ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ខេត្តកំពត បាននឹងកំពុងប្រែក្លាយខ្លួន ជាទីក្រុងទេសចរណ៍ទី២ នៅកម្ពុជា

កំពត៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសង្កេតឃើញថា ខេត្តកំពតបាននឹងកំពុងប្រែក្លាយខ្លួនជាទីក្រុងទេសចរណ៍ទី២ នៅកម្ពុជា បន្ទាប់ពីខេត្តសៀមរាប ជាមួយនឹងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ លើគោលនយោបាយអាទិភាព ៦ចំណុច និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលយ៉ាងខ្ជាប់ខ្ជួន។

នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្តខេត្តកំពត នារសៀលថ្ងៃទី ៦ ខែឧសភាឆ្នាំ២០២៤ នៅសាលាខេត្តកំពត ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា ចំពោះការរៀបចំដែនដី គឺធ្វើយ៉ាងណាត្រូវរៀបចំទៅតាមតំបន់ដោយប្រើប្រាស់ឱ្យអស់នូវសក្តានុពលសេដ្ឋកិច្ចតាមតំបន់នីមួយៗ។ ដោយឡែកចំពោះការរៀបចំទីប្រជុំជននិងទីក្រុងក្នុងខេត្តកំពត អាជ្ញាធរត្រូវបន្តសហការជាមួយវិស័យឯកជនដើម្បីចូលរួមថែរក្សាសោភ័ណភាពនិងកែលម្អបង្កើនសោភ័ណភាពក្រុងឱ្យកាន់តែមានភាពទាក់ទាញសំបូរបែបបន្ថែមទៀត ដោយផ្តល់នូវការសម្រាកលំហែប្រកបដោយផាសុកភាពនិងសុវត្ថិភាពសំរាប់អ្នកទេសចរណ៍។

លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញដល់ការអភិវឌ្ឍន៍បុរីជនបទ សម្រាប់ទីប្រជុំជននានាដែលស្ថិតនៅឆ្ងាយៗក្នុងខេត្តកំពតត្រូវពិនិត្យមើលលើការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាទឹក អគ្គិសនី សាលារៀន មណ្ឌលសុខភាព ជាដើម ឱ្យបានទៅដល់គ្រប់ទីប្រជុំជនក្នុងខេត្តនេះដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរស់នៅនិងការធ្វើអាជីវកម្ម ប្រកបមុខរបរផ្សេងៗសម្រាប់បង្កើនជីវភាពគ្រួសារ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពត ដើម្បីជំរុញការងារចុះបញ្ជីដីធ្លីរួមមាន : កុំព្យូទ័រLaptop ១២គ្រឿងរួមជាមួយសម្ភារៈបំពាក់, ម៉ាស៊ីនព្រីនធ័រ ១២គ្រឿង និងម៉ាស៊ីនស្គេន ៦គ្រឿងផងដែរ។

សូមបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧នៃរដ្ឋសភា នឹងជំរុញការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព ទាំង ៦ រួមមាន៖
(១). ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល;
(២). ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារ ក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស;
(៣). ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់ គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ, និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិ សេដ្ឋកិច្ច និង គ្រាមានគ្រោះអាសន្ន;
(៤). ការដាក់ចេញ យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព ចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ;
(៥). ការដាក់ចេញនូវយន្តការសម្របសម្រួល និង កម្មវិធីហិរញ្ញប្បទាន សំដៅលើក ស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ; និង
(៦). ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមាន សកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគន្លឹះចំនួន ៥ ដើម្បីដោះស្រាយបញ្ហាប្រឈម រួមមាន៖ ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព, ប្រសិទ្ធភាព, និងសមិទ្ធកម្មរបស់មន្ត្រី និង ស្ថាប័ន; ការលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា; ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន; ការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍; និងការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner