ក្រុមអ្នកកែច្នៃត្រីឆ្អើរកំពុងរៀបចំដំណើការបង្កើតជាសហគ្រាសសហគមន៍ខ្នាតតូច
(ភ្នំពេញ)៖ របរធ្វើត្រីឆ្អើរ គឺជាមុខរបរចម្បងមួយ និងជាប្រភពប្រាក់ចំណូលដ៏សំខាន់សម្រាប់ ប្រជាសហគមន៍រស់នៅក្នុង តំបន់ បឹងទន្លេសាប ក៏ដូចជាសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួងផងដែរ ។
ទោះបីយ៉ាងណាដោយសារកង្វះខាតនូវធនធាន និងបច្ចេកទេសបានធ្វើឲ្យដំណើរការផលិតជួបប្រទះនូវបញ្ហាកង្វះអនាម័យ និងគុណភាពនៅឡើយ។
អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)បានឱ្យដឹងថាព្រោះដោយមើលឃើញពីតម្រូវការចាំបាច់នេះ កាលពីខែមេសា ឆ្នាំ២០២៤ អង្គការជីវិតធម្មជាតិនៅកម្ពុជា បាន សហការជាមួយសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួងរៀបចំចងក្រងប្រជាសហគមន៍ ដែលកំពុង ប្រកបរបរឆ្អើរត្រីជាក្រុម ក្នុងទម្រង់ជាសហគ្រាសសហគមន៍ខ្នាតតូច ក្នុងគោលបំណងលើកកម្ពស់កម្រិត ជីវភាព ប្រជាសហគមន៍មូលដ្ឋាន និងជំរុញការលើកកម្ពស់គុណភាព និងអនាម័យផលិផលរួមទាំងបញ្ចូលនូវ គោលការណ៍ អភិរក្សធនធានធម្មជាតិផងដែរ។
សមាជិកសហគមន៍បានចុះឈ្មោះជាសមាជិកក្រុមផលិតត្រីឆ្អើរចំនួន ២៩ រូប (ស្ដ្រីចំនួន ១៨រូប) និងបានកំណត់ បង្កើតជា ២ ក្រុម ដោយបានកំណត់ឈ្មោះជាផ្លូវការថា “សហគ្រាសកសិផលអភិរក្សទន្លេសាប”។
ក្នុងកិច្ចប្រជុំនេះ សហគមន៍ក៏បានរៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងសម្រាប់ក្រុមទាំងពីរ ដោយមានតំណាងចំនួន ៣ រូប ដែលបេក្ខភាពជាប់ជាប្រធានសុទ្ធតែជាស្រ្ដី។ បន្ទាប់ពីលទ្ធផលជ្រើសរើសរួច ក្រុមការងារក៏បានកំណត់បង្ហាញពីរចនាសម្ព័ន្ធ តួនាទី និងដំណើរការគ្រប់គ្រងដល់គណៈកម្មការជាប់ឆ្នោត និងកំណត់ផែនការសកម្មភាពបន្តសម្រាប់ផ្សព្វផ្សាយជ្រើសរើសសមាជិកបន្ថែម រៀបចំទីតាំងសហគ្រាស និងផែនការអាជីវកម្ម។
គួរបញ្ជាក់ផងដែរថា សហគ្រាសកសិផលអភិរក្សទន្លេសាបកំពុងរៀបចំបង្កើនផលិតភាព និងគុណភាព ផលិតផលត្រីឆ្អើរជាជំហានដំបូង ហើយនឹងកំណត់ផែនការជំរុញការផលិតកែច្នៃ កសិផលជាច្រើនមុខដែល មានក្នុងសហគមន៍ទៅថ្ងៃអនាគត។ គោលការណ៍សំខាន់ក្នុងការជ្រើសរើសសមាជិកសហគ្រាសរួមមាន៖ ការចូលរួមដោយស្ម័គ្រចិត្ដពីសមាជិក ការមិនប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ឬប្រព្រឹត្ដបទល្មើសធនធាន ធម្មជាតិ ការប្រើប្រាស់អុសសម្រាប់ឆ្អើរត្រី ការចូលរួមបដិភាគដល់ការងារអភិរក្សក្នុងសហគមន៍ និងការចូលរួម អភិរក្សធនធានធម្មជាតិនានា៕
ដោយ ៖ ម៉ាដេប៉ូ