ខេត្តជាប់ដែនសមុទ្រ បាននិងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលយ៉ាងខ្ជាប់ខ្ជួន

(កែប)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកត់សម្គាល់ឃើញថា ខេត្តកែប កំពត ព្រះសីហនុ និងកោះកុង បាននឹងកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ លើគោលនយោបាយអាទិភាពចំនួន ៦ចំណុច និងវិធានការគន្លឹះទាំង ៥ របស់រាជរដ្ឋាភិបាលយ៉ាងខ្ជាប់ខ្ជួន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទីមួយ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកែប នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅសាលាខេត្តកែប ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពិនិត្យឃើញថាបច្ចុប្បន្ន អាជ្ញាធរដែនដី ក្រុមប្រឹក្សាស្រុកក្រុង ក្នុងខេត្តកែបបានខិតខំរួមគ្នាអនុវត្តការងារកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកែប ស្របតាមយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ និងសក្តានុពលរបស់ខេត្ត ដើម្បីប្រែក្លាយខេត្តនេះទៅជាទីក្រុងឆ្នេរសមុទ្រដែលទាក់ទាញបំផុតនៅ កម្ពុជា ហើយ ឯកឧត្តមសង្ឃឹមថា ទាំងអស់គ្នានឹងបន្តខិតខំប្រឹងប្រែងអនុវត្តកិច្ចការងារនេះបន្ថែមទៀត សំដៅជំរុញឱ្យខេត្តកែបកាន់តែទទួលបានភាពលេចធ្លោសំរាប់ទាក់ទាញទេសចរមកកំសាន្តឱ្យបានកាន់តែច្រើន និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្នុងខេត្តនេះកាន់តែប្រសើរឡើង។

ជាមួយគ្នានោះ ឯកឧត្តម សាយ សំអាល់ បានចាត់ទុកវិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាបំណែកដ៏មានសារៈសំខាន់នៅក្នុងរដ្ឋបាលឯកភាពរាជធានីខេត្តក្រុងស្រុកខណ្ឌ ហើយកិច្ចការរៀបចំដែនដី និងការចុះបញ្ជីដីធ្លីត្រូវតែមានការឯកភាពចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ និងមានការគាំទ្រពីមន្ត្រីជាអ្នកប្រតិបត្តិ និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋនោះ ដើម្បីឱ្យការងារមានភាពរលូន និងប្រសិទ្ធភាព ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប ដើម្បីជំរុញការងារចុះបញ្ជីដីធ្លី រួមមាន៖ កុំព្យូទ័រ Desktop ២គ្រឿង រួមជាមួយសម្ភារៈបំពាក់, ម៉ាស៊ីនព្រីនធ័រ ២គ្រឿង,និងម៉ាស៊ីនស្គែន ២គ្រឿងផងដែរ។

សូមបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧នៃរដ្ឋសភា នឹងជំរុញការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព ទាំង ៦ រួមមាន៖
(១). ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល;
(២). ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារ ក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស;
(៣). ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់ គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ, និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិ សេដ្ឋកិច្ច និង គ្រាមានគ្រោះអាសន្ន;
(៤). ការដាក់ចេញ យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព ចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ;
(៥). ការដាក់ចេញនូវយន្តការសម្របសម្រួល និង កម្មវិធីហិរញ្ញប្បទាន សំដៅលើក ស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ; និង
(៦). ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមាន សកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគន្លឹះចំនួន ៥ ដើម្បីដោះស្រាយបញ្ហាប្រឈម រួមមាន៖ ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព, ប្រសិទ្ធភាព, និងសមិទ្ធកម្មរបស់មន្ត្រី និង ស្ថាប័ន; ការលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា; ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន; ការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍; និងការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner