អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំកិច្ចប្រជុំរួម រាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា លើកទី២

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំរួម រាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍ ដើម្បីសម្របសម្រួល ឱ្យមានកិច្ចសន្ទនានយោបាយ បច្ចេកទេស និងចលនាធនធាន ឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ រវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍក្នុងទិសដៅបញ្ចប់អេដស៍ ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ នាឆ្នាំ២០២៥ និងរួមគ្នាពិចារណា អំពីការធ្វើឱ្យសម្រេចនូវគោលដៅ ដែលបានឯកភាព និងធានានិរន្តភាព នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ តាមគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ រួមចំណែកក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។

ក្រុមការងាររាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍន៍ ដឹកនាំដោយឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី និងលោកស្រី Patricia Ongpin នាយិកាអង្គការ UNAIDS ប្រចាំកម្ពុជា ជាសហប្រធាន ដោយមានការចូលរួមក្នុងកិច្ចប្រជុំពីតំណាងស្ថានទូតប្រទេស ផ្តល់ជំនួយធំដល់មូលនិធិសកល (បារាំង និងជប៉ុន) សមាជិក សមាជិកា ក្រុមការងារបច្ចេកទេសឆ្លើយតបនឹង មេរោគអេដស៍ និងជំងឺអេដស៍ ដែលជាតំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័ន អង្គការជាតិ អន្តរជាតិ ព្រមទាំងតំណាងប្រជាជនគន្លឹះ និងយុវជន សរុបចំនួនជាង ៥០រូប ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ជោគជ័យក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ដោយសារយើងមានសសរស្តម្ភ ៣សំខាន់ ភាពជាម្ចាស់ ភាពជាដៃគូ និងការវិនិយោគ។ កិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា បានខកខានមួយរយៈ។ ប៉ុន្តែនៅក្នុងនីតិកាលថ្មីនេះ យើងធ្វើឱ្យមានដំណើរការឡើងវិញ ដោយបានរៀបចំ ឱ្យមានកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤កន្លងទៅ។

កិច្ចប្រជុំនេះជាវេទិកាផ្លាស់ប្តូរយោបល់ លើកឡើងពីបញ្ហាប្រឈម រាយការណ៍ពីវឌ្ឍនភាពជូនដៃគូ និងដាក់ទិសដៅ ដែលដៃគូអភិវឌ្ឍអាចផ្តល់មតិណែនាំ ក្នុងក្របខ័ណ្ឌសម្របសម្រួលថ្នាក់ជាតិ តាមគោលការណ៍គន្លឹះបី តែមួយ របស់អង្គការ UNAIDS ៖ ផែនការសកម្មភាពអេដស៍តែមួយ, ស្ថាប័នជាតិដឹកនាំ សម្របសម្រួលជាពហុវិស័យតែមួយ និងប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃរបស់ប្រទេសតែមួយ ។

នៅក្នុងដំណើរការកិច្ចប្រជុំ មានការលើកឡើងអំពីការថយចុះ នៃថវិកាជំនួយពីខាងក្រៅ និងការកើនឡើងនូវថវិកាជាតិ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។ ជាមួយនេះ ក៏មានការលើកឡើងពីកង្វល់របស់អង្គការក្រៅរដ្ឋាភិបាល អំពីបញ្ហាកិច្ចសន្យាសង្គម បណ្ណសមធម៌សម្រាប់អ្នកផ្ទុកមេរោគអេដស៍ និងការយឺតយ៉ាវក្នុងការប្រើប្រាស់ថវិកាជំនួយ ដែលអាចនឹងត្រូវបង្វែរត្រលប់ទៅវិញ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ចំពោះកិច្ចសន្យាសង្គម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនបានបិទផ្លូវទេ គឺនឹងពិនិត្យវាយតម្លៃ។ ចំណែកឯបណ្ណសមធម៌សម្រាប់អ្នកផ្ទុកមេរោគអេដស៍ បច្ចុប្បន្ន យើងគ្របដណ្តប់បាន ៤១%ហើយ ដោយគ្រោងធ្វើឱ្យបាន ១០០% នៅឆ្នាំ២០២៨ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្ថែមថា យើងស្តាប់នូវអ្វី ដែលលើកឡើង ហើយនឹងសិក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីកែលម្អចំណុចខ្វះខាត ព្រមទាំងរិះរកវិធីកែសម្រួល ៕

ប្រភព៖ អាជ្ញាធរអេដស៍
ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner