Shell និង Saudi Aramco ចរចាទិញលក់ស្ថានីយចាក់ប្រេងឥន្ធនៈនៅម៉ាឡេស៊ី

គូឡាឡាំពួរ៖ ក្រុមហ៊ុនថាមពល Shell កំពុងពិភាក្សាជាមួយក្រុមហ៊ុន Saudi Aramco ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីលក់អាជីវកម្មស្ថានីយ៍ចាក់ប្រេងឥន្ធនៈរបស់ Shell នៅម៉ាឡេស៊ី ដែលជាបណ្តាញដ៏ធំបំផុតទីពីរនៅក្នុងប្រទេសអាស៊ាននេះ។ យោងតាមប្រភពរបស់ឧស្សាហកម្មចំនួន៤ ដែលដឹងពីការពិភាក្សានេះបានអះអាងថា កិច្ចព្រមព្រៀងមួយនេះអាចនឹងមានតម្លៃរហូតដល់ ១ពាន់លានដុល្លារ។

សារព័ត៌មាន The Star បានចេញផ្សាយថា ប្រភពមិនបញ្ជាក់អត្តសញ្ញាណទីមួយបានឱ្យដឹងថា ការពិភាក្សាពីការទិញលក់ស្ថានីយចាក់ប្រេងឥន្ធនៈ Shell នៅម៉ាឡេស៊ី បានចាប់ផ្តើមកាលពីចុងឆ្នាំ ២០២៣ ហើយកិច្ចព្រមព្រៀងមួយអាចនឹងត្រូវបានបញ្ចប់នៅក្នុងពេលប៉ុន្មានខែខាងមុខទៀតនេះ។ ចំណែកប្រភពទីពីរបានបង្ហើបឱ្យដឹងថា កិច្ចព្រមព្រៀងនេះ អាចនឹងមានតម្លៃចាប់ពី ៨៤៤លានដុល្លារ ទៅជាង ១ពាន់លានដុល្លារ។ ក្រៅពីការលក់ស្ថានីយ៍ចាក់ប្រេងឥន្ធនៈរបស់ខ្លួននៅម៉ាឡេស៊ី ក្រុមហ៊ុន Shell ក៏បានលក់ក្រុមហ៊ុនប្រេងរំអិលឧស្សាហកម្ម, ផលិតប្រេងឆៅ និងឧស្ម័នធម្មជាតិ នៅឯនាយសមុទ្រនៃរដ្ឋ Sarawak និង Sabah ក៏ដូចជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាផ្នែករុករកឧស្ម័នធម្មជាតិរាវ (LNG)។

ក្រុមហ៊ុន Shell បាននិយាយថា ខ្លួនមានគម្រោងលក់ស្ថានីយចាក់ប្រេងឥន្ធនៈចំនួន ៥០០ នៅឆ្នាំ២០២៤នេះ និងឆ្នាំក្រោយ ហើយថា ខ្លួនក៏ស្ថិតនៅក្នុងដំណើរការលក់រោងចក្រចម្រាញ់ប្រេង និងគីមីឥន្ធនៈនៅប្រទេសសិង្ហបុរីផងដែរ។
យោងតាមគេហទំព័ររបស់ខ្លួន ក្រុមហ៊ុន Shell ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស មានស្ថានីយ៍ចាក់ប្រេងឥន្ធនៈប្រហែល ៩៥០កន្លែងនៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍ ហើយនៅម៉ាឡេស៊ី ខ្លួនមានគូរប្រជែងតែមួយប៉ុណ្ណោះ គឺក្រុមហ៊ុនប្រេងគ្រប់គ្រងដោយរដ្ឋ Petronas។

រីឯក្រុមហ៊ុន Saudi Aramco មិនមានស្ថានីយ៍ប្រេងឥន្ធនៈនៅក្នុងប្រទេសម៉ាឡេស៊ីទេ ទោះបីជាខ្លួនបានកាន់កាប់ចំនួន ៥០ភាគរយ នៃការចម្រាញ់ប្រេងចំនួន ៣០០,០០០ (៣០ម៉ឺន) បារ៉ែលក្នុងមួយថ្ងៃ នៅរោងចក្រចម្រាញ់ប្រេង Pengerang ក្នុងរដ្ឋ Johor ដែលជាការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនប្រេងរដ្ឋ Petronas របស់ម៉ាឡេស៊ី ដែលលក់ប្រេងឥន្ធនៈក្នុងស្រុក និងសម្រាប់ការនាំចេញ។ ក្រុមហ៊ុន Saudi Aramco បានបើកដំណើរការស្ថានីយ៍ប្រេងឥន្ធនៈនៅតែក្នុងប្រទេសអារ៉ាប៊ីសាអូឌីតប៉ុណ្ណោះ ប៉ុន្តែបានបើកដំណើរការស្ថានីយ៍ប្រេងឥន្ធនៈនៅកន្លែងផ្សេងទៀត ស្ថិតក្នុងរូបភាពជាការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន TotalEnergies របស់បារាំង និងក្រុមហ៊ុន S-Oil Corp របស់កូរ៉េខាងត្បូង៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner