ឯកឧត្ដម ឃួង ស្រេង ៖ ស្ថានីយបូមទឹកបឹងទំពុន ធំជាងគេបំពាក់ម៉ូទ័របូមទឹកច្រឿនគ្រឿង និងមានសមត្ថភាពបូមទឹករំដោះការជន់លិចបានជាច្រើនខណ្ឌ ក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ស្ថានីយបូមទឹកបឹងទំពុន ជាស្ថានីយបូមទឹកដែលធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដោយបំពាក់ម៉ូទ័របូមទឹកច្រឿនគ្រឿង និងមានសមត្ថភាពបូមទឹកបានក្នុងមួយវិនាទីជាង ៤០ម៉ែត្រគុប ហើយស្ថានីយនេះ រំដោះទឹកបានជាច្រើនខណ្ឌ ក្នុងរាជធានីភ្នំពេញ ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់បែបនេះ ខណៈ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ពាក់ព័ន្ធចុះទៅពិនិត្យ ប្រឡាយ ស្ថានីយ៍បូមទឹកបឹងទំពន់ និងប្រឡាយស្ថានីយ៍បឹងត្របែក នាព្រឹកថ្ងៃ០៦ ឧសភានេះដើម្បីរិះរកវិធានការរំដោះទឹកលិចដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាន់តែប្រសើរឡើង ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ស្ថានីយបូមទឹកបឹងទំពុននេះ អាចរំដោះទឹកបានជាច្រើនខណ្ឌ ក្នុងរាជធានីភ្នំពេញ ដូចជា ខណ្ឌទួលគោក សែន សុខ ពោធិសែនជ័យ និងខណ្ឌកំបូល។ ពាក់ព័ន្ធនិងគម្រោងសំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី រាជធានីភ្នំពេញមានគម្រោងចំនួន ៥០គម្រោង ហើយក្នុងគម្រោងនេះប្រឡាយបឹងត្របែកក៏ស្ថិតនៅក្នុងគម្រោងនេះដែរ ។

ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណង ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញនឹងលែងលិចលង់ ជាមួយនិងការសាទរពីប្រជាពលរដ្ឋ ។ ចំណែកគម្រោងសាងសង់ព្រែកជីកហ្វូណន តេជោដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា គម្រោងនេះក៏ជាផ្នែកដ៏សំខាន់មួយក្នុងការរំដោះទឹកភ្លៀងចេញពីរាជធានីភ្នំពេញផងដែរ ។

ទោះបីជាយ៉ាងណាក្តី ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងអស់ សូមមេត្តាទុកដាក់សំរាមអោយបានត្រឹមត្រូវ ជៀសវាងអោយបាន ការបោះសំរាមចូលក្នុងអណ្តូងលូ ប្រឡាយ ដែលធ្វើអោយទឹកមិនអាចហូរបាន។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងផងដែរថា៖ ស្ថានីយបូមទឹកបឹងទំពុនបានបំពាក់ម៉ូទ័របូមទឹកចំនួន ១០គ្រឿង ដែលមានសមត្ថភាពបូមទឹកបាន ៣៣ម៉ែត្រគុប ក្នុង ១វិនាទី យើងក៏នឹងមានគម្រោងបំពាក់ម៉ូទ័របូមទឹកចំនួន ០២គ្រឿងបន្ថែមទៀតផងដែរ។ ក្រោយបំពាក់ម៉ូទ័របូមទឹកបន្ថែម ២គ្រឿងនេះរួច ស្ថានីយបូមទឹកបឹងទំពុននឹងមានសមត្ថភាពបូមទឹកបាន ៤៥ម៉ែត្រគុបក្នុង ១វិនាទី ។ ចំណែកនៅស្ថានីយបូមទឹកបឹងត្របែកវិញ យើងមានម៉ាស៊ីនចាប់សំរាមស្វ័យប្រវត្ត ហើយយើងក៏មានគម្រោងពង្រីកនិងដាក់លូប្រអប់លើផ្លូវ១០៥ ទំហំ៤ទៅ ៦ម៉ែត្រផងដែរ ។

គួរបញ្ជាក់ទៀតថា នៅភ្នំពេញយើង មានស្ថានីយបូមទឹកទាំង១៤កន្លែង ហើយនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ស្ថានីយបូមទឹកទាំង ១៤កន្លែងនេះ បានបើកប្រតិបត្តិការព្រមៗគ្នាតែម្តង ដែលធ្វើអោយរាជធានីភ្នំពេញអស់ក្តីបារម្ភ រឿងលិចយូរទៀត ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner