លោក ពូទីន បញ្ជាឱ្យយោធារុស្ស៊ីធ្វើសមយុទ្ធនុយក្លេអ៊ែរ

មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសនៅថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាឱ្យយោធាធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរ ស្ថិតនៅក្បែរប្រទេសអ៊ុយក្រែន។

Read. ក្រសួងការពារជាតិរុស្ស៉ីបានគូសបញ្ជាក់ថា ការធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរនាពេលឆាប់ៗនេះ មានគោលដៅធានាការពារបូរណភាពទឹកដី និងអធិបតេយ្យរបស់ប្រទេសរុស្ស៉ី ដើម្បីជាការឆ្លើយតប ចំពោះសេចក្តីថ្លែងការណ៍ដែលមានលក្ខណៈបង្កហេតុ ព្រមទាំងគំរាមកំហែងពីសំណាក់ក្រុមមន្រ្តីលោកខាងលិចមួយចំនួនប្រឆាំងនឹងរុស្ស៉ី។

បើតាមក្រសួងការពារជាតិរុស្ស៉ី ការធ្វើសមយុទ្ធនេះដែរ នឹងតេស្តសមត្ថភាពត្រៀមលក្ខណៈរបស់កងកម្លាំងនុយក្លេអ៊ែរមិនមែនយុទ្ធសាស្រ្ត ក្នុងការបំពេញបេសកកម្មប្រយុទ្ធ និងការហ្វឹកហាត់សម្រាប់ការត្រៀមរៀបចំ និងការដាក់ពង្រាយ ដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រភេទមិនមែនយុទ្ធសាស្រ្ត គឺអាវុធនុយក្លេអ៊ែរតាក់ទិច។
កន្លងមក លោក ពូទីន តែងតែបង្កើនវោហាសាស្ត្រនុយក្លេអ៊ែររបស់ខ្លួន ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានចាប់ផ្តើម ដោយមេដឹកនាំរុស្ស៊ីរូបនេះបានព្រមាននៅក្នុងសុន្ទរកថារបស់ខ្លួន ទៅកាន់ប្រជាជាតិកាលពីខែកុម្ភៈថា មានហានិភ័យពិតប្រាកដ នៃសង្គ្រាមនុយក្លេអ៊ែរ។

តួយ៉ាង កាលពីឆ្នាំមុន រុស្ស៊ីបានលុបចោលការផ្តល់សច្ចាប័នរបស់ខ្លួន លើសន្ធិសញ្ញាហាមប្រាមការសាកល្បងអាវុធនុយក្លេអ៊ែរដ៏ទូលំទូលាយ និងបានដកខ្លួនចេញពីកិច្ចព្រមព្រៀងកាត់បន្ថយអាវុធសំខាន់ៗជាមួយសហរដ្ឋអាមេរិកផងដែរ។ ជុំវិញបញ្ហានេះដែរ មន្ត្រីលោកខាងលិចកាន់តែមានការព្រួយបារម្ភខ្លាំងឡើង ចំពោះវោហាសាស្ត្រនុយក្លេអ៊ែររបស់វិមានក្រឹមឡាំង ក្នុងអំឡុងពេលវាយលុកនៅអ៊ុយក្រែន ដោយលោក ពូទីន តែងតែអំពាវនាវអំពីគោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner