទ្យាស្ថានដែលជាគ្រឹះស្ថានសិក្សាដាក់ពាក្យចូលរួមប្រកួតកាន់តែច្រើន ជាផ្នែកមួយបំផុសធ្វើឱ្យកីឡាក្នុងក្របខ័ណ្ឌនិស្សិតផុសផុលនិងអភិវឌ្ឍដូចបណ្តាលប្រទេសនៅក្នុងតំបន់ដែរ។

លោក ខេ ស៊ីបាណេត នាយកវិទ្យាខេមអេដ ដែលជាអ្នកសកម្មក្នុងការបញ្ជូននិស្សិតឱ្យចូលរួមការប្រកួតកីឡាឧត្តមសិក្សា បានគូសបញ្ជាក់បន្ថែមទៀតថា កីឡាគឺជាផ្នែកមួយដ៏សំខាន់ក្នុងការអប់រំ កីឡាបានបង្រៀនឱ្យនិស្សិតមានការប្រកួតប្រជែង មានបទពិសោធន៍ចេះធ្វើការជាក្រុម និងជួយឱ្យនិស្សិតចេះវាយតម្លៃអំពីខ្លួនឯង ដើម្បីឈានទៅជោគជ័នាពេលអនាគត។

ជាមួយគ្នានេះ លោក ខេ ស៊ី បាណេត បានអំពាវនាវឱ្យសកលវិទ្យាល័យ និងវិទ្យាស្ថានដាក់ពាក្យចូលរួមក្នុងការប្រកួតកីឡាឧត្តមសក្សានិងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡាឱ្យបានច្រើន ដើម្បីផ្តល់ឱកាសឱ្យនិស្សិតបានចូលរួមប្រកួតប្រែងបញ្ចេញនូវសមត្ថភាពដែលជាឧបនិស្ស័យកីឡាដែលខ្លួនចូលចិត្ត។

គួរឱ្យដឹងដែរថា វិទ្យាស្ថានខេមអេដជាវិទ្យាស្ថានមួយដែលបង្កើតកីឡាបាល់ទាត់បាល់បោះជាស្រ្តីមុនគេ និងបច្ចុប្បន្នមានបណ្តុះមានកីឡាករកីឡាការិនីជានិស្សិតមានចំនួនជាង ១៥០នាក់ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner