ចាយលើសប្រាំលានដុល្លារជីកពង្រីកផ្លូវទឹក សង្គ្រោះកំពង់ផែទេសចរណ៍កំពតដែលជាប់គាំង

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈការដេញថ្លៃ បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន AZ Builders ដើម្បីសង្គ្រោះកំពង់ផែទេសចរណ៍កំពតដែលត្រូវបានទុកចោលរយៈពេលពីរឆ្នាំមកហើយក្រោយបញ្ចប់ការសាងសង់តាំងពីឆ្នាំ២០២២មក។ ក្រុមហ៊ុន AZ Builders ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនខ្មែរ AZ Group នឹងត្រូវបោះទុនវិនិយោគពី ៥លានទៅ១០លានដុល្លារអាមេរិក ជីកស្តារពង្រីកផ្លូវទឹកឲ្យបានជ្រៅ និងធំទូលាយ ដើម្បីអាចឲ្យនាវាចូលចតបាន។ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងសាធារណការឯកឧត្តម ប៉េង ពោធិ៍នា និង ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងសន្និសីទកាសែតកាលពីថ្ងៃសុក្រសប្តាហ៍មុន ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យដឹងថា រដ្ឋាភិបាលគ្រោងចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនវិនិយោគឯកជននេះ នៅអំឡុងត្រីមាសទី២ ឆ្នាំ ២០២៤។ លោករំពឹងថា កំពង់ផែទេសចរណ៍កំពតនឹងអាចដំណើរការបណ្តោះអាសន្ន ក្នុងអំឡុងត្រីមាសទី៣ឆ្នាំនេះ និងគ្រោងបើកជាផ្លូវការនៅចុងឆ្នាំដដែល។

គួរបញ្ជាក់ថា កំពង់ផែទេសចរណ៍នេះ ត្រូវបានសាងសង់កាលពីឆ្នាំ២០១៨ ក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB )ក្នុងទំហំទឹកប្រាក់ជាងប្រាំបួនលានដុល្លារ ដោយដំបូងឡើយត្រូវបានគ្រប់គ្រងដោយក្រសួងទេសចរណ៍ មុននឹងផ្ទេរទៅក្រសួងសាធារណការ។ គេមិនបានដឹងពីការបោះបង់កំពង់ផែនេះនោះទេរហូតដល់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងក្នុងវេទិកាសាធារណៈកាលពីនាពេលថ្មីៗនេះ។ ឯកឧត្តមបញ្ជាក់ថា កំពង់ផែននេះមានទឹករាក់ដែលមិនអាចឲ្យនាវាចូលចតបានឡើយ ហើយថាការសិក្សាពីគម្រោងនេះមិនបានគិតគូរពីស្ថានភាពភូមិសាស្ត្រឲ្យបានល្អ។

យ៉ាងណាក៏ដោយ ក្នុងសិន្និសិទកាសែត ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល លើកឡើងថា ការងារបន្ទាប់គឺត្រូវធ្វើឱ្យកំពង់ផែនេះស្របតាមស្តង់ដារ ដើម្បីធានានិរន្តរភាព និងសុវត្ថិភាព។

កំពង់ផែទេសចរណ៍កំពតនេះ មានទីតាំងក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលហ៊ុព័ទ្ធដោយតំបន់ទេសចរណ៍ល្បីៗ ដូចជា ភ្នំបូកគោ ទឹកឈូ កោះទន្សាយ និងមានសក្តានុពលក្នុងការតភ្ជាប់តំបន់ទេសចរណ៍របស់របស់កម្ពុជា ជាមួយតំបន់ទេសចរណ៍របស់ប្រទេសនានាផងដែរ។ ក្រៅពីកំពង់ផែនេះ កម្ពុជាមានកំពង់ផែ និងចំណតតាមឆ្នេរសមុទ្រ៣០កន្លែងផ្សេងទៀត។ ប៉ុន្តែ កម្ពុជាមិនទាន់ទាញសក្តានុពលពីផែទាំងអស់នេះបានច្រើននៅឡើយ។ ជាក់ស្តែង ចំនួនអ្នកទេសចរផ្លូវទឹកនៅមានចំនួនតិចតួចប៉ុណ្ណោះ។

លោក ធួន ស៊ីណាន ប្រធាន សមាគម ទេសចរណ៍ អាស៊ី ប៉ាស៊ីហ្វិក កម្ពុជា បាន និយាយថា ប្រសិនបើអាចធានានិរន្តភាពប្រតិបត្តិការបាន កំពង់ផែ ទេសចរណ៍ កំពតនឹង រួមចំណែក ក្នុង ការតភ្ជាប់ ភ្ញៀវទេសចរ តាម កប៉ាល់ ពី ប្រទេស នានា ពិសេស ប្រទេស ក្នុង តំបន់ ឱ្យ ចូលមក កម្ពុជា កាន់តែ ច្រើន ៕
ដោយ:ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner