សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមព្រះរាជពិធីបុណ្យ ថ្ងៃគម្រប់ ទី ៦៩ នៃការយាងចូលព្រះទិវង្គត សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហ នុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស នៅថ្ងៃអាទិត្យទី៥ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, សម្តេចរដ្ឋសភាធិបតី ឃួន សុដារី រួមជាមួយថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងយុវជនកាកបាទក្រហមកម្ពុជា ចូលរួមព្រះរាជពិធីបុណ្យសង្ឃទាន និងបង្សុកូល ឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្ដេចព្រះមហាសង្ឃរាជ នៃ កម្ពុជា ក្នុងថ្ងៃគម្រប់ទី៦៩ នៃការយាងចូលព្រះទិវង្គត របស់ព្រះអង្គ ដែលព្រះបរមសពកំពុងតម្កល់រៀបចំព្រះរាជពិធី បុណ្យនៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងគណៈប្រតិភូ បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជាថ្វាយព្រះពុទ្ធបដិមា និងព្រះបរមសព ព្រមទាំងបានចុះហត្ថលេខាលើលិខិតរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតផងដែរ ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងគណៈប្រតិភូ បានធ្វើកិច្ចនមស្ការ សមាទានសីល រាប់បាត្រ វេរសង្ឃទានប្រគេន សម្តេចព្រះសង្ឃនាយកស្ដីទី សម្ដេចព្រះសង្ឃនាយករង និងសម្តេចព្រះរាជាគណៈ ១២អង្គ ព្រមទាំងបាន នាំយកនូវទេយ្យវត្ថុ បច្ច័យ សម្រាប់ព្រះរាជពិធីបុណ្យព្រះបរមសពរួមមាន៖ អង្ករ ៥តោន, មី១០០កេស, ត្រីខ ២០កេសធំ, ទឹកក្រូច ១០០កេស, ទឹកសុទ្ធ ២០០កេស, និងបច្ច័យចំនួន ៥០លានរៀល។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំ គណៈប្រតិភូ និងពុទ្ធបរិស័ទ បានចូលរួមបច្ច័យសរុបគិតជាដុល្លារចំនួន ១០.៣៤០ដុល្លារផងដែរ។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូ បានប្រគេនចង្ហាន់ សាដក និងបច្ច័យ ដល់ព្រះសង្ឃចំនួន ៣៨៨អង្គ ប្រកបដោយសទ្ធាជ្រះថ្លាក្រៃលែងក្នុងព្រះពុទ្ធសាសនា។

គួរបញ្ជាក់ថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ត្រូវបានតែងតាំងជា សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦ ដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ ក្នុងព្រះនាមទ្រង់ជាសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានកសាងសមិទ្ធផល និងស្នាព្រះហស្តជាច្រើន ក្នុងវិស័យព្រះពុទ្ធសាសនា ដែលបានរួមចំណែកយ៉ាងធំធេងកសាងសមិទ្ធផលនានាក្នុងសង្គម និងមានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ។

ព្រះអង្គទ្រង់ប្រសូតនៅឆ្នាំ១៩៣២។ ទ្រង់បានសាងផ្នួសអស់រយៈពេល៤៥ឆ្នាំ ដែលគិតចាប់ពីឆ្នាំ១៩៧៩ រហូតដល់ទ្រង់ យាងចូលព្រះទិវង្គត នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩៣ព្រះវស្សា។ ព្រះបរមសព សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស នឹងត្រូវបូជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីតម្កល់ព្រះបរមសព នៅវត្តឧណ្ណាលោមចំនួន ១០០ថ្ងៃ ដើម្បីឱ្យសាធារណជន ចូលរួមថ្វាយបង្គំគោរពបូជា៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner