ចំនួនកុមារនៅជប៉ុន ធ្លាក់ចុះខ្លាំងក្នុងពេល ៤៣ឆ្នាំជាប់គ្នា

តូក្យូ៖ ចំនួនកុមារនៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះដល់កំណត់ត្រាថ្មីមួយទៀត ដែលនេះសបញ្ជាក់ឱ្យឃើញអំពីបញ្ហាប្រឈមផ្នែកប្រជាសាស្រ្ត ដែលកំពុងដាក់បន្ទុកលើប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីររបស់អាស៊ីមួយនេះ។

យោងតាមទិន្នន័យពីក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងជប៉ុន បានឱ្យដឹងថា ចំនួនកុមារមានអាយុ ១៤ឆ្នាំ ឬទាបជាងនេះ បានធ្លាក់ចុះខ្លាំងក្នុងរយៈពេល ៤៣ឆ្នាំជាប់ៗគ្នា មកនៅត្រឹមជាង ១៤លាននាក់ គិតត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។

ចំនួនកុមារបើធៀបនឹងចំនួនប្រជាជនសរុបរបស់ប្រទេសជប៉ុនបានថយចុះមកត្រឹម ១១.៣ភាគរយ ហើយបន្តធ្លាក់ចុះដល់កម្រិតទាបគ្រប់ពេលផងដែរ។ ចំនួនប្រជាជនសរុបរបស់ប្រទេសជប៉ុនបាននឹងកំពុងធ្លាក់ចុះជាលំដាប់ចាប់តាំងពីឆ្នាំ ២០១០ ដែលនាំឱ្យមានការខ្វះខាតកម្លាំងពលកម្មដ៏រ៉ាំរ៉ៃ។

ប៉ុន្តែទន្ទឹមគ្នា ការកើនឡើងចំនួនមនុស្សចាស់នៅជប៉ុន ក៏កំពុងដាក់សម្ពាធលើការចំណាយផ្នែកវេជ្ជសាស្រ្ត និងសន្តិសុខសង្គមរបស់ប្រទេសជប៉ុនកាន់តែខ្ពស់ផងដែរ។ ស្ថានភាពនេះ ត្រូវបានគេរំពឹងថា នឹងកាន់តែអាក្រក់ទៅៗ ដោយសារអត្រាកំណើតនៅក្នុងប្រទេសជប៉ុន គឺជាអត្រាទាបបំផុតមួយរបស់ពិភពលោក៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner