គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតលក់ភាគហ៊ុន ១០០% ឱ្យធនាគារតៃវ៉ាន់ SinoPac

ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតបានសម្រេចលក់ភាគហ៊ុន ១០០ភាគរយ ទៅក្រុមហ៊ុនតៃវ៉ាន់ SinoPac Holdings ក្នុងតម្លៃជាង ៥៤០លានដុល្លារ។ ការទិញលក់នឹងចែក ជាបីដំណាក់កាល។ ដំណាក់កាលទីមួយ ក្រុមហ៊ុននឹងទិញយក ៨០ភាគរយក្នុងតម្លៃប្រហែល ៤៣៥ លានដុល្លារ ហើយបន្ទាប់មកនឹងទិញយក១០ភាគរយទៀតនៅចុងឆ្នាំទី១ និង១០ភាគរយទៀតនឹងទិញយកនៅចុងឆ្នាំទី២។

ក្រុមហ៊ុន SinoPac Holdings ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ SinoPac បានប្រកាសពីការទិញផ្តាច់យកគ្រឹះស្ថានដ៏ធំមួយនេះកាលពីថ្ងៃសៅរ៍ ដោយបញ្ជាក់ថា នេះជាគោលដៅយុទ្ធសាស្រ្តដើម្បីបង្កើនប្រាក់ចំណូល និងពង្រីកសក្តានុពលរបស់ខ្លួននៅអន្តរជាតិ ជាពិសេសនៅទីផ្សារកម្ពុជា ដែលក្រុមហ៊ុននេះថា មានកំណើនសេដ្ឋកិច្ច និងប្រជាសាស្ត្រ ទាក់ទា ញដែលអាចគាំទ្រដល់កំណើនរយៈពេលវែង។

SinoPac ជាម្ចាស់បំណុលដ៏ធំមួយរបស់គ្រឹះស្ថានហិរញ្ញវត្ថុអម្រឹត។ ធនាគារនេះជាអ្នកផ្ដល់កម្ចីដ៏ធំសម្បើមមួយ របស់អម្រឹតតាំងពីឆ្នាំ ២០១៧មក។

លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានប្រាប់ទូរទស្សន៍អប្សរាថា ការទិញលក់ ឬការច្របាច់បញ្ចូលគ្នារវាងស្ថាប័នមីក្រូហិរញ្ញវត្ថ ឬរវាងធនាគានិងមីក្រូហិរញ្ញវត្ថុ គឺជារឿងធម្មតានៅក្នុងវិស័យហិរញ្ញវត្ថុ។ លោកជំទាវថា នេះជាផ្នែកមួយក្នុងការពង្រីកប្រតិបត្តិការអជីវកម្មផ្អែកទៅតាមជម្រើស និងទស្សនៈវិស័យរបស់ស្ថាប័ននីមួយៗ ហើយថា នេះជាសញ្ញាល្អដែលបង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគទៅលើភាពធន់នៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

លោកបណ្ឌិត ហុង វណ្ណៈ និង លោកបណ្ឌិត គី សេរីវឌ្ឍន៍ ដែលជាអ្នក ជំនាញ ផ្នែក សេដ្ឋកិច្ច នៅ រាជ្យ បណ្ឌិត្យសភា កម្ពុជា អះអាងដូចគ្នាថា ការលក់ហ៊ុនមិនពាក់ព័ន្ធនឹងវិបត្តិសេដ្ឋកិច្ច ឬបញ្ហាហិរញ្ញវត្ថុនោះទេ។ អ្នកជំនាញទាំងពីរមើលឃើញដូចគ្នាថា នេះអាចជាការពង្រីកខ្លួនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ទៅជាធនាគារ។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន យល់ថា ប្រតិបត្តិការនៃការទិញលក់នេះ កើតឡើងបានដោយមើលឃើញពីផលចំណេញទាំងសងខាង។ លោកថា អម្រឹតលក់ចេញ បានប្រាក់ចំណេញខ្ពស់ ខណៈដែលក្រុមហ៊ុន SinoPac Holdings ក៏ចំណេញដូចគ្នា ព្រោះទទួលបានក្រុមហ៊ុន មានកេរ្តិ៍ឈ្មោះ និងរចនាសម្ព័ន្ធស្រាប់។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ១៩៩១។ គិតត្រឹមឆ្នាំ ២០២៣ អម្រឹតមានសាខាប្រតិបត្តិការចំនួន ១៥០ នៅក្នុងខេត្តក្រុងចំនួន ២៤ នៅទូទាំងប្រទេសកម្ពុជា ដែលមានទ្រព្យសម្បត្តិសរុបចំនួន ២ ពាន់លានដុល្លារអាមេរិក។

ក្រៅពីអម្រឹត កាលពីឆ្នាំ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានលក់ហ៊ុន ៧០ភាគរយទៅឲ្យធនាគារកូរ៉េ KB។ នៅឆ្នាំ ២០១៨ គ្រឹះស្ថានហិរញ្ញវត្ថុ Vision Fund បានលក់ហ៊ុនទាំងស្រុងឲ្យ ធនគារកូរ៉េ Woori។ ក្រៅពីនោះ នៅមានគ្រឹះស្ថាន និងធនាគារមួយចំនួនទៀតបានច្របាច់បញ្ចូលគ្នាដែរ។ ក្រុមហ៊ុន Mekong Strategic Partners បានលើកឡើងថា នេះជារឿងចាំបាច់ដើម្បីពង្រឹងប្រតិបត្តិការ និងធានាស្ថិរភាពនៃវិស័យហិរញ្ញវត្ថុរបស់កម្ពុជា៕
ដោយ:ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner