ក្នុងខែឧសភា អង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និង ធ្វើការសម្រេច លើពាក្យប្ដឹង សរុបចំនួន ៥៥

(ភ្នំពេញ)៖ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាក្នុងខែឧសភា ឆ្នាំ២០២៤នេះ បានទទួលដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែល​មាន​ក្នុងខែនេះ សរុបចំនួន ៥៥ ជាមួយគ្នានេះអង្គភាពប្រឆាំងអំពើពុករលួយក៏បាន​កសាងសំនុំរឿង០១ ករណី ដែលមានជនសង្ស័យ ចំនួន៣រូប បញ្ជូនទៅ សាលាដំបូង​ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធបទល្មើស សមគំនិត បំផ្លាញ គៃបំបាត់ និងបទល្មើសស្តីពី ជលផលផងដែរ។

ឯកឧត្តម សយ ច័ន្ទ វិចិត្រ ឧបការី និង មន្រ្តីនាំពាក្យ អង្គភាព ប្រឆាំងអំពើពុករលួយ បាន​ឱ្យដឹង ក្នុងកិច្ចប្រជុំលើកទី៣៤ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើ​ពុក​រលួយ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤នេះថា៖ក្រៅពីការ​ទទួល​ពាក្យប្តឹង​ខាងលើនេះអង្គភាពប្រឆាំងអំពើពុករលួយក៏បានទទួលមន្ត្រីចំនួន ១៩០នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការ តែងតាំងថ្មីចំនួន ១១០នាក់ និងមន្ត្រី ៨០នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើក ចុងក្រោយដោយមូលហេតុលាឈប់ពីការងារ -ចូលនិវត្តន៍ និងចប់អាណត្តិ។

ឯកឧត្តម សយ ច័ន្ទ វិចិត្រ បានលើកឡើងឱ្យដឹងដែរថាក្រៅពីការងារខាងលើនេះ​អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានចូលរួមសង្កេតការណ៍ការប្រឡង ចំនួន ០២លើក រួមមាន៖ (១)ការប្រឡង ជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំទី១ កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យ សុខាភិបាលសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ជាលទ្ធផល អង្គភាពប្រឆាំងអំពើ ពិនិត្យឃើញថាចាប់តាំងពីការ រៀបចំនីតិវិធីប្រឡង ដំណើរការប្រឡង ដំណើរការកំណែ ការស្រង់-បូកពិន្ទុ និងការប្រកាសលទ្ធផល ស្ថាពរ បានប្រព្រឹត្តទៅដោយរលូន តម្លាភាព ហើយស្របតាមបទប្បញ្ញត្តិនឹងគោលការណ៍នានាដែល បានដាក់ចេញ (២)ការប្រឡងជ្រើសរើសសិស្ស អាជ្ញាសាលាជំនាន់ទី៣ ត្រឹមដំណាក់កាលសំណេរ អង្គភាពប្រឆាំងអំពើពុករលួយ ក៏ពិនិត្យឃើញថាបានប្រព្រឹត្តិទៅដោយរលូន និងតម្លាភាពផងដែរ មុនបន្តទៅដំណាក់កាល សម្ភាសន៍បេក្ខជនដោយផ្ទាល់មាត់នាពេលខាងមុខ។

មន្រ្តីអ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថា៖ក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយ បានចុះសង្កេតការណ៍លើលទ្ធកម្មសាធារណៈ ចំនួន ១៤៨ គម្រោង របស់អង្គភាព លទ្ធកម្ម ចំនួន ៤៧ អង្គភាព និងបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែង មួយ ចំនួនទៀត សំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។

ជាមួយគ្នាមន្រ្តីនាំពាក្យ អង្គភាព ប្រឆាំងអំពើពុករលួយ រូបនេះបានឱ្យដឹងដែរថា៖ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីប្រធានអង្គភាព និងមន្ត្រីជាន់ខ្ពស់ អង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ០៣រូប ផ្សេងទៀត បានផ្តល់បទឧទ្ទេសនាមស្តីពី “ការប្រឆាំងអំពើពុករលួយ និងក្រមសីលធម៌” ដល់ សិស្សវគ្គវិក្រឹតការមន្ត្រីមធ្យមចំនួន២វគ្គ ដែលមានសិក្ខាកាមសរុប ១៥៨រូប នៅសាលាភូមិន្ទរដ្ឋបាល៕

ដោយ៖ ម៉ាដេប៉ូ
រូបភាព៖ ហេងសម្បត្តិ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner