លោក Elon Musk ត្រៀមចេញលក់មនុស្សយន្តនៅឆ្នាំ ២០២៥

វ៉ាស៊ីនតោន៖ លោក Elon Musk បានប្រកាសបង្ហាញរូបរាងមនុស្សយន្ត (Optimus Robot) របស់ក្រុមហ៊ុន Tesla ដោយអះអាងថា មនុស្សយន្តហោះនេះ អាចនឹងចេញលក់នៅត្រឹមចុងឆ្នាំ ២០២៥ ហើយរំពឹងថា នឹងរកប្រាក់ចំណូលបានច្រើនលើសពីការលក់រថយន្តអគ្គិសនីរបស់ Tesla។

ការប្រកាសដែលពោលពេញដោយមហិច្ឆតារបស់លោក Musk នេះ បានទទួលប្រតិកម្មចម្រុះពីក្រុមអ្នកជំនាញ ខណៈដែលអ្នកជំនាញខ្លះជឿជាក់ថា ការកំណត់ពេលវេលាចេញលក់មនុស្សយន្តនៅត្រឹមចុងឆ្នាំ ២០២៥ គឺអាចទៅរួច, អ្នកខ្លះទៀតបានចោទសួរពាក់ព័ន្ធមនុស្សយន្តនេះ ដោយមួយចំនួនមានការព្រួយបារម្ភខ្លាំង អំពីមុខងារ, ភាពជឿជាក់ និងមុខងារផ្សេងៗទៀតរបស់មនុស្សយន្ត។

យោងតាមប្រភពពីគេហទំព័រ electrek.co បានឱ្យដឹងថា ក្រុមហ៊ុន Tesla គ្រោងនឹងប្រើប្រាស់មនុស្សយន្តក្នុងរោងចក្ររបស់ខ្លួននៅចុងឆ្នាំ ២០២៤នេះ។ កាលពីប៉ុន្មានខែមុន Tesla បានដាក់បង្ហាញវត្តមានមនុស្សយន្ត “Optimus Gen 2” ដែលជាមនុស្សយន្តជំនាន់ថ្មីរបស់ខ្លួន ដែលគួរតែអាចទទួលយកការងារដដែលៗពីមនុស្ស។ មនុស្សយន្តគំរូថ្មីនេះ បានបង្ហាញពីការកែលម្អជាច្រើន បើធៀបនឹងមនុស្សយន្តមុនៗ។ លោក Elon Musk បាននិយាយថា មនុស្សយន្ត Optimus កំពុងបំពេញការងារនៅឯមន្ទីរពិសោធន៍របស់ខ្លួន ហើយលោកជឿជាក់ថា មនុស្សយន្តនេះនឹងត្រូវបានប្រើ ដើម្បីអនុវត្តការងារជាក់ស្តែងនៅក្នុងរោងចក្ររបស់ Tesla នៅត្រឹមចុងឆ្នាំ ២០២៤នេះ។

ទន្ទឹមគ្នា លោក Musk ក៏បានអះអាងដែរថា គាត់ជឿជាក់ថា ក្រុមហ៊ុន Tesla អាចនឹងចាប់ផ្តើមលក់មនុស្សយន្ត Optimus របស់ខ្លួនទៅឱ្យអតិថិជននៅត្រឹមចុងឆ្នាំ ២០២៥។ លោក Musk ក៏បានរំពឹងផងដែរថា មនុស្សយន្ត Optimus នឹងស្រូបទាញប្រាក់ចំណូលយ៉ាងច្រើនចូលក្រុមហ៊ុន Tesla ដោយលោក Musk បានបង្ហើបឱ្យដឹងថា មនុស្សយន្ត Optimus ក្នុងមួយគ្រឿងមានតម្លៃប្រហែល ២ម៉ឺន៥ពាន់ដុល្លារ(២៥,០០០ដុល្លារ)៕

ប្រភព៖ Tech DAD និង electrek ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner