ប្រធាន-អនុប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្ដេជ្ញាដឹកនាំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពស្ដីពីការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានប្ដេជ្ញាចិត្តនឹងដាក់ចេញនូវធានការគន្លឹះថ្មីៗបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ និងទស្សនៈដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ សមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេស បានជាង ១ ៨០០ករណី ក្នុងនោះមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ក្រាបបាន ១៨១ករណី ឃាត់ខ្លួនជនសង្ស័យ ៥៤៨នាក់ (ស្រី ៣៥នាក់) រឹបអូសគ្រឿងញៀនបានជិត ២តោន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ បង្ក្រាប បានចំនួន ១ ៦៣១ករណី ឃាត់ខ្លួនជនសង្ស័យ ៣ ៩០៣នាក់ (ស្រី ២៧០នាក់) រឹបអូសគ្រឿងញៀន បានជាង ៨០គីឡូក្រាម។

ក្នុងនាមអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអនុប្រធានគណៈបញ្ជាការយុទ្ធនាការប្រឆាំងគ្រឿងញឿនខុសច្បាប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកលទ្ធផលសម្រេចបាននេះថា ពិតជាឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់របស់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀនខុសច្បាប់នៅកម្ពុជា ស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងឆន្ទៈមុតស្រួចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ក្នុងនាមប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានប្រកាសដាក់ចេញការណែនាំ ៤ចំណុច ទៅកាន់មន្រ្តីពាក់ព័ន្ធ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពស្ដីពីការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ធ្វើតេស្ដ របៀបក្នុងការធ្វើតេស្ដ ការបញ្ជាក់លទ្ធផលតេស ចំណាត់ការចំពោះអ្នកវិជ្ជមានសារធាតុញៀន ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានថ្លែងដោយលើកឡើងពីការងារផ្សព្វផ្សាយអប់រំដែលជាការងារអាទិភាពចម្បង ដែលត្រូវតែធ្វើឱ្យ”ទំនើប ទាន់សម័យ មានប្រសិទ្ធភាព “តាមរយៈការពង្រឹងសមត្ថភាពជនបង្គោលគ្រប់ក្រសួង ស្ថាប័ន និងវិស័យឯកជន កៀរគរការចូលរួមពីសប្បុរសជន សាសនា បុគ្គលល្បី តារាល្បី កីឡាករ កីឡាការនីល្បី សាសនា និងជំរុញឱ្យអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្របសម្រួលចុះអនុស្សារណៈយោគយល់គ្នា(MOU) ជាមួយសមាគមសិល្បករខ្មែរ សមាគមអ្នកឧកញ៉ា ជាដើម ចូលរួមជួយការងារផ្សព្វផ្សាយអប់រំពីសារព្រមានពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋកាន់តែទូលំទូលាយបន្ថែមទៀត ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner