របៀបវារៈ២០២០+៥ និងរបៀបវារៈបញ្ញាសប្បនិមិត្ត AI ជាផែនទីយុទ្ធសាស្រ្ត បង្ហាញផ្លូវរបស់ IOC ឆ្ពោះទៅឆ្នាំ២០២៥

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នេះ បានបន្តធ្វើបទឧទ្ទេសនាមគោលការណ៍រចនាសម្ព័ន្ធ និងការដឹក នាំចលនាអូឡាំពិក ដែលបទបង្ហាញលើកទី៣នេះ គឺលើកឡើង ស្តីអំពី របៀបវារៈ២០២០+៥និងរបៀបវារៈ បញ្ញាសប្បនិមិត្តAI ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្រ្តី ថោង ខុន ប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម ប៊ុយ សោភ័ណ្ឌ ទីប្រឹក្សាប្រចាំការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន ថ្លែង បញ្ជាក់ឱ្យដឹងថា បទឧទ្ទេសនាមនេះ គឺជាគំនិតផ្តួចផ្តើម បង្កើតឡើងពីសំណាក់ ឯកឧត្តម ទេសរដ្ឋមន្រ្តី ថោង ខុន ក្នុងគោលបំណងផ្តល់នូវការយល់ដឹងអំពីប្រព័ន្ធ គ្រប់ គ្រង ក៏ដូចជារចនាសម្ព័ន្ធក្នុងការដឹកនាំចលនាអូឡាំពិកទូទាំងពិភពលោក និងគណៈ កម្មា ធិការអូឡាំពិកអន្តរជាតិ(IOC) ដើម្បីធ្វើការអនុវត្តប្រកបដោយប្រសិទ្ធភាពនៅក្នុង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាស្របតាមអ្វីដែលជាលក្ខខណ្ឌគោលការណ៍ណែនាំរបស់ចលនាអូឡាំពិកពិភពលោក។

ឯកឧត្តម ប៊ុយ សោភ័ណ្ឌ បានគូសបញ្ជាក់ទៀតថា សម្រាប់បទឧទ្ទេសនាមលើកទី ៣ នេះ គឺបានលើកយកនូវរបៀបរវារៈ២០២០+៥និងរបៀបវារៈបញ្ញាសប្បនិមិត្តAI ដែល ជាឯកសារផែនទីបង្ហាញផ្លូវយុទ្ធសាស្រ្តសំខាន់របស់គណៈកម្មាធិការគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដើម្បីជាគន្លឹះក្នុងការអនុវត្តការងារក៏ដូចជាទិសដៅអនុវត្តចក្ខុវិស័យ របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិដែលជាផែនការមេក្នុងជំហ៊ានអភិវឌ្ឍឆ្ពោះទៅឆ្នាំ២០២៥។

ឯកឧត្តម បានបន្តថា របៀបវារៈ២០២០+៥មានអនុសាស្រ្តគោលចំនួន១៥ ហើយ អនុសាសន៍ ទាំង១៥នេះ នឹងមានលម្អិតទៅតាមអនុសាស្រ្តនីមួយៗដែលមានឯកសារ ចងក្រងជាច្រើនធ្វើការចែករំលែកទៅកាន់ចលនាអូឡាំពិកពាក់ព័ន្ធទាំងអស់ ក្នុងនោះ មាន សហព័ន្ធ អន្តរជាតិ និងគណៈកម្មាធិការអូឡាំពិកជាតិនីមួយៗ នៅតាមបណ្តា ប្រទេស ។

ឯកឧត្តម បានលើកឡើងបន្ថែមទៀតថា សម្រាប់របៀបវារៈបញ្ញាសប្បនិមិត្តAIនេះ គឺជា របៀបវារៈនិងជាឯកសារថ្មីដែលគណៈកម្មាធិការអូឡាំពិកអន្តរជាតិដាក់ដំណើរការកាលពីដើមខែមេសាកន្លងទៅថ្មីៗនេះ ដោយគេមើលឃើញថា បច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត AI នេះ មានសារៈសំខាន់ជួយខ្លាំងដល់ការហ្វឹកហាត់របស់អត្តពលិក សុវត្ថិភាពអត្តពលិក និងការរៀបចំការប្រកួតរបស់អូឡាំពិកកាន់តែមានសុក្រិតភាព ពិសេស គឺការគ្រង រចនា សម្ព័ន្ធបុគ្គលិកមន្រ្តីពាក់ព័ន្ធរបស់ចលនាអូឡាំពិកទាំងអស់ផងដែរ៕

រូបភាព ៖ ជីភារ៉ា
អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner